​ប៉ូលិស​​ប៉ុស្តិ៍​​ផ្សារ​​ថ្មី​ត្រូវ កូន​លោក​​ផ្កាយ​​៣​​វាយ​បណ្ដាល​ឲ្យ​សន្លប់

មក​ទល់​នឹង​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៧​នេះ សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ដែល​សាក្សី​បាន​អះអាង​ថា កូនលោក​ផ្កាយ​៣​ម្នាក់​ដែល​សមត្ថកិច្ច​មិន​ប្រាប់​ពី​អត្តសញ្ញាណ​ឪពុក គ្រាន់តែ​ដឹង​ថា​ជន​បង្ក​ឈ្មោះ ទី​ន មាន​ទីលំនៅ​នៅ​ម្តុំ​ផ្សារ​តា​ប៉ា​ង សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ដែល​បាន​វាយ​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣​ម្នាក់​សន្លប់​នោះ ហាកបីដូចជា​ស្ងាត់ឈឹង ។

សូម​បញ្ជាក់​ថា​ករណី​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ត្រង់​ចំណុច​ម្តុំ​ផ្សារ​តា​ប៉ា​ង ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

បើ​តាម​ជន​ប​ង្បា​ន​និយាយ​ប្រាប់​ប៉ូលិស​ថា មុន​ពេល​កើតហេតុ​គាត់​កំពុង​តែ​អង្គុយ​ផឹកស្រា​ជាមួយ​អ្នក​ស្គាល់គ្នា​៣​ទៅ​៤​នាក់​រួម​ជាមួយ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​ម្នាក់​ផង លុះ​ពេល​ផឹក​ស្រវឹងស្រា​រៀង​ៗ​ខ្លួន​ក៏​និយាយ​លេង​ចុះឡើង​ធ្វើ​ឲ្យ​ខឹង​នឹង​ជន​រង​គ្រោះ​ដែល​ជាម​ន្រី្ត​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣ និយាយ​មើលងាយ​ឪពុក​របស់​គាត់​ដែល​មាន​ឋានៈ​ដល់​ទៅ​ផ្កាយ​៣​។ ពេល​ឮ​ដូច្នេះ គាត់​(​ឈ្មោះ​ទី​ន​)​ឲ្យ​មន្ត្រី​នគរបាល​រូប​នោះ​សុំ​ទោស​តែ​មិន​ព្រម​សុំ​ទោស​ទេ បែរជា​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​។

ជនបង្កប​ន្ត​ថា មួយសន្ទុះ​ក្រោយមក​ម​ន្រី្ត​នគរបាល​រូប​នោះ​ក៏​បាន​ត្រឡប់​មក​វិញ​ពាក់អាវ​ស៊ី​វិល​ហើយ​ស្ពាយ​កាំភ្លើង​AK​មួយ​ដើម​មក​ជាមួយ​ផង​។ ពេល​មក​ដល់​បាន​ឈប់​ម៉ូតូ​ដក​កាំភ្លើង​AK​ភ្ជង់​គាត់ តែ​ភ្លាម​ៗ​នោះ គាត់​មិន​ខ្លាច​ក៏​បាន​រត់​ចូល​ទៅ​ដណ្តើម​កាំភ្លើង​ហើយ​យក​ទៅ​លាក់​ទុក​នៅ​ក្រោម​ជណ្តើរ​។ បន្ទាប់​មក​គាត់​ជ្រុលដៃ​វាយ​ទៅ​លើ​ម​ន្រី្ត​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣ បណ្តាល​ឱ្យ​ដួល​សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​កើតហេតុ​។

យ៉ាងណា​បើ​តាម សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​បង្ក​បាន​រករឿង​ហើយ​វាយ​ដណ្តើម​កាំភ្លើង​AK​ពី​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ដួល​សន្លប់​រង​របួសធ្ងន់ និង​បាន​ទាញ​កូនកាំបិត​បម្រុង​ចាក់​ជន​រង​គ្រោះ​ឲ្យ​ស្លាប់​ទៀត​ផង ៕