លួច​ម៉ូតូ​ពី​ខណ្ឌ​សែន​សុខ តាម​រក​ឃើញតាម​ប្រព័ន្ធ​GPS នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

ភ្នំពេញ ៖ ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​ត្រូវ​បាន​ជន​សង្ស័យ​ធ្វើ​សកម្មភាព​លួច​ចេញ​ពី​កន្លែង​ផ្ញើរ​នៅ​មុខ​សាលា​IU ជិះ​យក​ទៅ​បាត់​ខណៈ​ដែល​ម្ចាស់​ដាក់​ផ្ញើរ​ហើយ​ចូល​រៀន​បាត់ បង្ក​ឲ្យ​ផ្អើល​ឆោ​ឡោ​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​មុខ​សាលា​IU​តាម​ផ្លូវ​២០​១១ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ក្រោយ​ពី​បាត់​ម៉ូតូ​អស់​រយៈ​ពេល​២,​៥​ម៉ោង​ក្រោយ​ ដោយ​សារ​ម៉ូតូ​ភ្ជាប់​ប្រព័ន្ធ​GPS ម្ចាស់​តាម​ស្វែង​រក​ឃើញ​ម៉ូតូ នៅ​កន្លែង​ផ្ញើរ​ក្នុង​ផ្សារ​ឯក​រាជ្យ​១ ភូមិ​ព្រៃ​ជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ កាល​ពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ដ​ដែល​នេះ ហើយ​ឃាត់​ខ្លួន​មនុស្ស​២​នាក់ ដែល​ជា​បុគ្គលិក​ក្រុម​ហ៊ុន GPS កំពុង ដោះ​គ្រឿង បំរ៉ុង​ផ្តាច់​ប្រព័ន្ធ​ចោល ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​ចោមចៅ ។

ម៉ូតូ​ដែល​ជន​សង្ស័យ​លួច ហើយ​តាម​ស្វែង​រក​ឃើញ​វិញ ម៉ាក ហុង​ដា សេ​១២៥ សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FV-​5882 មាន​ម្ចាស់​ជា​ជន​រង​គ្រោះ ឈ្មោះ កេត ណារ៉ូត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​និស្សិត​សាលា​IU ស្នាក់​នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ មាន​ស្រុក​កំណើត​ភូមិ ព្រៃ​សាលា​ខាង​លិច ឃុំ​ទូក​មាស ស្រុក​បន្ទាយ​មាស ខេត្ត​កំពត ។

តាម​សម្តី បុរស​ឈ្មោះ កេត សគ្គរ៉ា អាយុ​៤៨​ឆ្នាំ ត្រូវ​ជា​ឪពុក​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា ម៉ូតូ​របស់​កូន​ប្រុស​គាត់ ដឹង​ថា​បាត់​ពី​កន្លែង​ផ្ញើរ​មុខ​សាលា​IU នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែ​មិថុនា​នេះ ដោយ​សារ​ម៉ូតូ​ភ្ជាប់​ប្រព័ន្ធ​GPS ក្រោយ​ពី​ដឹង​ថា​បាត់​ភ្លាម ប្តឹង​ទៅ​ក្រុម​ហ៊ុន​ឲ្យ​ជួយ​ឆែក​តាម​ដាន និង​ខ្លួន​ឯង​ផ្ទាល់​ជា​ម្ចាស់ ឆែក​តាម​ស្វែង​រក​ម៉ូតូ​ដែល​ជន​សង្ស័យ​លួច​យក​ទៅ ប្រើ​ប្រាស់​ពេល​វេលា​អស់​២​,៥​ម៉ោង ទើប​រក​ឃើញ​គោល​ដៅ ទៅ​មើល​ឃើញ​ម៉ូតូ​នៅ​កន្លែង​ទទួល​ផ្ញើរ​ក្នុង​ផ្សារ​ឯក​រាជ្យ​២ ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោម​ចៅ ហើយ​ឃើញ​បុគ្គលិក​ក្រុម​ហ៊ុន​GPS​២​នាក់ កំពុង​ឆ្កឹះ​ដោះ​គ្រឿង បំរ៉ុង​ផ្តាច់​ប្រព័ន្ធ​ចោល​ពី​ម៉ូតូ ទើប​ឃាត់​ប្រគល់​ឲ្យ​​នគរបាល សាក​សួរ​ជា​មុន​សិន ។

មនុស្ស​២​នាក់​ដែល​ម្ចាស់​ម៉ូតូ​តាម​ទាន់ កំពុង​នៅ​កន្លែង​ម៉ូតូ​ចត​ទុក​ក្រោយ កើត​ហេតុ​ទី១ ឈ្មោះ ប៉ាន់ បូរ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខ​របរ​ក្រុម​ហ៊ុន​លក់ ដាក់​GPS ស្នាក់​នៅ​ក្រុម​ហ៊ុន សង្កាត់​ផ្សារ​ដេ​ប៉ូ​៣ ខណ្ឌ​ទួល​គោក ។ ទី២ ឈ្មោះ ខៀវ ប៊ុន​ថេត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខ​របរ​ជា​មួយ​គ្នា ស្នាក់​នៅ​សង្កាត់​ផ្សារ​ដេ​ប៉ូ​៣ ខណ្ឌ​ទួល​គោក ។

តាម​សម្តី​បុរស​២​នាក់​ជា​បុគ្គលិក​ក្រុម​ហ៊ុន​GPS​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ជិះ​មក​រក​កន្លែង​ហូប​បាយ អត់​ដឹង​ថា​ម៉ូតូ​ជន​រង​គ្រោះ​នៅ​ទី​នេះ​ឡើយ ។

ក្រោយ​ពី​តាម​ស្វែង​រក​ឃើញ ម៉ូតូ​ត្រង់​ទី​តាំង​ខាង​លើ តែ​មិន​បាន​ឃើញ ឃាត់​ជន​សង្ស័យ​បាន​ឡើយ ក៏​ប៉ុន្តែ​មនុស្ស​២​នាក់ ជា​អ្នក​លក់ ដាក់ ប្រព័ន្ធ​GPS រួម​ជា​មួយ​ម៉ូតូ​ស្កុប​ពី​មួយ​គ្រឿង​ផ្សេង​ទៀត ពណ៌​ផ្កា​ឈូក​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DG-7090 នាំ​យក​ទៅ​សាក​សួរ​បឋម​នៅ​ប៉ុស្តិ៍​ចោម​ចៅ រួច​ប្រគល់​ទាំង​ម៉ូតូ​២​គ្រឿង មនុស្ស​២​នាក់​សង្ស័យ​ពាក់​ព័ន្ធ​ក្នុង​ករណី​ខាង​លើ ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជា​ម្ចាស់​ករណី ខណៈ​ដែល​ជន​រងគ្រោះ​ប្តឹង​នៅ​ទី​នោះ ដើម្បី​សាក​សួរ​ចាត់​ការ​ទៅ​តាម​នីតិ​វិធី ៕