រថយន្ត​នាយ ក្រិន តារា​សម្ដែង ចត​ស្ងៀម​​ត្រូវ​គេ​ជិះ​ម៉ូតូ​បុក​ពី​ក្រោយ​រង​របួស​ធ្ងន់

ភ្នំពេញ ៖ រថយន្ដ​នាយ ក្រិន តារា​សម្ដែង​កំប្លែង​ម្នាក់​បាន​ចត​រថយន្ដ​នៅ​មុខ​ហាង​ត្រូវ​បុរស​ម្នាក់​ស្រវឹង​ស្រា​បើក​ម៉ូតូ​មក​បុក​ពី​ក្រោយ​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ។


ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៧ មុខ​ហាង​នាយ​ក្រិន​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ឈ្មោះ ទេស សុខជន ហៅ​នាយ”ក្រិន”ត្រូវ​បាន​បុរស​ម្នាក់​ជិះ​បុក​ពី​ក្រោយ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុជន​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ស្មាស់វី ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BL​-0360​ជិះ​តាម​ផ្លូវ​២០០៤​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើត​ហេតុក៏​ជ្រុល​បុក​រថយន្ត​ដែល​ចត​ស្ងៀម​ពី​ក្រោយ​ពេញ​ទំហឹង​ធ្វើ​ឲ្យ​រង​របួស​បាក់​ធ្មេញ បែក​មុខ រង​របួស​ធ្ងន់ ។

ប្រភព​បាន​បន្ដ​ថា រថយន្ត​របស់​នាយ​ក្រិនតែង​តែ​ចត​នៅ​ទល់​មុខ​ហាង​ម្ខាង​ផ្លូវ ជា​ប្រចាំ។

ចំណែក​រថយន្ត​និង​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​នគរបាល​ចុះ​វាស់​វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង​ចាំ​ដោះ​ស្រាយ​ពេល​ក្រោយ ៕