បុរស​ម្នាក់​មាន​វិបត្ដិ​ផ្លូវ​ចិត្ដ ដាច់​ចិត្ដ ចង.ក​សម្លាប់​​ខ្លួន

ក្រុង​តាខ្មៅ​៖ បុរស​ម្នាក់​ធ្វើ​អត្ដ​ឃាតចង.ក ស្លាប់​ខ្លួន​បង្ក​ការ​ភ្ញាក់​ដល់​អ្នក​ជិត​ខាង​នាំ​គ្នា​ជួយ​សង្គ្រោះ​តែ​ជា​អកុសល​ត្រូវ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ថ្ងៃ​​ទី​​៩.៦.​​២០១៧ ម៉ោង​២០​.​៥៥​នាទី នៅ​ចំណុច​​ភូមិ​ព្រែក​សំរោង​សង្កាត់​​តាខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្ត​​កណ្ដាល​ ។

ជន​រងគ្រោះ​ឈ្មោះ ខឹម ណារ៉ា អាយុ​២៤​ឆ្នាំ មុខ​របរ បើកបរ​រថយន្ត​បច្ចុប្បន្ន​​រស់​នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​​តាខ្មៅ​ ក្រុង​​តាខ្មៅ​ ខេត្ត​កណ្ដាល ​។

បើ​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ទទួល​ដំណឹង​ថាម្តាយ​របស់​ខ្លួន​ជួប​គ្រោះ​ថ្នាក់​បណ្តាល​ឲ្យ​បាក់​ដៃ​គឺ ជន​រង​គ្រោះ​មាន​ការ​ពិ​បាក​ចិត្ត​គិត​ច្រើន​ដោយ​សារ​ខ្លួន​កំព្រា​ឪពុក ហើយ​ត្រូវ​មក​រស់​នៅ​ជា​មួយ​ប្រពន្ធ ដោយ​ឃ្លាត​ឆ្ងាយ​ពី​ម្តាយ​បង្កើត រាល់​ថ្ងៃ​ជន​រង​គ្រោះ​តែង​តែ​ផឹក​ស្រា​ហើយ​គិត​ច្រើន លុះ​មក​ដល់​ពេល​វេលា​កើត​ហេតុ​ខាង​លើ ក្រោយ​ពី​ផឹក​ស្រា​រួច​ជន​រងគ្រោះ​ក៏​បានចូល​ទៅ​ក្នុង​បន្ទប់​ហើយ​បាន​យក​ក្រម៉ា​ចង.ក​សម្លាប់​ខ្លួន​ឯង​បន្តិច​ក្រោយ​មក​ត្រូវ​បាន​សាច់​ញាតិ​បាន​ឃើញ​ហើយ​ក៏​បាន​ដឹក​ជន​រងគ្រោះ​ទៅ​មន្ទីរ​ពេទ្យ​ជ័យ​ជំនះ ​ ដើម្បី​សង្រ្គោះ​ជីវិត តែ​នៅ​ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​ជន​រងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

សមត្ថកិច្ច​ជំនាញ​បច្ចេក​ទេស​ក្រុង​តា​ខ្មៅ​ព្រម​ទាំង​អាជ្ញា​ធរ​ដែល​ពាក់​ពន្ធ័​ចុះ​ទៅ​ធ្វើ​ការ​ពិនិត្យ​សាក​សព​ខាង​លើ​គឺ​ពិត​ជា​ស្លាប់​ដោយ​សារ​ការ​ធ្វើ​អត្តឃាត​(ចង.ក) ដោយ​ខ្លួន​ឯង​ពិត​ប្រាកដ​មែន​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕