ទប់​ទឹក​ភ្នែក​មិន​បាន! យុគ ចិន្តា “ប្អូន​ស្ដាយ​ណាស់​ដែល​មិន​បាន​ចូលរួម​ជូន​ដំណើរ​បង​ជា​ចុងក្រោយ”

សហរដ្ឋ​អាមេរិក៖ ជា​ធម្មតា​ការ​បាត់បង់​សាច់ញាតិ មិត្តភក្ដិ ជាទី​ស្រឡាញ់ តែងតែ​មាន​ការ​នឹក​រលឹក ស្រណោះ ស្ដាយ ក្រៀមក្រំ យំ​សោក កន្ទក់កន្ទេញ ក្នុង​ចិត្ត​សៅហ្មង​មិន​ល្ហែ​ឡើយ ជា​ពិសេស​ការ​បាត់បង់​រហូត​ដោយ​គ្មាន​ថ្ងៃ​ជួប​វិញ គឺ​បន្សល់​ទុក​នៅ​តែ​រូប​ថត អនុស្សាវរីយ៍ និង​អំពើ​ល្អ​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​នៅ​រស់​បំភ្លេច​មិន​បាន។ ជាក់​ស្ដែង មរណភាព​របស់​លោក អ៊ិត សេដ្ឋា ដែល​ជា​ពិធីករ​ជើង​ចាស់​ដ៏​ល្បី​ក្នុង​ស្ថានីយ​ទូរទស្សន៍ ស៊ីធីអ៊ិន បាន​ធ្វើ​ឲ្យ​មហាជន​មាន​សេចក្ដី​សោកស្ដាយ​ជា​ខ្លាំង ជា​ពិសេស​មិត្ត​រួម​អាជីព​ទាំងឡាយ ដែល​ធ្លាប់​តែ​គាំទ្រ​លោក និង​ធ្លាប់​ធ្វើការ​ជាមួយ​លោក។

ជា​មិត​រួម​អាជីព​មាន​សេចក្ដី​សោកសង្រេង ស្រណោះស្រណោក ទៅ​ហើយ ចុះ​ចំណង់បើ​អ្នក​នាង យុគ ចិន្តា ដែល​ជា​ដៃគូ​អត្ថាធិប្បាយ​ដ៏​ជិតស្និទ្ធ និង​ស៊ីសង្វាក់​គ្នា​នោះ ថែមទាំង​ស្រឡាញ់​រាប់​អាន​គ្នា ដូច​បងប្អូន​បង្កើត​ផង តែ​សូម្បី​តែ​បុណ្យ​សព​ក៏​មិន​បាន​ចូលរួម និង​មិន​បាន​ចូលរួម​ជូន​​ដំណើរ​ចុងក្រោយ​ទៀត​ផង​នោះ តើ​អ្នក​នាង​សោកស្ដាយ​យ៉ាង​ណា​ទៅ?

ខាង​ក្រោម​នេះ​ជា​សារ​ដែល​អ្នក​នាង យុគ ចិន្តា បាន​បង្ហោះ​ក្នុង​គណនីហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅ​វេលា​ម៉ោង ៥​និង​០២​នាទី ថ្ងៃទី ៥​មិថុនា នេះ ព្រម​ដោយ​រូប​ថត​បូជា​សព​លោក អ៊ិត សេដ្ឋា គឺ​នៅ​ខណៈ​ដែល​ភ្លើង​ផ្សែង​កំពុង​ហួងហែង​រូប​កាយ​លោក សេដ្ឋា​ឲ្យ​រលាយ​បាត់​ស្រមោល​ពី​ផែន​ដី​ទៅ។ អ្នកនាង​បាន​ថ្លែង​ពី​សេចក្ដី​សោកស្ដាយ មិនបាន​ចូល​រួម​ជូន​ដំណើរ​លោក សេដ្ឋា ជា​ចុង​ក្រោយ ដែល​អ្នក​នាង​តែង​ហៅ​ថា “បង​ៗ” ពេញ​មាត់​នោះ។

ប្អូន​ស្ដាយ​ណាស់ ដែល​មិន​បាន​មក​ចូលរួម​ជូន​ដំណើរ “បង” មុន​ដង្ហើម​ចុង​ក្រោយ ស្តាយ​ណាស់​​ដែល​មិន​មាន​ឱកាស​ជួប​មុខ “បង” ជា​ចុងក្រោយ រួម​ការងារ​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ បង​ជា​ដៃគូ​ការងារ​ដ៏​ល្អ​បំផុត ជា​បងប្រុស​ដ៏​ល្អ​ម្នាក់ ដែល​មិន​រួញរា​នឹង​ការងារ អត់ធ្មត់​គ្រប់​បែប​យ៉ាង សែន​មហា​សោកស្ដាយ​ដែល​បង​ចាក​ចោល​ប្អូន​ដោយ​មិន​មាន​ពាក្យ​លា អារម្មណ៍​ប្អូន​នៅ​ឆ្ងាយ តែ​ការ​នឹក​រលឹក​ពី​អនុស្សាវរីយ៍​ការងារ​ល្អៗ​ជា​ច្រើន​ដែល​ពួក​យើង​បាន​ធ្វើ​ជាមួយ​គ្នា​កន្លង​មក ពេល​នេះ​បង​លា​ចាក​លោក​ហើយ។

ពេល​នេះ​ប្អូន​កំពុង​តែ​ស្នាក់​នៅ​រដ្ឋ​ម៉ាសាយូសេត ទី​ក្រុង​ឡូវែល ដើម្បី​អង្គាស​ថវិកា​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​បង ហើយ​៣​ថ្ងៃ​ទៀត​ប្អូន​នឹង​បន្ត​ស្នាក់​នៅ​រដ្ឋ​តិចសាស់ ចំនួន​១​សប្ដាហ៍ ប្អូន​នឹង​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ ប្អូន​នឹង​ប្រមែប្រមូល​បច្ច័យ​ទាំងអស់ ជូន​ដល់​បង សូម​លោក​អ្នក​មេត្តា​បរិច្ចាគ​ថវិកា​តាម​រយៈ​ទូរស័ព្ទ​របស់​ម្តាយ​ខ្ញុំ​នៅ​សហរដ្ឋ​អាមេរិក តាម​រយៈ​លេខ 8323510241 លា​ហើយ​បង​ប្រុស​ជា​ទី​ស្រលាញ់ លា​ហើយ​ដៃគូ​ដ៏​កម្សត់​កម្រ លា​ដោយ​គ្មាន​ថ្ងៃ​វិល​ត្រលប់​វិញ។

…….សូម​ដួង​វិញ្ញាណក្ខន្ធ​បងប្រុស​បាន​ទៅ​សោយ​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ ……