ជួយ Share! ប្រវត្តិ​ការងារ​សង្ខេប របស់​លោក អ៊ិត សេដ្ឋា មុន​លោក មរណភាព

ក្រោយ​ពី​ជំងឺ​ធ្វើ​ទុក្ខ​ខ្លាំង លោក អ៊ិត សេដ្ឋា ត្រូវ​បាន​ជួយ​ខ្នះខ្នែង និង​ជ្រោមជ្រែង​ដោយ​បងប្អូន នាយ ពាក់មី និង​លោក ហេង ឡុង រួម​ទាំង​សិល្បករ​ជា​ច្រើន​ទៀត​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រុស្ស៊ី ដើម្បី​សង្គ្រោះ​បន្ទាន់​នៅ​ម៉ោង ១១​និង ២៧​នាទី នា​ថ្ងៃ​ទី ៤​មិថុនា ២០១៧។ ជា​អកុសល ក្រុម​គ្រូ​ពេទ្យ​មិន​អាច​ជួយ​គាត់​បាន លោក ក៏​បាន​លាចាក​លោក នៅ​វេលា​ម៉ោង ២​និង​៣០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល។

សព​លោក ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​ទុក​រយៈ​ពេល ៧​ថ្ងៃ និង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្ត ឧត្តរា​វត្តី ដែល​ស្ថិត​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ។

ដំណឹង​យប់មិញ​សូម​លើក​យក​ប្រវត្តិ​ការងារ​ជា​សង្ខេប​របស់​លោក អ៊ិត សេដ្ឋា កាល​លោក​នៅ​មាន​ជីវិត។ បើ​តាម​ការ​ផ្ដល់​សម្ភាសន៍​ឲ្យ​វទ្យុ​បារាំង​ផ្សាយ​ជា​ភាសា​ខ្មែរ (RFI) កាល​ដែល​លោក​មិន​ទាន់​ធ្លាក់​ខ្លួន​ឈឺ បាន​ឲ្យ​ដឹង​ថា

លោក អ៊ិត សេដ្ឋា កើត​នៅ​ឆ្នាំ​១៩៧០ នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។ លោក​មាន​ឪពុក​ឈ្មោះ អ៊ិ​ត ប្រង ម្តាយ​ឈ្មោះ យាន សំ​អឿ​ន ។ លោក អ៊ិត សេដ្ឋា ជា​កុមារ​នៅ​ក្នុង​របប​ប៉ុលពត ក្នុង​ពេល​នោះ​ប្អូនៗ​លោក​២​នាក់​បាន​បាត់បង់​ជីវិត ។

ក្រោយ​រំដោះ ៧​មក​រា ​ឆ្នាំ​១៩៧៩ លោក​បាន​ចូល​រៀន នៅ​សាលារៀន​វត្ត​ដំរី​ស ខេត្តបាត់ដំបង រហូត​ដល់​ឆ្នាំ​១៩៨៧ លោក​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ជំរុំ​ខាវ​អ៊ី​ដាង ក្នុង​ទឹកដី​ថៃ បន្ត​រៀនសូត្រ​ភាសាបរទេស និង​ជំនាញ​ថតរូប ​កាត់ត​វីដេអូ នៅ​ក្រុង​បាងកក ប្រទេស​ថៃ ក្នុង​ឆ្នាំ​១៩៩០ ។ ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ លោក អ៊ិត សេដ្ឋា បាន​ធ្វើ​មាតុភូមិនិវត្តន៍ ជាមួយ​ប្រជាជន​ភៀសខ្លួន​ឯទៀត បាន​ចូល​បម្រើ​ការងារ​ទូរទស្សន៍​អាយប៊ីស៊ី (IBC) ។

ក្រោយមក​នៅ​ឆ្នាំ​១៩៩៤ បាន​ប្ដូរ​ទៅ​ជា​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ។ នៅ​ឆ្នាំ​២០០១ លោក​បាន​ទៅ​ធ្វើការ​ឲ្យ​ទូរទស្សន៍​ខ្សែកាប​មួយ នៅ​អាម​រិ​ក និង​បាន​ត្រឡប់​មក​កម្ពុជា​វិញ ឆ្នាំ​២០០៩ ហើយ​បាន​ចូល​បម្រើ​ការងារ​ទូរទស្សន៍​ស៊ី​ធី​អិន រហូត​ដល់​សព្វថ្ងៃ៕