លួច​រថយន្ត​បាន​សម្រេច បើក​ទៅ​បុក​ទ្រូង​ផ្លូវ​​ចុះ​គេច​ខ្លួន​បាត់​បន្សល់​ទុក​រថយន្ត​ឲ្យ​ម្ចាស់​វិញ

ភ្នំពេញ៖ រថយន្ត​កាម​រីឆ្លាម​មួយ​គ្រឿង ត្រូវ​បាន​ក្រុម​ជន​សង្ស័យ​មាន​គ្នា​ប្រមាណ​៣​នាក់​លួច​បើក​មក​បុក​ទ្រូង​ផ្លូវ​ផ្លោល​ទៅ​បុក​បង្គោល​បន្ថែម​ទៀត បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​ទៅ​មុខ​លែង​​រួច ភ្លាមៗ​ជន​សង្ស័យ​ក៏​នាំ​គ្នា​គេច​ខ្លួន​បាត់​អស់​តែ​ម្ដង ដោយ​បន្សល់​រថយន្ត​ទុក​ឲ្យ​ម្ចាស់​វិញ ។

ដោយ​ករណី​បាត់​រថយន្ត​បាន​កើត​ឡើង​នៅ​ត្រង់​ចំណុច​មុខ​ផ្ទះ​ជន​រងគ្រោះ​ក្នុង​ភូមិ​តាព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ នៅ​វេលា​ម៉ោង​១២​រំលង​អាធ្រាត ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧ ហើយ​ក្រុម​ជន​សង្ស័យ​បាន​បើក​រថយន្ត​មក​បុក​ទ្រូង​ផ្លូវ​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ ទល់​មុខ​វត្ត​និរោតន៍ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​យប់ ថ្ងៃ/ខែ/ឆ្នាំ​ដដែល ។

បើ​តាម​សម្ដី​បុរស​ម្នាក់​ដែល​ជា​ម្ចាស់​រថយន្ត​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ រូប​គាត់​បាន​បើក​រថយន្ត​របស់​ខ្លួន​កាម​រី​ឆ្លាម ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2G​-0400 មក​ពី​កម្ម​វិធី​ផ្ទះ​មិត្ត​ភក្ត្រ័ ដោយ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បាន​ទុក​រថយន្ត​ខាង​លើ​នៅ​មុខ​ផ្ទះ មួយ​សន្ទុះ​ក្រោយ​មក​ក៏​បាន​ដើរ​ចេញ​មក​វិញ​ស្រាប់​តែ​មិន​ឃើញ​រថយន្ត​របស់​ខ្លួន ។ ភ្លាមៗ​ជន​រងគ្រោះ​ក៏​បាន​ទំនាក់​ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍​ពួន​ស្ទាក់​ចាប់​ផង​ដែរ ។

ក្រោយ​ពី​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​មូល​ដ្ឋាន​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់​តែ​លឺ​ដំណឹង​ថា មាន​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ស បើក​បុក​ទ្រូង​ផ្លូវ​នៅ​តាម​បណ្ដាល​ជាតិ​លេខ​១ ទល់​មុខ​និង​វត្ត​និរោតន៍ ក្នុង​ខណ្ឌ​ច្បារ​អំពៅ ខណះ​ពេល​នោះ​ជន​រងគ្រោះ​ក៏​បាន​មក​មើល​ដល់​កន្លែង​កើត​ហេតុ ដោយ​ឃើញ​រថយន្ត​នេះ​ផ្ទាល់ ពិត​ជា​រថយន្ត​របស់​ខ្លួន​ពិត​ប្រាកដ​មែន ។

បន្ទាប់​ក្រោយ​មក សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រគល់​រថយន្ត​ខាង​លើ​ឲ្យ​ទៅ​ម្ចាស់ ដើម្បី​យក​ទៅ​​ជួស​ជុល​ប្រើ​ប្រា​ស់វិញ ព្រោះ​សមត្ថកិច្ច​គិត​ថា រថយន្ត​របស់​ជន​រងគ្រោះ​បាន​រង​ការ​ខូច​ខាត​ខាង​មុខ​ជា​ច្រើន ហើយ​ក៏​មិន​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​ទ្រព្យ​សម្បត្តិ​សាធារណៈ​ធ្ងន់​ធ្ងរ​នោះ​ដែរ ៕