គួរ​ឲ្យ​អាណិត​ណាស់ ! ប្ដី​រត់​ចោល ត្រូវ​សម្រាល​កូន​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ម្នាក់​ឯង

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មករ​រោងចក្រ​កាត​ដេរ​ម្នាក់​លង់​ស្នេហ៍​បុរស​កម្មករ​សំណង់​បង់ខ្លួន​បង់ប្រាណ​រហូត​មានកូន​ជាមួយ​គ្នា​លុះ​ប្រពន្ធ​មាន​ផ្ទៃ​ពោះ៣ខែ ប្ដី​រត់​ចោល​បាត់ ទុក្ខ​ឲ្យ​នាង​ពពោះ​រហូត​ដល់​គ្រប់​ខែ ឈឺ​ពោះ ឆ្លង​ទន្លេ​កើត​កូន​ក្នុង​បន្ទប់​ជួល​ម្នាក់​ឯង បាន​ពល​រដ្ឋ​ក្បែរ​នោះ​ជួយ ទូរស័ព្ទ​ហៅ​រក​រថយន្ត​សង្រ្គោះ​៧១១ កង​ពល​តូច​លេខ​៧០ អោយ​ជួយ​សង្គ្រោះ រួច​ដឹក​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ពោធិ៍​ចិនតុង កាល​ពី​វេលា​ម៉ោង​៥​និង​៣០ នាទី​ល្ងាច​ថ្ងៃ​ទី០៥ ខែ​មិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​និយាយ​ថា នាង​រស់នៅ​តែ​ម្នាក់ឯង​ដោយ​ប្តី​ហេងស៊យ​មិន​មាន​ខាន់ស្លា​រត់​ចោល​នាង​តាំងពី​ពេល​នាង​មាន​ផ្ទៃពោះ​បាន​៣​ខែ​មក​ម្ល៉េះ​តែ​នាង​ចេះ​តែ​ទ្រាំធ្វើការ​រក​លុយ​ពពោះ​រហូត​គ្រប់​ខែ​ឆ្លងទន្លេ​ក្នុង​បន្ទប់​គ្មាន​អ្នក​ពឹងពាក់​ជួយ តែ​មាន​អ្នក​ជួល​បន្ទប់​ក្បែរ​គ្នា​ឮ​សម្លេង​ឈឺចាប់​របស់​នាង​ទើប​ដឹង​ថា នាង​សំរាល​កូន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​អ្នក​ភូមិ​រក​ឡានពេទ្យ​តែ​គ្មាន​ឡានពេទ្យ​ណា​មក​ទេ​ក្រោយមក​មាន​គេ​អ្នក​ស្គាល់​លេខ​រថយន្ត​សង្គ្រោះ​បន្ទាន់​អង្គភាព​៧១១ កងពលតូច​៧០​មក​ជួយ​សង្គ្រោះ​រៀបចំ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ដើម្បី​ឱ្យ​គ្រូពេទ្យ​សង្គ្រោះ​បន្ត​ជិ​វិត​ម្តាយ និង​កូន ។ តែ​អ្វី​ដែល​គួរ​កត់សំគាល់​នោះ​គឺ​គ្រាន់តែ​ឃើញ​រថយន្ត​របស់​អង្គភាព​៧១១​ទៅ​ដល់​ភ្លាម​ប្រជាពលរដ្ឋ​បាន​ទះដៃ​សាទរ​ស្រែក​ហូរ​សម្ដែង​ការ​អរគុណ​រំភើប​ជួស​ស្ត្រី និង​កូន​កំសត់​នេះ ។

ស្ត្រី​កំសត់​ខាងលើ​នេះ​ឈ្មោះ អ៊ុ​ន ចិន្តា អាយុ​២៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ឈើទាល ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​ស្ត្រី និង​ទារក​កំពុង​សំរាក​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ដោយ​មាន​សុខភាព​ល្អ​ប្រសើរ ៕