សមត្ថកិច្ច​បង្ក្រាប​ប្រើ​ប្រាស់​គ្រឿង​ញៀន ធ្លាយ​ដល់​មុខ​សញ្ញា​កាច.​ក​ម៉ូតូ

ភ្នំពេញ ៖ ជន​សង្ស័យ​ចំនួន​៥​នាក់ ស្រី​១​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ ស្រាវ​ជ្រាវ​បង្ក្រាប​ចាប់​ខ្លួន​បាន ដក​ហូត​បាន​ថ្នាំញៀន ឧបករណ៍​កាច់​.ក​ម៉ូតូ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​កាល​ពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​ភូមិ​ថ្ម​គោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ ។

ជន​សង្ស័យ​ទាំង​៥​នាក់ ឃាត់​ខ្លួន​បាន ទី​១ ឈ្មោះ សួន សំណាង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខ​របរ​ជា​អ្នក​ចម្រៀង​តាម​ហាង ស្នាក់​នៅ​ភូមិ​ថ្ម​គោល សង្កាត់​ចោម​ចៅ មាន​ស្រុក​កំណើត ភូមិ​កំពង់​សំណាញ់ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ទី​២ ឈ្មោះ ជា រី ភេទប្រុស អាយុ​៣០​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ ជា​ម្ចាស់​បន្ទប់ ម្ចាស់​សម្ភារៈ នៅ​ផ្ទះ​កើត​ហេតុ មាន​ស្រុក​កំណើត​ភូមិ​ប្រសាទ ឃុំ​ប្រាសាទ ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង ទី៣ ឈ្មោះ ង្វាង យាំង​វ៉ាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ជន​ជាតិ​វៀត​ណាម មុខ​របរ រើស​អេត​ចាយ ស្នាក់​នៅ​ភូមិ ថ្ម​គោល សង្កាត់​ចោម​ចៅ ទី៤ ឈ្មោះ លន់ សុភា ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខ​របរ​គ្មាន ស្រុក​កំណើត​ភូមិ វាល ឃុំ​កណ្តាល ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល​និង​​ទី៥ ឈ្មោះ ជន រិទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខ​របរ​គ្មាន ស្រុក​កំណើត​ភូមិ​រទាំង ឃុំ​ភូមិ​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ត្រូវ​ជា​ប្តី​របស់​ស្រ្តី​ឈ្មោះ លន់ សុភា ហើយ​២​នាក់​ប្តី​ប្រពន្ធ​ខាង​លើ​ទើប​មក​ស្នាក់​នៅ ភូមិ​ថ្ម​គោល សង្កាត់​ចោមចៅ បាន​២​ថ្ងៃ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ ក្រោម​បញ្ជា​ពី​លោក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍សែន​ជ័យ ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ចុះ​បង្ក្រាប​ដល់​ទី​តាំង​ខាង​លើ សង្ស័យ​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​៥​នាក់​និង​សម្ភារៈ​មួយ​ចំនួន ។

ក្រោយ​ពី​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ ៕