គាត់​ប្រឹង​ស្រវេស្រវា​រត់​គេចឲ្យ​ផុត​​ហើយ តែ​គួរឲ្យ​ស្ដាយ​…

រាជធានី​ភ្នំពេញ៖ បុរស​២​នាក់​ទើប​មក​ពី​ដើរ​លេង​នៅ​កោះ​ពេជ្រហើយ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះជួល​នៅ​បែកចាន តែ​ជា​អកុសល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត សាំយ៉ុង ពណ៌ស បុក​និង​កិន​ពីក្រោយ​ស្លាប់​ភ្លាមៗ ម្នាក់​និង​ម្នាក់​ទៀត​របួស​ស្រាល ក្រោយ​មក​ដោយមាន​ការ​ប្រកាស​តាម​វិទ្យុ​ទាក់ទង​ទើប​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​ជួយ​ឃាត់​រថយន្ត​បង្ក​បាន​ភ្លាមៗ​ផងដែរ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​នៅ​វេលា​ម៉ោង​២២​និង៤០​នាទី​យប់ ថ្ងៃទី ០៤ មិថុនា ២០១៧ តាម​បណ្តោយ​ផ្លូវ​ជាតិ​៤ ចំណុច​មុខ​​វត្ត​កំបូល ស្ថិត​ក្នុង​ភូមិ​អូរដឹម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

ជន​រងគ្រោះ​ខាង​លើ​បើ​មើល​តាម​អត្ត​សញ្ញាណ​បណ្ណ ឃើញ​នៅ​ក្នុងកា​បូប និង​តាម​សម្តី​របស់​មិត្តភក្តិ​ជិះ​ជាមួយ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ ឈ្មោះ សុត រតនា មាន​ស្រុក​កំណើត នៅ​ភូមិ​ពពាយ ឃុំក្រាំង​ម្នាក់ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ។ ជិះ​ម៉ូតូ​ម៉ាក Zoomer.X ពណ៌​ក្រហម​លាយ​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FP-9363 ជិះ​គ្នា​២​នាក់ ។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្ត​បង្ក​ម៉ាក សាំយ៉ុង ពណ៌​លឿង​មិន​ចាំ​ស្លាក​លេខ បើកតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន ចំណែក​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក Zoomer .X ពណ៌ក្រហម​លាយ​ស ជិះ​ស្រប​ទិស​គ្នា ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បង្ក​បុក​ពី​ក្រោយ​ម៉ូតូ​រងគ្រោះ បណ្តាល​ឲ្យ​បុរស​រង​គ្រោះ ​របួស​ស្រាល ប៉ើង​ទៅ​ចិញ្ចើម​ផ្លូវ​និង​ជន​រងគ្រោះ​សព ប៉ើងទៅ​លើ​ថ្នល់ ហើយ​ម៉ូតូ​នៅ​ជាប់​ក្រោម​កាង​រថយន្ត រថយន្ត​បានព្យាយាម​បើក​រត់ ក៏​អូស​ម៉ូតូ​ជាប់ រហូត​របូត ស្រប​គ្នា​នោះ​បុរស​ដែលរងគ្រោះ បាន​ព្យាយាម​ស្រវា​រត់​គេច តែ​គួរ​ឲ្យ​សោកស្តាយ​រថយន្ត​បង្ក​បាន​បុក​បន្ថែម​និង​កិន​បណ្តាលឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​តែម្តង ក្រោយមក​បើ​តាម​ប្រភព​ព័ត៌មាន​មិន​ច្បាស់​ការណ៍​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់បាន​ រួមទាំង​អ្នកបើកបរផង។​

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​មូលដ្ធាន និង​ជំនាញ​ចរាចណ៍​ក្រុង វាស់វែង​និង​ធ្វើ​កំណត់ហេតុ​សាច់​រឿង​នាំ​រថយន្ត​បង្ក​ពី​ស្រុក​អង្គស្នួល និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​ការិយាល័យ​ចរាចរណ៍​ក្រុង នៃស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕