ឃើញ​ហើយ​អ្នកណា​មិន​អាណិត? ម្ចាស់​គណនី​ហ្វេសប៊ុក​ពីរនាក់ តែង​កំណាព្យ​រឿង​នេះ

ភាព​ស្រងេះស្រងោច ស្រណោះ​ស្រណោក ពេល​បាត់បង់​ឪពុក ពិត​ជា​ញាំញី​ដួង​ចិត្ត​មនុស្ស ឲ្យ​ស្វិត​ស្រពោន អស់​រយៈ​កាល​ណា​មួយ​ទៅ​តាម​កម្លាំង​នៃ​ទុក្ខ និង តាម​ការ​យក​ចិត្ត​ទុកដាក់​ថែទាំ យល់​ចិត្ត លួងលោម​ពី​ញាតិ​ដទៃ​ដែល​នៅ​រស់។ ម៉្យាង​ទៀត​ពេលវេលា​ជា​ឱសថ​ទិព្វ​មួយ​ដែរ សម្រាប់​ព្យាបាល​ដួងចិត្ត​នៃ​អ្នក​មាន​ទុក្ខ​ទាំងឡាយ។ តែ​ពេល​ថ្មីថ្មោង ទុក្ខ​គ្រប​សង្កត់​ដូច​ទូល​ភ្នំ​មួយ​ម្នាក់​ឯង។

ដូច​ករណី​កូន​ប្រុស​ទី​២​របស់​លោក អ៊ិត សេដ្ឋា ដែល​ទើបតែ​ត្រូវ​ឪពុក​ទទួល​មរណភាព​ចោល​ថ្មី​ៗ មាន​នៅ​អាល័យ​ស្រណោះ​ឪពុក​នៅ​ឡើយ គេង​ក្បែរ​រូប​ថត​ឪពុក។ នាយ ពាក់​មី បាន​តែង​កំណាព្យ​ជូន​យុវជន​រូប​នេះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួនកាល​ពី​ថ្ងៃ​ទី ៧ មិថុនា ដែល​មាន​ន័យ​ដូច​ខាង​ក្រោម៖

យប់​យន់​ស្ងាត់​ឈឹង​ប្រឹង​ជូត​ទឹកភ្នែក ពុក​អើយ​ពុក​បែក​បែក​ទាំង​អាល័យ
តើ​អោយ​រូប​កូន​រស់​សង្ឃឹម​អ្វី បើ​រូប​ពុក​ថ្លៃ​ទៅ​ចោល​កូន​ហើយ ។

ធ្លាក់​ខ្លួន​ក្រ​ខ្សត់​ព្រោះ​តែ​ជំងឺ ឪពុក​ទ្រាំ​ឈឺ​មិន​ត្អូញត្អែរ​ឡើយ
ខំ​ប្រឹង​ធ្វើការ​ដល់​ថ្ងៃ​ចុង​ក្រោយ ព្រហ្មលិខិត​អើយ​ម្តេច​ដាច់​មេត្តា។

រស់​នឹង​ជីដូន​បងប្អូន​សុទ្ធ​ស្រី ឯ​កូន​សព្វថ្ងៃ​ជើង​ក៏​ពិការ
ទឹក​ភ្នែក​ជោក​ខ្នើយ​មើល​រូប​ថត​ប៉ា តើ​មាន​អ្នក​ណា​យល់​អារម្មណ៍​នេះ។

ចំណែក​​ព្រះគុណម្ចាស់​មួយ​ព្រះអង្គ ក៏​បាន​តែង​កំណាព្យ​ថ្លែង​ពី​ក្ដី​ទុក្ខ​សោក​ជំនួស​យុវជន​រូប​នេះ ហើយ​បាន​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ព្រះអង្គ​ព្រះ​នាម Maha Den Khmer ​កាល​ពី​ថ្ងៃ​ទី​៨ មិថុនា ២០១៧ ដែល​មាន​អត្ថន័យ​ស្រដៀង​គ្នា

យប់​រាត្រី​ស្ងាត់​បាត់​លោក​ឪពុក

យប់យន់​ត្រជាក់​ធ្លាក់​ខ្យល់​ជំនោរ​ ដួងចិត្ត​ថ្ងួចថ្ងូរ​ព្រោះ​ឃ្លាត​ពុក​ថ្លៃ
ពុក​ឃ្លាត​ចាក​កូន​គ្មាន​ថ្ងៃ​វិលវៃ កូន​នឹក​ស្រមៃ​ពុក​គ្មាន​ពេល​ស្បើយ។

ពុក​ធ្លាក់​ខ្លួន​ក្រ​ព្រោះតែ​ជំងឺ​ ឪពុក​ទ្រាំ​ឈឺ​មិន​ត្អូញត្អែរ​ឡើយ
ពុក​ខំ​ធ្វើ​ការ​មិន​ដែល​កន្តើយ ឱ! មច្ចុរាជ​អើយ​ម្តេច​ផ្តាច់​សង្ខារ។

រស់​នឹង​ជីដូន​បងប្អូន​ទាំង​បី​ ខ្ញុំ​លំបាក​ក្រៃ​ព្រោះ​ជើង​ពិការ
ទឹកភ្នែក​ជោក​ខ្នើយ​មើល​រូប​ថត​ប៉ា តើ​មាន​នរណា​យល់​អារម្មណ៍​ខ្ញុំ៕