លោក ជួន សុវណ្ណ បញ្ជា​​ឲ្យ​​ប៉ូលិស​​តាម​​ចាប់​ជើង​​ខ្លាំង​​បើក​រថយន្ត​​ប៉ះ​​គេ​​ហើយ​​បាញ់​​គំរាម

ភ្នំពេញ៖ ក្រោយ​ពេល​ស្រាវជ្រាវ​ឃើញ​អត្ត សញ្ញាណ ជនល្មើស​ជា​ម្ចាស់​រថយន្ត ដែល​បើក​ប៉ះ​គេ​ហើយ ដក​កាំភ្លើង​បាញ់​គំរាម​គេ​នោះ ភ្លាម​ៗ​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច ចុះ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស ដែល​មានផ្ទះ​នៅ​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ នៅ​ម៉ោង​១២ និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​១១ មិថុនា នេះ​ ។

លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាក់​ថា ពេល​កម្លាំង​សមត្ថកិច្ច​របស់​លោក ទៅ​ដល់​ផ្ទះ​ជនល្មើស គឺ​រូបគេ​មិន​នៅផ្ទះ​ឡើយ ពោល​គឺ​បាន​គេចខ្លួន​បាត់ ។ ប៉ុន្តែ​ទោះជា​យ៉ាង​លោក​បាន​បញ្ជា​ឲ្យ កម្លាំង​នគរបាល​មាន​សមត្ថកិច្ច តាម​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន ជនល្មើស​មក​ដាក់ទោស​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន ។ លោក​ថ្លែង​យ៉ាង​ខ្លី​ថា « ទោះជា​យ៉ាងណា ខ្ញុំ​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច តាម​ចាប់ខ្លួន​ជនល្មើស បញ្ជូន​ទៅ​តុលាការ​ឲ្យ​បាន​!» ។

បើតាមមន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃម្នាក់បាន​បង្ហើបអោយដឹង​ថា ម្ចាស់​រថយន្ត​បា​ឡែ​ន ស្លាក​លេខ ភ្នំពេញ 2AM-2762 ដែល​បើក​ប៉ះ​គេ​ហើយ ដក​កាំភ្លើង​បាញ់​គំរាម គឺ​មាន​តួនាទី​ជា​នាយ​រង​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ជា​កូនប្រុស​របស់​មន្ត្រីជាន់ខ្ពស់​មួយ​រូប​ផង​ដែរ​ ។

សូម​រំលឹក​ថា មាន​ករណី​ផ្ទុះអាវុធ កើតឡើង​ដោយ​ជន​បង្ក​បើក រថយន្ដ​កៀរ​រថយន្ដ​រង​គ្រោះ ហើយ​ភាគី​រង​គ្រោះ​បាន​បើករថយន្ដ​ដេញ​តាម ពេល​នោះ ភាគី​បង្ក​បាន​បាញ់​មួយ​គ្រាប់​គំរាម​តែ​ម្ដង រួច​ក៏​គេចខ្លួន​បាត់​ស្រមោល ដែល​ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​ជិត​៦​ល្ងាច​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជិត​បុរី​ប៉េង​ហួត​បឹង​ស្នោរ ៕