មន្រ្តី​យោធា​ដក​កាំ​ភ្លើង​បាញ់​មេឃ​១​គ្រាប់ បំបែក​ហ្វូង​ក្រុម​ក្មេង​ស្ទាវ​ជាង​៣០​ម៉ូតូ

រាជធានី​ភ្នំពេញ៖ ក្រុម​ក្មេង​ស្ទាវ​មួយ​ហ្វូង​ប្រមាណ​៣០​ម៉ូតូ ដែល​កំពុង​ធ្វើ​សកម្មភាព​ដេញ​វៃ​កាប់​ទៅ​លើ​យុវ​ជន​២​នាក់​ដែល​ទើប​ចេញ​មក​ពី​កោះ​ពេជ្រ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ផ្ទះ តែ​មិន​ទាន់​បាន​វៃ​ផង ស្រាប់​តែ​មាន​មន្រ្តី​យោធា​ប្រុស​ស្រី​៣​នាក់​ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ដក់​កាំ​ភ្លើង​ខ្លី​បាញ់​១​គ្រាប់​ដើម្បី​បំបែក​ហ្វូង​ក្រុម​ក្មេង​ស្ទាវ​ទាំង​នោះ បណ្តាល​អោយ​យុវ​ជន​២​នាក់​នោះ​ភ័យ​ជិះ​រត់​ក៏​បាន​ជ្រុល​ចង្កូត​បុក​ជញ្ជាំង​ទ្វារ​ផ្ទះ​ប្រជា​ពលរដ្ឋ​ហើយ​បាន​រត់​យក​រួច​ខ្លួន​ទាំង​២​នាក់ ហើយ​ក្នុង​ហេតុ​ការណ៍​នោះ​ដែល​ក៏​មាន​ម៉ូតូ​ហុង​ដា​ឌ្រីម​២០១៧​មួយ​គ្រឿង​ផ្សេង​ទៀត​ដែល​ម្ចាស់​រត់​គេច​ខ្លួន​ផង​ដែរ ។

ហេតុ​ការណ៍​ដែល​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ស្ទើរ​ពេញ​មួយ​ចំហៀង​ក្រុង​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១​យប់​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​៦​ខែ​មិថុនា​ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២​៧១​ទល់​មុខ​ធនាគារ អេស៊ីលីដា ដែល​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​អោយ​ដឹង​ថា ជន​រងគ្រោះ​២​នាក់​ដែល​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ទាំង​នោះ​ដេញ​កាប់ ឈ្មោះ ជុំ តុលា អាយុ១៧ឆ្នាំ មុខ​របរ​អ្នក​លើក​ម្ហប​ក្នុង​ហាង ស្នាក់​នៅ​ភូមិ​អូ​បែក​ក្អម សង្កាត់​ទឹក​ល្អក់​២ ខណ្ឌ​ទួល​គោក ជា​អ្នក​បើក​បរ​ម៉ូតូ​ម៉ាក​NEX​ស្លាក​លេខ​ភ្នំពេញ1BZ-1339 រួម​ដំណើរ​ជា​មួយ​មិត្ត​ភ័ក្រ​ម្នាក់​ឈ្មោះ ឈុំ ហៀង អាយុ​១៧​ឆ្នាំ របរ​ជា​កូន​ជាង​មាស ស្នាក់​នៅ​ម្តុំ​ផ្សា​រP​C​សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។ រី​ឯ​ម៉ូតូ​ហុង​ដា​ឌ្រីម​ស៊េរី​២០១៧ មួយ​គ្រឿង ដែល​ស្នាម​កាប់​យក​ស្លាក​លេខ​ទៅ​បាត់ ហើយ​ម្ចាស់​ម៉ូតូ​មិន​ដឹង​ថា​ទៅ​ទីណា​ទេ។ ចំណែក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បើកបរ​ដោយ​ស្រ្តី​ម្នាក់​រួម​ដំណើរ​ជា​មួយ​បុរស​២​នាក់​ទៀត​នៅ​ក្នុង​រថយន្ត​ដែល​មាន​ម៉ាក “ធុនត្រា” គ្មាន​ស្លាក​លេខ ។

បើ​តាម​សម្តី​របស់​យុវជន​ឈ្មោះ ជុំ តុលា ដែល​សមត្ថកិច្ច​ចាត់​ទុក​ថា​ជា​ជន​រងគ្រោះ​បាន​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ខ្លួន​និង​មិត្ត​ភ័ក្រ​ឈ្មោះ ឈុំ ហៀង បាន​ធ្វើ​ដំណើរ​ជិះ​ម៉ូតូ​ម៉ាក​NEX​ខាង​លើ​ដើរ​ទៅ​លេង​នៅ​កោះពេជ្រ ហើយ​ក៏​បាន​ជិះ​ត្រលប់​មក​ផ្ទះ​នៅ​អូបែក​ក្អម តែ​ដោយ​សារ​យប់​ជ្រៅ​ពេក​មិន​ហ៊ាន​ហៅ​ទ្វា​ក៏​បាន​ត្រលប់​ទៅ​ផ្ទះ​របស់ ឈុំ ហៀង នៅ​ឯ​បឹង​ទំពុន ដោយ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ក៏​ស្រាប់​តែ​មាន​ក្រុម​ស្ទាវ​មួយ​ក្រុម​ប្រមាណ​ជាង​២០​ទៅ​៣០​ម៉ូតូ​បាន​ជិះ​ដេញ​តាម​ខ្លួន​ពី​ក្រោយ ខ្លួន​ក៏​បាន​បន្ថែម​ល្បឿន​ក្នុង​គោល​បំណង​គេច​អោយ​ផុត​ពី​ក្រុម​ទាំង​នោះ ក៏​ស្រាប់​តែ​ដល់​កើត​ហេតុ​ខាង​លើ​គឺ​រថយន្ត​ស៊រី​ទំនើប​នៅ​ពី​មុខ បើក​ស្រប់​ទិស​គ្នា​បាន​ដក​កាំ​ភ្លើង​ខ្លី​មួយ​ដើម​បាញ់​ឡើង​លើ​១​គ្រាប់​ធ្វើ​ផ្អើល​ដល់​សមត្ថកិច្ច ខ្លួន​ភ័យ​ជិះ​បុក​ជញ្ជាំង​ទ្វារ​ហើយ​រត់​គេច​ខ្លួន​បាន ពេល​សមត្ថកិច្ច​មក​ដល់​ទើប​ចេញ​បង្ហាញ​មុខ​តែ​ម្តង ។


ចំណែក​ឯ​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​ខាង​លើ​មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​អោយ​ដឹង​នោះ​ទេ​គ្រាន់​តែ​បាន​ប្រាប់​ថា គាត់​ជា​មន្រ្តី​យោធា ហើយ​គាត់​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖ មូល​ហេតុ​ដោយ​សារ​គាត់​សម្រេច​ចិត្ត​ដក​កាំភ្លើង​បាញ់​ឡើង​លើ​នោះ​គឺ ខ្លាច​ក្រែង​មាន​ករណី​មិន​ល្អ​មក​លើ​ខ្លួន ព្រោះ​ស្ថាន​ភាព​ពេល​នោះ មិន​ដឹង​ថា​ក្រុម​ក្មេង​ស្ទាវ​ទាំង​នោះ​ដេញ​តាម​អ្វី ទើប​គាត់​សម្រេច​ចិត្ត​បាញ់​ដើម្បី​បំបែក​ហ្វូង​ក្មេង​ផង​ទាំង​នោះ ។

ក្រោយ​ពេល​បន្ទុក​សម្លេង​គ្រាប់​កាំភ្លើង​១​គ្រាប់​រួច សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ហើយ​បាន​ឃាត់​រថយន្ត​របស់​មន្រ្តី​យោធា និង​ម៉ូតូ​២​គ្រឿង នាំ​ទៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ ដើម្បី​ធ្វើ​ការ​សាក​សួរ​បន្ថែម៕