ចេញ​មក​ពី​រាំ​ធុង​បាស ត្រូវ​គេលបកាប់

ស្រុក​ខ្សាច់​កណ្តាល​៖ ​បុរស​ម្នាក់​ត្រូវ​បាន​ជន​សង្ស័យ​ម្នាក់​លួច​កាប់​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២៣.​៣០​នាទី​យប់​ថ្ងៃ​ទី​០៣​ខែ​មិថុនា​ឆ្នាំ​២០១៧​ចំណុច​ភូមិ​ពុក​ឫស្សី​កណ្ដាល​ឃុំ​ពុកឫស្សី ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្តាល។

ជន​រង​គ្រោះ​ឈ្មោះ ហេង កុសល់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​មុខ​របរ កសិករ​មាន​ទីលំ​នៅ​ភូមិ​ពុក​ឫស្សី​លើ​ឃុំ​ពុក​ឫស្សី​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្តាល ។ ចំណែកជន​សង្ស័យ​១​នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​ទេ​ត្រូវ​រត់​បាត់​ស្រមោល ។
យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ជន​រងគ្រោះ​បាន​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្អូន​នៅ​ភូមិ​ពុក​ឫស្សី​កណ្ដាល​ឃុំ​ពុក​ឬស្សី​មាន​រាំធុង​ហើយ​ជន​រងគ្រោះ​បាន​ចូល​រាំ​លេង​ដល់​ម៉ោង​២៣.០០នាទី​ពិធី​រាំ​ចប់​ជន​រងគ្រោះ​បាន​ដើរ​មក​ផ្ទះ​ម្នាក់​ឯង​ដើរ​មក​ដល់​មុខ​ផ្ទះឈ្មោះ ឡុង សុភា ស្រាប់​តែ​មាន​ជន​មិន​មុខ​លប​កាប់​បណ្តាល​ឲ្យ​រង​របួស​ហើយ​បាន​ប្រឹង​រត់​មក​ដល់​ផ្ទះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ​ភ្នំពេញ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ​តាម​ចាប់​ជន​សង្ស័យ​ខាង​លើ ៕