លោក អេ ភូថង សុខ​ចិត្ត​ហូរ​ឈាម​លើ​សង្វៀន​យក​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ឋ​បុប្ផា

អតីត​កីឡាករ​ប្រដាល់សេរី​ល្បីឈ្មោះ​នៅ​ស្រុក​ខ្មែរ បច្ចុប្បន្ន​ជា​គ្រូបង្វឹក​កីឡាប្រដាល់​សេរី​ជម្រើសជាតិ​និង​ក្លឹ​ប​អេ​ភូ​ថង​កីឡា និង​ជា​ចៅក្រម​កីឡាប្រដាល់ គឺ​លោក អេ ភូ​ថង បាន​ដាក់ចិត្ត​កាយ​បង្ហូរឈាម​និង​កម្លាំង​ឡើង​ប្រកួត​ទោះ​ស្ថិត​ក្នុង​វ័យចាស់​ទៅ​ហើយ​ក្តី ដើម្បី​យក​ប្រាក់​តម្លៃ​ខ្លួន​ឡើង​ប្រដាល់​ប្រគល់​ជូន​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា ។

ក្រោយ​ឡើង​ប្រដាល់​និង​ឈ្នះ​កីឡាករ​ថៃ​ កាណុង ស័ក្តិ​លេក ដោយ​ពិន្ទុ​ក្រោយ​ឆ្លងកាត់​ការប្រកួត​៣​ទឹក​ពេញនៅ​សមរភូមិ​សង្វៀន​របស់​ទូរទស្សន៍ PNN កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​កន្លង​ទៅ និង​ទទួល​បាន​តម្លៃ​ខ្លួន​និង​ការ​រៃ​អង្គាស​ពី​សប្បុរសជន​មួយ​ចំនួន​បាន​៨​លាន​រៀល​នោះ​រួច​មក កីឡាករ អេ ភូ​ថង បាន​នាំ​យក​ថវិកា​៨​លាន​រៀល​នោះ ទៅ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា​នេះ ដូច​តាម​ការ​ប៉ងប្រាថ្នា​របស់​លោក ដើម្បី​ជួយ​ដល់​កុមារ​ក្រីក្រ​ជនបទ​ដែល​មាន​ជំងឺ​៕