Updeta: ស្គាល់បាន១ថ្ងៃ ជូននាងផ្ទះដូចមករកស្លាប់…

ភ្នំពេញ៖​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ​២០១៧ ដែល​មាន​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ហើយ​ត្រូវ​បាន​រថយន្ត​ហាយ​ឡែន​ឌ័រ​បើក​បុក​ពី​ក្រោយ​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង រួម​ទាំង​ខ្ទៀត​ទៅ​ប៉ះ​ស្ត្រី​ម្នាក់​ទៀត​ដែល​ជិះ​ក្បែរ​គ្នា បណ្ដាល​ឲ្យ​ដួល​រង​របួស​ស្រាល ដែល​ទី​តាំង​កើត​ហេតុ គឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ព្រែ​តា​គង់ សង្កាត់​ចាក់​អង្រែលើ ខណ្ឌ​មានជ័យ ។

បុរស​រង​គ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​មាន​ឈ្មោះ ហង់ វិសាល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​មុខ​របរ​បើក​រថយន្ត ស្នាក់​នៅ​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ជ្រោះ​ស្នា ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះ​ស្ដេច ខេត្ត​ព្រៃវែង ដែល​ជិះ​ម៉ូតូ​ម៉ាក ស្កុប​ពី ពណ៌​ផ្កា​ឈូក លាយ​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1CH-​98​56 ។ ចំណែក​ស្ត្រី​រង​គ្រោះ​របួស​ស្រាល​មិន​ស្គាល់​អត្ត​សញ្ញាណ​នោះ​ទេ ព្រោះ​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ គ្រាន់​តែ​ប្រាប់​ថា​ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ ។

បើ​តាម​សម្ដី​ស្ត្រី​រងគ្រោះ​របួស​ស្រាល​ខាង​លើ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើត​ហេតុ រូប​គាត់​និង​បុរស​រង​គ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត បាន​ចេញ​ពី​ញុំ​អី​នៅ​ម្ដុំ​បឹង​ត្របែក ហើយ​ជិះ​ម៉ូតូ​ស្កុប​ពី​ម្នាក់​មួយ​គ្រឿង ដោយ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កើត​ហេតុ​ខាង​លើ ទិស​ដៅ​ពី​ជើង​ទៅ​ត្បួង​ក្នុង​បំណង​ទៅ​ផ្ទះ​ស្ត្រី​រង​គ្រោះ​នៅ​ចាក់​អង្រែ​ក្រោម ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​ស្រាប់​តែ​មាន​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែន​ឌ័រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2V-​0997 បាន​ធ្វើ​ដំណើរ​មក​ពី​ក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​មក​បុក​ម៉ូតូ​បុរស​រង​គ្រោះ​ខាង​លើ​ដែល​ជិះ​ក្បែរ បណ្ដាល​ឲ្យ​ដួល​អូស​ជិត​១០​ម៉ែត្រ​បោក​ក្បាល​និង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ រីឯ​ម៉ូតូ​ដួល​អូស​ជាង​២០​ម៉ែត្រ រង​ការ​ខូច​ខាត​ខាង​ក្រោយ​ទាំង​ស្រ៊ុង​តែ​ម្ដង ក្នុង​នោះ​ដែរ ម៉ូតូ​បុរស​រងគ្រោះ​ក៏​បាន​ខ្ទៀត​ប៉ះ​ស្ត្រី​រង​គ្រោះ​ខាង​លើ​បណ្ដាល​ឲ្យ​ដួល​រង​របួស​ស្រាល​ថែម​ទៀត ។

ក្រោយ​កើត​ហេតុ ម្ចាស់​រថយន្ត​បង្ក​បាន​ព្យាយាម​ចុះ​គេច​ខ្លួន តែ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ បាន​ជួយ​ចាប់​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​មានជ័យ​ភ្លាម​ៗ​តែ​ម្ដង ។

បន្ទាប់​មក​សមត្ថកិច្ច​ទទួល​ផ្នែក​ចរាចរណ៍​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ បាន​ធ្វើការ​វាស់​វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​បុរស​រងគ្រោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង​ចាំ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ដោយ​ឡែក​សព​ជន​រងគ្រោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត៕