ប៉ាណូ ដ៏​ធំ​របស់​ក្រុម​ហ៊ុន Pepsi បាន​បាក់​សង្កត់​លើ​រថយន្ត​១​គ្រឿង​ម៉ាក​កូរ៉ូឡា ខូច​ខាត​យ៉ាង​ដំណំ

រាជធានី​ភ្នំពេញ៖ ស្លាក​ប៉ាណូ​ដ៏​ធំ​របស់​ក្រុម​ហ៊ុន Pepsi បាក់​សង្កត់​រថយន្ត​ម៉ាក​កូ​រ៉ូ​ឡា ១​គ្រឿង​ដែល​ចត​នៅ​ចិញ្ជើម​ផ្លូវ​ក្បែរ​រង​ការ​ខូច​ខាត​រថយន្ត​ស្ទើរ​ទាំង​ស្រុង និង​បាក់​បង្គោល​ភ្លើង​១​ដើម​ថែម​ទៀត​រង​ការ​ខូច​ខាត សំណាង​ល្អ​មិន​ប៉ះ​ពាល់​ដល់​មនុស្ស​រង​របួស។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​២៨៩ កែង​ផ្លូវ​៥៦៦ មុខ​សាលា​បឋម​សិក្សា​ទួល​គោក ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក ។

យោង​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល ផ្លាក​ប៉ាណូ​ក្រុម​ហ៊ុន Pepsi បាក់​ឃើញ​មាន​ខ្យល់​បក់​ខ្លាំង ហើយ​ផ្គួប​ផ្សំ និង​ផ្លាក​ប៉ា​ណូ មាន​ការ​ចាប់​ប៉ូ​ឡុង ខ្លី​ផង​នោះ ក៏​បណ្ដាល​អោយ​បាក់ សង្កត់​រថយន្ត​១​គ្រេឿង​ម៉ាក កូរ៉ូ​ឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំ​ពេញ ២​J-៧២​៩៣ បណ្ដាល​អោយ​ខូច​ខាត​ដំបូល​ខាង​លើ​ស្ទើ​ទាំង​ស្រុង និង​បណ្ដាល​អោយ​បាក់​បង្គោល​ភ្លើង​១​ដើម​ថែម​ទាំង​ទៀត ។

​សមត្ថកិច្ច​មូល​ដ្ឋាន បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ ហើយ​ក៏​បាន​សួរ​នាំ​ម្ចាស់​រថយន្ត រួច​បាន​ណែ​នាំ​អោយ​ម្ចាស់​រថយន្ត ដាក់​ពាក្យ​បណ្ដឹង​នៅ​សាលា​សង្កាត់ ដើម្បី ដោះ​ស្រាយ​គ្នា រវាង​ម្ចាស់​រថយន្ត​និង​ក្រុមហ៊ុន៕