ប្រាប់​ប្រពន្ធ​ថា ចេះ​តែ​ឈឺ​ក្បាល​៣​ថ្ងៃ​ក្រោយ ប្រទះ​ឃើញ​នៅ​ក្រោល​គោ

ស្រុកស្អាង៖ បុរស​ម្នាក់​ប្រាប់​ប្រពន្ធ​ចេះ​តែ​ឈឺ​ក្បាល​មិន​បាត់​សោះ​ស្រាប់​តែ​៣​ថ្ងៃ​ក្រោយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង.ក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​កូន​តែ​ម្ដង ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​០៤:​៣០​នាទី​ថ្ងៃ​ទី​០៤​ខែមិថុនាឆ្នាំ២០១៧ នៅ​ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ងែត ចំរើន អាយុ​៤៧​ឆ្នាំ មុខ​របរ កសិករ​ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ ។

បើ​តាម​ប្រភព​ពី​ប្រពន្ធ​ជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៤.​០៦​.២០១៧​ឈ្មោះ​ងែត ចំរើន និង ​ឈ្មោះ​ឆេង សុខគាង ជា ប្រពន្ធ​បាន​ឡើង​ដេក​លើ​ផ្ទះ​ជា​មួយ​គ្នា​រហូត​ដល់​វេលា​ម៉ោង​០៤​និង​៣០​នាទី ជិត​ភ្លឺ​ទើប​ប្រពន្ធ​ ចុះ​មក​ក្រោម​ផ្ទះ​ក៏​ឃើញ​ប្តី ចង​.ក​ស្លាប់​ជា​មួយ​ធ្នឹម​រោង​គោ ទើប​ស្រែក​ឆោ​ឡោ​អោយ​អ្នក​ជិត​ខាង​ជួយ តែ​ជន​រងគ្រោះ​បាន​ស្លា​ប់​ហើយ ។

បន្ទាប់​ពី​ជំនាញ​នគរបាល​ស្រុក​និង​ប៉ុស្តិ៍​ពិនិត្យ​សព​រួច​ឃើញ​ថា​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ចង.ក​ពិត​ប្រាកដ​មែន​និង​បាន​ប្រគល់​សព​ជន​រងគ្រោះ​អោយ​ទៅ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។

គួរ​បញ្ជាក់​មុន​ពេល​កើត​ហេតុ​២-៣ថ្ងៃ ជន​រង​គ្រោះ​ចេះ​តែ​ថ្ងូរ​ប្រាប់​ប្រពន្ធ​ថា​ខ្លួន​ចេះ​តែ​ឈឺ​ក្បាល​និង​ពិបាក​ចិត្ត​រឿង​ឈឺ​មើល​មិន​​ជា ៕