ប្រវត្តិ​សាស្ត្រ​ប្រាសាទ​ព្រះវិហារ

ប្រាសាទ​ព្រះវិហារ គឺជា​ប្រាសាទខ្មែរ នៅ​លើ​ពយ​តា​ឌី នៅ​ជាប់​ច្រាំង​ថ្ម​កម្ពស់​៥២៥ ម៉ែត្រ នៃ​ភ្នំ​ដងរែក  ក្នុង​ខេត្ត​ព្រះវិហារ នៃ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ ប្រាសាទ​នេះ បាន​ផ្តល់​ឈ្មោះ​ដល់​ខេត្ត​ព្រះវិហារ និង​មាន​ចម្ងាយ​១៤០​គ.ម ពី​ប្រាសាទ​អង្គរវត្ត និង​ប្រហែល ៣២០​គ.ម​ពី​ទីក្រុង​ភ្នំពេញ ។

ប្រាសាទ​ព្រះវិហារ មាន​ទី​តាំង​ស្ថិត​នៅ ភូមិ​ស្វាយជ្រុំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត នៅ​លើ​ជួរ​ភ្នំ​ដង​រ៉ែក (ភ្នំ​ព្រះ​វិហារ) ជាប់​ព្រំ​ប្រទល់ ប្រទេស​ថៃ​មាន​ចំងាយ​១០៨គ.ម ពី​ទី​រួម​ខេត្ត​ព្រះវិហារ (ស្រុក​ត្បែង​មាន​ជ័យ) តាម​ផ្លូវ​លេខ ២១១ ។

ខេត្ត​ព្រះវិហារ បាន​បង្កើត​ឡើង នៅ​ក្នុង​ឆ្នាំ ១៩៦៤ ដោយ​កាត់​ដី​ពី ខេត្ត​ស្ទឹងត្រែង កំពង់ធំ និង សៀមរាប។ ខេត្ត​នេះ​គឺ​នៅ​ភាគ​ខាង​ជើង នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ជា​ខ្ពង់​រាប​ដែល​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ ភ្នំ និង ស្ទឹង ដងអូរ។

ប្រាសាទ​ព្រះវិហារ មាន​ទីតាំង​ដ៏​អស្ចារ្យ​បំផុត ក្នុងចំណោម​ប្រាសាទ​ដែល​បាន​សាងសង់​ក្នុង​សម័យ​អាណាចក្រ​ខ្មែរ នៃ​សតវត្ស​ទី​៦​។ ប្រាសាទ​នេះ មាន​នូវ​វិហារ​ជា​ច្រើន ត​ភ្ជាប់​ដោយ​ប្រព័ន្ធ​កម្រាល​ថ្ម និង​ជណ្ដើរ​មាន​ប្រវែង​ប្រហែល ៨០០​ម៉ែត្រ និង​ត្រូវ​បាន​សាងសង់​ឲ្យ​មើល​ឃើញ​នូវ​ទេសភាព​ដែល​នៅ​ជុំវិញ​នោះ​បាន​យ៉ាង​ច្បាស់ ។

ប្រាសាទ​នេះ​ត្រូវ​បាន​ឧទ្ទិស​ដល់​ព្រះ​សិវៈ គឺ​មាន​ភាព​ខុស​ប្លែក​ពី​ប្រាសាទ​ដទៃ ក្នុង​ចំណោម​ប្រាសាទខ្មែរ ដែល បាន​សាងសង់ តាម​បណ្តោយ​អ័ក្ស​ជើង​ត្បូង ជា​ជាង​មាន​រាង​ជា​ចតុកោណកែង ឆ្ពោះ​ទៅ​ខាងកើត​។ ប៉ុន្តែ​ទោះបីជា​ប្រាសាទ​នេះ មាន​ភាព​ខុសប្លែក​គ្នា​ច្រើន​ពី​ប្រាសាទ​ភ្នំ ដែល​បាន​រកឃើញ​នៅ​អង្គរ គេ​ជឿ​ថា​ប្រាសាទ​ទាំងនេះ​ត្រូវ​បាន​សាងសង់​ឡើង តំណាង​ឲ្យ ភ្នំ​ព្រះ​សុ​មេរុ ដែល​ជា​ទីលំនៅ​របស់​អាទិទេព ៕