សម្ដេច​តេជោ ហ៊ុន សែន រាប់អាន​​លោក អ៊ិត សេដ្ឋា ដូច​ឪពុក​និង​កូន ២០​ឆ្នាំ​មក​ហើយ

រាជធានី​ភ្នំពេញ៖ រាល់​មនុស្ស​ក្នុង​លោក​តែងតែ​មាន​ការ​រាប់​អាន​គ្នា​ជា​ធម្មតា មិន​ថា​អ្នក​មាន អ្នក​ក្រ អ្នក​ធំ អ្នក​តូច មន្ត្រី​ឬ​រាស្ត្រ​ឡើយ។ សេចក្ដី​រាប់​អាន​តែង​ប្រព្រឹត្ត​ទៅ​តាម​និស្ស័យ​និង​អធ្យាស្រ័យ​របស់​មនុស្ស ផ្សេង​ៗ​គ្នា។ នៅ​ពេល​ត្រូវ និស្ស័យ ត្រូវ​អធ្យាស្រ័យ​គ្នា​ហើយ មនុស្ស​រាប់អាន​គ្នា​ពិត ភ្លេច​ពី​ឋានៈ និង​បុណ្យ​សក្ដិ​ខ្លួន​ជា​ធម្មតា។ ជាក់​ស្ដែង​សម្ដេច​តេជោ ហ៊ុន សែន ត្បិត​តែ​សម្ដេច​ជា នាយក​រដ្ឋមន្ត្រី ដែល​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ពី មន្ត្រី និង​ប្រជាពលរដ្ឋ​ជាច្រើន តែ​លោក​ក៏​មិន​រើសអើង​ឋានៈ ហើយ​បាន​រាប់អាន មន្ត្រី និង​ប្រជាពលរដ្ឋ​លោក ដោយ​ស្មើ​ៗ​គ្នា​ដែរ ពេល​រាប់អាន សម្ដេច​ក៏​ជា​រាស្ត្រ​ម្នាក់​ដែរ។

សម្ដេច​តេជោ និង សម្ដេច​កិត្តិព្រិទ្ធ​បណ្ឌិត មាន​សេចក្ដី​មេត្តា​សន្តោស​ប្រណី បាន​រាប់អាន លោក អ៊ិត សេដ្ឋា ដូច​ជា​ឪពុក​ម្ដាយ​និង​កូន។ ដោយ​ក្ដី​ស្រណោះ ស្ដាយ អាឡោះអាល័យ​ចំពោះ​លោក អ៊ិត សេដ្ឋា សម្ដេច​បាន​បង្ហោះ​សារ​ខ្លី​មួយ ដែល​បង្កប់​ដោយ មនោ​សញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​បំផុត​រវាង​សម្ដេច​ទាំង​ពីរ និង​លោក អ៊ិត សេដ្ឋា ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច នៅ​វេលា​ម៉ោង ៨​និង​៨​នាទី ថ្ងៃ​ទី ៦​មិថុនា​នេះ ដែល​មាន​អត្ថន័យ​ទាំងស្រុង​ដូច​ខាងក្រោម៖

ក្មួយ អ៊ិត សេដ្ឋា

ពេល​នេះ​រូប​កាយ​ក្មួយ​បាន​បាត់​ពី​ភព​ផែនដី​នេះ​រួច​ទៅ​ហើយ បន្សល់​ទុក តែ​ការ​ស្តាយ ស្រណោះ​ពី​មនុស្ស​ជា​ច្រើន​ដែល​បាន​រាប់អាន​ក្មួយ។

ប្រមាណ​២០​ឆ្នាំ​កន្លង​មក​នេះ ទំនាក់ទំនង​រវាង​ក្មួយ​ជាមួយ​ពូ​និង​មីង​ប្រៀប​ដូច​ឪពុក ម្តាយ​និង​កូន។ ពូ​នៅ​ចាំ​បាន​នូវ​អ្វីៗ ដែល​ក្មួយ​បាន​រៀបរាប់​តាម​លិខិត តាម​ទូរស័ព្វ​និង​ការ​ជួប​ក្មួយ​ផ្ទាល់​នៅ​ផ្ទះ​ពូ​នា​ឆ្នាំ​២០១៥។ ពូ​នៅ​ចាំ​បាន​នូវ​សំណូមពរ​ដែល​ក្មួយ​បាន​សុំ​មក​ពូ​ដើម្បី​កសាង​សាលារៀន​ដែល​ក្មួយ​ធ្លាប់​រៀន ម្តាយ​ក្មួយ​ធ្លាប់​បង្រៀន និង​កសាង​ទី​អារាម​នៅ​ភូមិ​កំណើត​របស់​ក្មួយ។

ក្មួយ​ប្រុស ពេល​ក្មួយ​កំពុង​ត្រូវ​ការ​សង្គ្រោះ និង​រហូត​ពេល​ក្មួយ​ចែកឋាន ពូ​កំពុង​ស្ថិត​ក្នុង​ពេល​វេលា​រវល់ បំផុត គឺ​ចំ​ថ្ងៃ​បោះឆ្នោត។ តែ​ទោះ​យ៉ាងណា​មីង​បាន​ធ្វើ​ទំនាក់ទំនង​ជា​ប្រចាំ​ជាមួយ លោក ហ៊ុយ វណ្ណះ ដើម្បី​បាន​ដឹង​ពី​ស្ថានភាព​របស់​ក្មួយ។/

ការ​បាត់បង់​ក្មួយ​ប្រៀប​ដូច​ជា​ការ​បាត់បង់​កូន​ប្រុស​ម្នាក់​ដែល​ពុក​និង​ម៉ែ​នឹង​រួម​ចំណែក​ជាមួយ​អ្នក​រាប់អាន​កូន​ជួយ​ចិញ្ចឹម​បីបាច់​ចៅប្រុស ស្រី ដែល​នៅ​កំព្រា​នោះ​ឡើយ។

លា​គ្នា​ពី​ឋាន​ខុសគ្នា​ដោយ​ទឹកភ្នែក​ណា​កូន​ប្រុស​ពុក៕