តើ​លោកតា វិចទ័រ ផ្ដាំ​ ក. នីឡា កូន​ក្រមុំ​តែ​១​គត់ថា​ម៉េច​ខ្លះ? អាន​ហើយ​រំភើប​ចិត្ត​ណាស់

កញ្ញា នីឡា ដែល​មាន​រូប​ស្រស់​សោភា ជា​តារា​កំប្លែង​ក្នុង​ក្រុម​នាយ​ពាក់មី និង​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កូន​ស្រី​បង្កើត​របស់​លោកតា វិចទ័រ ជា​អ្នក​ដឹក​រឿង​កំប្លែង ក្រុម​នាយ ពាក់មី ប្រចាំ​ទូរទស្សន៍ ស៊ីធីអិន។ ថ្មី​ៗ​នេះ លោកតា វិចទ័រ បាន​សរសេរ​សារ​ខ្លី​ពីរ​បន្តបន្ទាប់​គ្នា ក្នុង​គោលបំណង​ផ្ដាំ​កូន​ស្រី ដែល​មាន​តែ​មួយ​គត់​របស់​គាត់​តាម​ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ដូច​ខាង​ក្រោម៖

សារ​ទី​មួយ បង្ហោះ​នា​ម៉ោង​១០​និង​២​នាទី​យប់​ថ្ងៃទី ៧ មិថុនា ដែល​មាន​អត្ថន័យ​ទាំងស្រុង​ដូច​ខាងក្រោម៖

ប៉ា​ចង់​ឃើញ​កូន​ស្រី​ប៉ា​ញញឹម​គ្រប់​ពេល! បើ​មាន ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត ដោយ​ប្រការ​ណា​មួយ កូន​កុំ​តប កូន​ត្រូវ​មក​ពិគ្រោះ​ជាមួយ​ប៉ា។ មនុស្ស​យើង​គ្មាន​អ្នក​ណា​ម្នាក់​ពូកែ​គ្រប់​យ៉ាង​ទេ។ អ្វី​ដែល​ប៉ា​មាន គឹ ភាព​អត់ធ្មត់ ការ​តស៊ូ ការ​លើកលែង ការ​សន្តោស ការ​ជួយ​ទុក្ខធុរៈ​មិត្ត​ភក្ដិ ការ​ចែក​រំលែក និង​ក្តី​មេត្តា។ ប៉ា​និង​ចែក​ទ្រព្យ​របស់​ប៉ា​ទាំង​នេះ​ឲ្យ​កូន​ៗ និង​ក្មួយ​ៗ ទាំង​អស់​យក​ទៅ​ប្រើ​ប្រាស់ ពេល​ណា​កូន​ៗ​និង​ក្មួយ​ត្រូវការ…។

សារ​ទី​ពីរ បង្ហោះ​នា​ម៉ោង​៧​និង​៣៩​នាទី​ព្រឹក​ថ្ងៃទី ៨ ខែ​ឆ្នាំ​ដដែល ដែល​មាន​អត្ថន័យ​ទាំងស្រុង​ដូច​ខាងក្រោម៖

កូន​ស្រី​តែ​១​របស់​ប៉ា កូន​ត្រូវ​ចាំ​ថា​ជីវិត​មនុស្ស​គ្រប់​រូប​ទោះ​ល្អ​យ៉ាង​ណា ក៏​មិន​អាច​ជៀស​ផុត​ពី​ការ​ប្រមាថ ការ​ពេបជ្រាយ ការ​ឈ្នានីស ការ​តិះដៀល។

ប្រសិនបើ​កូន​ជួប​ក្នុង​លក្ខខ័ណ្ឌ​មួយ​ណា​ក៏​ដោយ កូន​មិន​ត្រូវ តបត​ដោយ​ការ​ប្រមាថ​ទៅ​គេ​វិញ​នោះ​ទេ កូន​ត្រូវ​អត់​ធ្មត់។

ចំណេះ​ដឹង​របស់​មនុស្ស​មិន​ដូច​គ្នា​ទេ​កូន យើង​ចេះ​១​មាន​គេ​ចេះ​២។

អាន​សារ​របស់​ប៉ា​ហើយ កុំ​ភ្លេច​ថ្ងៃ​ទី​08 ខែ​០៦ ឆ្នាំ​២០១៧​នេះ វេលា​ម៉ោង​២​គឺ​ទៅ​ចូលរួម កម្មវិធី មូលនិធិ អ៊ំ អ៊ិត សេដ្ឋា ផ្សាយផ្ទាល់​តាម CNC ដើម្បី​រក​ថវិកា​បរិច្ចាគ​ពី​បងប្អូន​សម្រាប់​ជួយ​ក្រុម​គ្រួសារ​ដ៏​កម្សត់​របស់​គាត់។

ក. នីឡា បាន​តប​សារ​របស់​ឪពុក​ជាទី​ស្រឡាញ់ ដែល​ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌​ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅ​ម៉ោង ៨ និង​៥៤​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែ​ឆ្នាំ​ដដែល ថា៖ ចាស​ប៉ា…អរគុណ​ប៉ា​ដែល​ប៉ា​យល់​ពី​ចិត្ត​របស់​កូន ?។ កូននឹង​ញញឹម​ឲ្យ​ប៉ាម៉ាក់​ឃើញ​រហូត