អ្នក​នាង យុគ ចិន្ដា ពិត​ជា​ធ្វើ​បានតាម​សន្យា​មែន

អ្នក​នាង យុគ ចិន្តា ដែល​ជា​ដៃគូ​អត្ថាធិប្បាយ​ជាមួយ​លោក អ៊ិត សេដ្ឋា ដែល​អ្នក​ទាំង​ពីរ​នេះ ជា​ពិធីករ​ដ៏​មាន​វោហារ​សព្ទ ស៊ី​សង្វាក់​គ្នា និង​រាប់​អាន​គ្នា​ដូច​បងប្អូន​បង្កើត។ អ្នក​នាង យុគ ចិន្តា បាន​រាប់អាន​លោក អ៊ិត សេដ្ឋា ជា​បង​ប្រុស​របស់​ខ្លួន ដែល​តែងតែ​ហៅ​ថា បងៗ ពេញ​មាត់។ «ប្អូន​នឹង​ប្រមែប្រមូល​បច្ច័យ​ទាំងអស់​ជូន​ដល់​បង» នេះ​ជា​សារ​ដែល​អ្នក​នាង​បាន​បង្ហោះ​ពី​លើក​មុន ពេល​នេះ​អ្នក​នាង​បាន​ធ្វើ​បាន​ហើយ ដើម្បី​ជួយ​ក្រុម​គ្រួសារ​លោក អ៊ិត សេដ្ឋា។ អ្នក​នាង​បាន​បង្ហោះ​សារ ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល​ខ្លួន​ថា៖

នាង​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​សោក​សង្វេគ​ពី​មរណភាព​របស់​បង​ប្រុស អ៊ិត សេដ្ឋា ថ្វី​ត្បិត​តែ​ពេល​នេះ​នាង​ខ្ញុំ​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស​ក៏ដោយ ហើយ​ស្រប​ពេល​ដែល​បង​ប្អូន​ប្រជាជន​ខ្មែរ និង​មិត្ត​សិល្បករ​ទាំងអស់​កំពុង​តែ​រួមគ្នា​ជួយ​ចាត់ចែង​កម្មវិធី​បុណ្យ​របស់​គាត់​នៅ​ឯ​ប្រទេស​កម្ពុជា នាង​ខ្ញុំ យុគ ចិន្តា ក៏​មាន​កម្មវិធី​រៃអង្គាស​បច្ច័យ​ពី​បងប្អូន​ខ្មែរ ដែល​រស់​នៅ​ឯ​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ Lowell នៃ​ទីក្រុង Massachusetts ដូច​ជា​ថ្ងៃ​ម្សិល​មិញ​ទី 06/06/2017 នាង​ខ្ញុំ​បាន​រៀប​ចំ​កម្មវិធី​បុណ្យ​លក្ខណៈ​គ្រួសារ​មួយ ដើម្បី​ប្រមូល​បច្ច័យ​យក​មក​សម្រាប់​ជួយ​ដល់​ក្រុម​គ្រួសារ​សព​លោក អ៊ិត សេដ្ឋា ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​គេហដ្ឋាន​លោក យុត្តិ​និង​ភរិយា ហើយ​នាង​ខ្ញុំ​នឹង​បន្ត​ការ​ធ្វើ​កម្មវិធី​បុណ្យ​រៃអង្គាស​បច្ច័យ​នេះ​បន្ត​ទៀត​នៅ​ថ្ងៃទី 12និង14 ខែ​មិថុនា​នេះ នៅ​រដ្ឋ Texas នៃ​ទីក្រុង Houston សហរដ្ឋ​អាមេរិក។

អាស្រ័យ​ហេតុនេះ​សូម​បងប្អូន​ខ្មែរ​ដែល​រស់​នៅ​រដ្ឋ Texas និង​បណ្តា​រដ្ឋ​ផ្សេងៗ​ទៀត ដែល​មាន​សទ្ធា​ចិត្ត​ចង់​ចូល​ជា​បច្ច័យ​ជួយ​ដល់​ក្រុម​គ្រួសារ​សព​លោក អ៊ិត សេដ្ឋា អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ 8323510241 ដើម្បី​សួរ​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​បុណ្យ​និង​ទីកន្លែង​ប្រារព្ធ​ពិធី ហើយ​បច្ច័យ​ដែល​ប្រមូល​បាន​ទាំងអស់​នាងខ្ញុំ​នឹង​យក​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ ថ្ងៃ​ទី 15/06/2017 ខាង​មុខ​នេះ​ដើម្បី​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព លោក អ៊ិត សេដ្ឋា។

សូម​គោរព​ថ្លែង​អំណរគុណ​ចំពោះ​សន្តាន​ចិត្ត​សប្បុរស​របស់​អស់​លោកអ្នក ដោយ​ក្តី​គោរព​ពី​ចំងាយ ពី​នាង​ខ្ញុំ យុគ ចិន្តា

គួរ​រំលឹក​ដែរ​ថា​អ្នកនាង យុគ ចិន្តា ពុំ​បាន​មក​ចូលរួម​កម្មវិធី​បុណ្យ​សព​លោក អ៊ិត សេដ្ឋា​ទេ ព្រោះ​ជាប់​រវល់​ការងារ​នៅ​សហរដ្ឋ​អាមេរិក។ លោក អ៊ិត សេដ្ឋា បាន​ទទួល​មរណភាព​កាល​ពី​វេលា​ម៉ោង ២​និង​៣០​នាទី ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៧ ដោយ​រោគាពាធ។