មនុស្ស​ប្រមាណ​៣៨​នាក់​ពុល​អាហារ​​ បញ្ជូន​ទៅ​កាន់​មន្ទីរពទ្យ​ស្រុក​មោង​ឬស្សី​ពេល​ចូល​រួម​ហែ​ក្បួន​ឃោសនា

ខេត្ត​បាត់ដំបង​៖​អាជ្ញាធរ​និង​ក្រុម​គ្រូពេទ្យ​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ខែ​មិថុនា​ថា​កាល​ពី​វេលា​រសៀល​ថ្ងៃ​ទី​២​ខែ​មិថុនា​ឆ្នាំ​២០១៧​ត្រូវ​ថ្ងៃ​បញ្ចប់​ការ​ឃោសនា​កុមារ​និង​មនុស្ស​ចាស់​បាន​ពុល​អាហារ​ធ្ងន់​និង​ស្រាល​ចំនួន​៣៨​នាក់ ការ​សន្និដ្ឋាន​បឋម​ថា​ដោយ​បាន​ហូប​បាយ​ដែល​ចែក​មក​ពី​ហែ​គណ​បក្ស​ប្រជាជន​កម្ពុជា ។

យោង​តាម​មន្ត្រី​ជំនាញ​កង​រាជ​អាវុធ​ហត្ថ​មូល​ដ្ឋាន​បាន​អោយ​ដឹង​ថា កុមារ​និង​មនុស្ស​ធំ​ពេញ​វ័យ​សរុប​ចំនួន​៣៨​នាក់​រស់​នៅ​ក្នុង​ភូមិ​ជើង​ទិញ​និង​ភូមិ​ឆាយ​បាលង្គ័ ក្នុង​ឃុំ​ធិបតី ស្រុង​មោង​ឬស្សី ខេត្តបាត់ដំបង​បាន​ពុល​អាហារ​ក្រោយ​ពី​បាន​ហូប​បាយ​សាច់​ជ្រូក​ចៀន​ដែល​ក្រុម​ការងារ​បាន​ចែក​ពេល​ត្រឡប់​មក​ពី​ហែរ​គណ​បក្ស​វិញ ក្នុង​នោះ​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​យក​របប​បាយ​កញ្ចប់​នេះ​ដោយ​ផ្ទាល់​និង​មួយ​ចំនួន​ទៀត​បាន​យក​ទៅ​ផ្ញើរ​កូន​និង​ចៅ​ហូប​នៅ​ឯ​ផ្ទះ​ទើប​បណ្តាល​ពុល​ដល់​កុមារ​ថែម​ទៀត​រហូត​ចំនួន​១០​នាក់ ។

ហេតុ​ការណ៍​ខាង​លើ​បាន​កើត​ឡើង​នៅ​ចន្លោះ​ម៉ោង​ប្រហែល​២​និង​០០​នាទី​រសៀល​ដល់​អំឡុង​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧​ក្នុង​ចំណុច​ភូមិ​ជើង​ទិញ​និង​ភូមិ​ឆាយ​បាលង្គ័ ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ។

ប្រភព​ព័ត៌មាន​បញ្ជក់​ថា បាយ​សាច់​ជ្រូក​ចៀន​ខាង​លើ​បាន​ចំ​អិន​ដោយ​គ្រួសារ​លោក​ជាល វៃ ជា​មេ​ភូមិ​ជើង​ទិញ ។​

បច្ចុប្បន្ន​ជន​រងគ្រោះ​ទាំង​៣៨​នាក់​ក្នុង​នោះ​មាន​ស្រ្តី​ចំនួន​៤​នាក់​និង​កុមារ​ចំនួន​១០​នាក់​ផង​ដែរ​កំពុង​សម្រាក​ព្យាបាល​បាល​ជម្ងឺ​នៅ​មន្ទីរ​បង្អែក​ស្រុក​មោង​ឬស្សី ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​ស្រាវ​ជ្រាវ​បន្ថែម​ដើម្បី​អោយ​បាន​ដឹង​ពី​ប្រភព​ច្បាស់​កាស់​នៃ​ការ​ពុល​នេះ ៕