នាយ ក្រូច និង ក. នីឡា ព្រួត​គ្នា​ទម្លាយ​រឿង​លោក អ៊ិត សេដ្ឋា ខណៈ​រង់ចាំ​ទទួល​សព

រាជធានី​ភ្នំពេញ៖ កញ្ញា នីឡា តារា​កំប្លែង​ក្នុង​ក្រុម​នាយ ពាក់​មី និង​ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​កូន​របស់​លោក​តា វិចទ័រ បាន​ផ្ដល់​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា ពេល​នាង​បាន​ជួប​លោក អ៊ិត សេដ្ឋា ម្ដង​ៗ នាង​តែងតែ​បាន​សួរ​សុខ​ទុក្ខ​លោក ថា អ៊ំ​យ៉ាង​ម៉េច​ហើយ អ៊ំ​បាន​ធូរ​នៅ។ លោក អ៊ិត សេដ្ឋា ញញឹម​ហើយ​ឆ្លើយ​តប​វិញ​ថា អត់​អី​ទេ​ក្មួយ ហើយ​យក​ដៃ​អង្អែល​ក្បាល​នី​ឡា​ថ្នម​ៗ។ នាង​បាន​បន្ត​ថា “ដូច​គាត់​លាក់​បាំង​យ៉ាង​ម៉េច​មិន​ដឹង ឲ្យ​តែ​យើង​សួរ​អី”។ នាង​បាន​បញ្ជាក់​ថា គាត់​ជា​មនុស្ស​ល្អ ហើយ​ខ្ញុំ​ស្រឡាញ់​គាត់​ដូច​អ៊ំ​ខ្ញុំ​អញ្ចឹង។

ចំណែក​នាយ​ក្រូច ដែល​ស្ថិត​នៅ​ក្នុង​វត្ត ឧត្តរាវត្តី ដែល​ជា​អ្នក​ដុតដៃដុតជើង ខ្នះខ្នែង​ក្នុង​ការ​ជួយ តាំង​ពី​លោ រង់​ចាំ​ទទួល​សព​លោក អ៊ិត សេដ្ឋា ដែល​នឹង​ដឹក​មក​ពី​មន្ទីរ​ពេទ្យ​រុស្ស៊ី​នោះ បាន​និយាយ​ទាំង​អួល​ដើម​ក​ថា នាយ​រន្ធត់ នៅ​ថ្ងៃ​ទី ២ មិថុនា គឺ​លោក អ៊ិត សេដ្ឋា ពឹង​នាយ​ឲ្យ​ជូន​ទៅ​ផ្ទះ ព្រោះ​លោក​មាន​អាការៈ​រងា​ខ្លាំង តែ​នាយ​ក៏​ចង់​ជូន​លោក ពី CTN ទៅ​មន្ទីរ​ពេទ្យ តែ​លោក​សុំ​ឲ្យ​ជូន​នាយ​ទៅ​ផ្ទះ​វិញ​ហើយ​ថា ឲ្យ​តែ​មាន​អ្នក​ណា​ច្របាច់​ជើង​ឲ្យ​លោក លោក​ជា​វិញ​ហើយ។ នាយ​ក្រូច​បន្ត​ថា ពេល​ដល់​ផ្ទះ នាយ​ឃើញ​សភាព​លោក សេដ្ឋា ហាក់​ធ្ងន់ ចុះ​ពី​ឡាន​មិន​រួច នាយ ក៏​សុំ​គ្រា តែ​ត្រូវ​លោក​បដិសេធ ហើយ លោក អ៊ិត សេដ្ឋា បាន​លើក​ដៃ​បន់​ថា “សូម​ឲ្យ​ទៅ​ដល់​ផ្ទះ​មាន​អ្នក​ណា​ម្នាក់​ចាំ​ជួយ​ច្របាច់​ជើង​ខ្ញុំ​មក”។ នាយ​ក្រូច បញ្ជាក់​ថា “ខ្ញុំ​អាណិត​គាត់”។ លុះ​ព្រឹក​ឡើង នាយ បាន​ឃើញ វីដេអូ​ដែល​នាយ​ពាក់មី​បាន​ឡាយ ពេល​បញ្ជូន​លោក សេដ្ឋា​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ក្រោយ​មក​ក៏​ស្លាប់​តែ​ម្ដង។

គួរ​បញ្ជាក់​ថា នាយ ក្រូច រួម​ទាំង ក្រុមការងារ នាយ ពាក់​មី បាន​នាំ​គ្នា​ដុតដៃដុតជើង លោក អ៊ិត សេដ្ឋា ក្នុងការ​ជូន​ទៅ​ពេទ្យ និង ក្នុង​កម្មវិធី​បុណ្យ​ផង។

គួរ​បញ្ជាក់​ដែរ​ថា បើ​តាម​ព័ត៌មាន​ពី​កន្លែង​តម្កល់​សព គឺ​សព​លោក អ៊ិត សេដ្ឋា ត្រូវ​តម្កល់​ទុក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​រយៈ​ពេល​៧​ថ្ងៃ នៅ​វត្ត​ឧត្តរា​វត្តី ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។