បែក​ថ្នាំ​ដល់​កម្រិត រត់​ឡើង​ដំបូល​ផ្ទះ​ពលរដ្ឋ បង្ក​ការ​ភ្ញាក់​ផ្អើល​សមត្ថកិច្ច​ចុះ​ឃាត់​ខ្លួន

រាជធានី​ភ្នំពេញ : បុរស​បែក​ថ្នាំ​ម្នាក់ ទំនង​ទើប​សេព​ថ្នាំញៀន​រួច វង្វេង​ស្មារតី រត់​ឡើង​លើ​ដំបូល​ផ្ទះ​បង​ប្អូន​ប្រជា​ពលរដ្ឋ ចំណុច​ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ កាល​ពី​វេលា​ម៉ោង១៣ និង០០នាទី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ២០១៧ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​នាំ​ខ្លួន​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរ​បាល​មូល​ដ្ឋាន​ដើម្បី​សាក​សួរ​នាំ ។

បុរស​ខាង​លើ​មាន​ឈ្មោះ សុខ មោគ អាយុ​២៩​ឆ្នាំមុខរបរ និង​ទី​លំ​នៅ​មិន​ពិត​ប្រាកដ មាន​ស្រុក​កំណើត នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។

ប្រភព​ព័ត៌មាន​ពី​ប្រជា​ពល​រដ្ឋ​បញ្ជាក់​ថា នៅ​វេលា​ខាង​លើ​គេ​សង្គេត​ឃើញ​បុរស​បែក​ថ្នាំ​ខាង​លើ មិន​ថា​មក​ពី​ណា បាន​រត់​មក​ឡើង​លើ​ដំបូល​ផ្ទះ​ពល​រដ្ឋ ដែល​មាន​កម្ពស់​ជាង​៥​ម៉ែត្រ ទាំង​សភាព​ភ័យ​ស្លន់​ស្លោរ និង​បែក​ឈើ​ស​ជោគ​ខ្លួន រួម​ទាំង​ស្រែក​ហៅ​អោយ​គេ​ឯង​ជួយ ។ភ្លាម​ប្រជា​ពល​រដ្ឋនាំ​គ្នា​ចោម​រោម​មើល ពិសេស​ម្ចាស់​ផ្ទះ​បាន​ស្រែក​ប្រាប់​អោយ​រូប​គេ​ចុះ​មក​ខាង​ក្រោម​វិញ ដើម្បី​និយាយ​គ្នា តែ​គេ​មិន​ព្រម​ចុះ​ឡើយ ទើប​ប្រជា​ពលរដ្ឋ​រាយ​ការណ៍​ជូន សមត្ថកិច្ច​អោយ​ចុះ​អន្តរាគមន៍​ដល់​ទី​តាំង​ខាង​លើ ។ ពេល​ឃើញ សមត្ថ​កិច្ច​ទៅ​ដល់ ជន​បែក​ថ្នាំ​រូប​នោះ ក៏​បាន​ចុះ​ពី​ដំបូល​ផ្ទះ​ពល​រដ្ឋ​តាម​សម្រួល ហើយ​ឡើង​ជិះ​ម៉ូតូ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​មូល​ដ្ឋាន​ជា​មួយ សមត្ថ​កិច្ច​តាម​សម្រួល ។

ចំពោះ​មុខ សមត្ថ​កិច្ច​រូប​គេ​បាន​ឆ្លើយ​សារ​ភាព​ថា មូល​ហេតុ​ដែល​ខ្លួន​រត់​ឡើង​លើ​ផ្ទះ​ពល​រដ្ឋ គឺ​ដោយ​សារ​មាន​មនុស្ស​មួយ​ក្រុម​ធំ ប្រដាប់​ដោយ​ដំបង បាន​ជិះ​ម៉ូតូ​ដេញ​ខ្លួន​តាំង​ពី​ចំណុច​ផ្សារ​នាគ​មាស រហូត​មក​ដល់​ចំណុច​ខាង​លើ អស់​ផ្លូវ​រត់​ទើប​ខ្លួន​សម្រេច​ឡើង​លើ​ផ្ទះ​ពលរដ្ឋ ដើម្បី​គេច​ផុត​ពី​ការ​ដេញ​វាយ ។ ដោយ​ឡែក​ប្រភព​ពី​ប្រជា​ពលរដ្ឋ​វិញ អះ​អាង​ថា មិន​មាន​ឃើញ​នណារ​ដេញ​វាយ​រូប​គេ​ឡើយ គឺ​ឃើញ​តែ​គេ​ម្នាក់​ឯង​រត់​ឡើង​តែ​ម្នាក់ ។

យ៉ាង​ណា​មិញ​បច្ចុប្បន្ន​រូប​គេ​ត្រូវ​ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មានជ័យ ក្រោយ​សមត្ថកិច្ច​ពិនិត្យ​ឃើញ​មាន​សារ​ធាតុ​ញៀន​ក្នុង​ខ្លួន ៕