ពល​រដ្ឋ​ក្រី​ក្រ​កង្វះ​ទី​ជម្រក​ស្នាក់​ប្រា​ស្រ័យ​មួយ​គ្រួសារ ទទួល​អំណោយ​ផ្ទះ​១​ខ្នង ពី​ស្នង​ការ​នគរ​បាល​ខេត្ត​កំពត

កំពត : ដោយ​មើល​ឃើញ​នូវ​ការ​លំបាក និង​ភាព​តោក​យ៉ាក ពិសេស​កង្វះ​ខាត​ទី​ជម្រក​ស្នាក់​ប្រាស្រ័យ​សមរម្យ​ល្អ​របស់​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន លោក​ឧត្តម​សេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុរិទ្ធ ស្នង​ការ​នគរ​បាល​ខេត្ត​កំពត បាន​ផ្តល់​ផ្ទះ​ឈើ​ប្រក់​សង្ក័សី​១​ខ្នង​ជូន​ពលរដ្ឋ​ក្រី​ក្រ​១​គ្រួសារ ដោយ​បាន​ដឹក​នាំ​កម្លាំង​នគរបាល​ក្រោម​ឱ​វាទ​ចុះ​សង់​ជូន​ទាំង​ស្រុង​តែ​ម្តង កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧

លំ​នៅ​ឋាន ដែល​បាន​ផ្តល់​ជូន មាន​ទំហំ​៥ គុណ​៦​ម៉ែត្រ សង់​ឡើង​ពី​ឈើ​ប្រក់​សង្ក័សី ។ មាន​ទី​តាំង​ត្រពាំង​គ​គី ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត ។

ឧត្តម​សេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុរិទ្ធ អោយ​ដឹង​ថា ដោយ​មើល​ឃើញ​នូវ​ការ​លំបាក របស់​ស្ត្រី​ម្នាក់​ដែល​ក្រខ្សត់ ហើយ​មាន​កូន​៥​នាក់​ក្នុង​បន្ទុក ពិសេស​ទី​ជម្រក​ដែល ពិបាក​សម្រាប់​ការ​ស្នាក់​ប្រាស្រ័យ ពោល ” សម្រាក​ថ្ងៃ​ពេល​ភ្លៀង​ធ្លាក់​ទឹក​លិច​ចូល សម្រាក​យប់​មើ​ល​ឃើញ​មេឃ​មើល​ឃើញ​ផ្កាយ ” ដែល​ជា​ហេតុ​ធ្វើ​អោយ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត សម្រេច​ប្រើ​ប្រាស់​ថវិការ​ផ្ទាល់​ខ្លួន​ទិញ ឈើ និង​សង្ក័សី រួម​ទាំង​យក​កម្លាំង​នគរបាល​ខេត្ត ស្រុក និង​ប៉ុស្តិ៍ ដឹក​នាំ​ដោយ​លោក​ស្នង​ការ​ផ្ទាល់​ចុះ​មក​សាង​សង់​ជូន​រួច​រាល់ ក្នុង​រយះ​ពេល​២​ថ្ងៃ ។

លោក​ស្នង​ការ​បញ្ជាក់​ថា សុខ​ទុក្ខ​របស់​បង​ប្អូន​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន ក៏​ជា​សុខ​ទុក្ខ​របស់ សមត្ថកិច្ច​ដែន​ដី​ផង​ដែរ ព្រោះ នគរបាល​ជា​កម្លាំង ជា​កម្លាំង​ដែល​ដើរ​តួ​យ៉ាង​សម្ខាន់​ក្នុង​ការ​ថែ​រក្សា​សន្តិ​សុខ​សុវត្ថិភាព​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​គ្រប់​វិនាទី លើស​ពី​នេះ នគរបាល​ក៏​ជា​ចំណែក​មើល​ឃើញ​នូវ​ការ​រស់​ក្នុង​ជីវ​ភាព​ក្រ​ខ្សត់​លំ​បាក​របស់​ពល​រដ្ឋ ផង​ដែរ ជាក់​ស្តែង​ដូច​ជា​ពេល​នេះ ៕ ​