ដើរ​មិន​ប្រយ័ត្ន ត្រូវ​រថយន្ដ​បុក​បណ្ដាល​ឲ្យ ស្លាប់​ភ្លាម​ៗ

ស្រុកអង្គស្នួល៖ រថយន្ដ​មួយ​គ្រឿង​បុក​អ្នក​ដើរ​បណ្ដាល​ឲ្យ​ស្លាប់​កាល​ពី​វេលា​ម៉ោង​២៣:​៥០​នាទី​ថ្ងៃ​ទី​០៤.​០៦.​២០១៧​ចំណុច​មុខ​ភូមិ​ត្រពាំង​ស្វាយ​ឃុំ​ក្រាំង​ម្កាក់​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្ដាល ផ្លូវ​ជាតិ​លេខ​០៤ ចន្លោះ​​គីឡ​​ម៉ែត្រ​២៣​.២៤​បណ្ដាល​ឲ្យ​អ្នក​ថ្មើរ​ជើង​ស្លាប់​ ។ ជន​រងគ្រោះ​មិន​មាន​អ្នក​ស្គាល់​អត្ដសញ្ញាណ​នៅ​ឡើយ​ទេ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ខែ​ឆ្នាំ​និង​វេលា​ម៉ោង​កើត​ហេតុ​ខាង​លើ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក តូ​យូ​តា LUCIDAពណ៌​សំបក​ឪឡឹក​ពាក់​ផ្លាក​លេខ​ភ្នំពេញ 2G 6693 អ្នក​បើក​បរ​ឈ្មោះ ឈួន ឧត្ដម ភេទ ប្រុស អាយុ ២៦ឆ្នាំ ទីលំ​នៅ​ភូមិ ចំការ​ដូង សង្កាត់​ច្បារ​មន ក្រុង​ច្បារ​មន ខេត្ត​កំពង់​ស្ពឺ (ឃាត់ខ្លួន)​បាន​បើក​ពី​ទិស​ខាង​លិច​ទៅ​កើត (កំពង់​សោម​ទៅ​ភ្នំពេញ) លុះ​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​រថយន្ត​បាន​បុក អ្នក​ថ្មើរ​ជើង​ម្នាក់ (ភេទ​ប្រុស)​បណ្ដាល​អោយ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ ។

ក្រោយ​កើត​ហេតុ​រថយន្ដ​បង្ក​មិន​បាន​ឈប់​នៅ​នឹង កន្លែង​កើត​ហេតុ​នោះ​ទេ បាន​បើក​គេច រហូត​ដល់​សង្កាត់​ភ្លើង​ឆេះ​រទេះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​សមត្ថកិច្ច ​សង្កាត់​ភ្លើង​ឆេះ​រទេះ ឃាត់​រថយន្ត​បានទាំង​តៃ​កុង​ឡាន ។

ក្រោយ​ពេល​កើត​ហេតុ​ជំនាញ​បាន​យកសម្ភារៈ​មធ្យោបាយ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី​ច្បាប់ ៕