ក្រោយ​ស្លាប់​ស្ដ្រី​ម្នាក់​និង​មាន​កម្មករ​ការិនី​៣០​នាក់​សន្លប់​បាន​២​ថ្ងៃ​ក៏​កម្មករ​ការិនី​ដួល​សន្លប់​៤០​នាក់​ទៀត

ភ្នំពេញ៖កម្មការិនី​ដែល​បម្រើ​ការងារ​នៅ​រោង​ចក្រ​កាត់​ដេរ​សំលៀក​បំពាក់ យីហោ” អាកាស សិតហ្គាមេន”ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង សួន​ឧស្សាហ​កម្ម​វឌ្ឍនៈ​២​ភូមិ​ទឹក​ថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​បន្ត​ដួល​សន្លប់​៤០​នាក់​ទៀត ខណៈ​កំពុង​ធ្វើ​ការងារ កាល​ពី​វេលា​ម៉ោង​៨​និង​៤០​ព្រឹក ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០​១៧ ។

យោង​តាម​សាក្សី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​កម្មករ​កម្មការិនី ចំនួន១៧៧៧​នាក់ នៅ​ក្នុង​រោង ចក្រ​នោះ​បាន​ចូល​ទៅ​ធ្វើ​ការ​ជា​ធម្មតា ហើយ​ក្រោយ​មក​ខណៈ​ពេល​កំពុង​តែ​ធ្វើ​ការ​សុខៗ ស្រាប់​តែ​មាន​អ្នក​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​គ្នា​រដូក​រណែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ហើយ​នៅ​ពេល​នោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯក​ជន ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេ​រទេះ ខណ្ឌ​ពោធិ៍​សែនជ័យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាមៗ។

ចំណែក​កម្មករ​កម្មការិនី​ដែល​អត់​ដួល​សន្លប់​បាន​រត់​ចេញ​ពី​រោង​ចក្រ​ក្នុង​ស្ថាន​ភាព​ភិត​ភ័យ​ហើយ​បាន​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀងៗ​ខ្លួន​ហើយ​រោង​ចក្រ​បាន​បិទ​ទ្វារ​ជា​បណ្ដោះ​អាសន្ន ថ្ងៃ​នោះ​ផង​ដែរ ។

ហើយ​ការ​ដួល​នោះ​សង្ស័យ​បណ្ដាល​មក​ពី​អារម្មណ៍​ភិត​ភ័យ កាល​ពី​៣​ថ្ងៃ​មុន​ដែល​នៅ​ក្នុង រោង​ចក្រ​នោះ​មាន​កម្មករ​កម្មការិនី​ម្នាក់​ដួល​ស្លាប់ នៅ​បន្ទប់​ទឹក​ហើយ​ខណៈ​នោះ​ក៏​មាន​កម្មការិនី​ជិត​៣០​នាក់ ផ្សេង​ទៀត​ដួល​សន្លប់​ដែរ ។

គួរ​បញ្ជាក់​ថា កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៣១​ខែ​ឧសភា​ឆ្នាំ​២០១៧​កន្លង​មក​នេះ​នៅ​ក្នុង​រោង​ចក្រ​ខាង​លើ​មាន​កម្មការិនី​ម្នាក់​ឈ្មោះខាត់ សាម៉ើ អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ មាន​ទី​លំ​នៅ​ក្នុង​ភូមិរលួស ឃុំដើមឫស្ស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ស្ដ្រី​ដែល​ស្លាប់​មាន​ជម្ងឺ​លើស​ឈាម​ហើយ​បាន​ដួល​សន្លប់​នៅ​បន្ទប់​ទឹក​នៅ​ក្នុង​រោង​ចក្រ​បន្ទាប់​មក​បាន​ស្លាប់​បាត់​បង់​ជីវិត ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​ពាក់​កណ្ដាល​ផ្លូវ​ហើយ​ដំណឹង​នោះ​បាន​ដឹង​ដល់​កម្មករ​ដែល​កំពុង​បម្រើ​ការងារ ធ្វើ​ឲ្យ​មាន​ការ​ភិតភ័យ ក៏​បាន​ដួល​សន្លប់ ជា​បន្ត​បន្ទាប់​ជិត​៣០​នាក់ ។

ពេល​នោះ​រោង​ចក្រ​បាន​បិទ​ទ្វារ​បណ្ដោះ​អាសន្ន រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា​នេះ​ទើប​ចូល​ធ្វើការ​ជា​ថ្មី​ហើយ​បាន​ដួល​សន្លប់​ជា​លើក​ទី​២​ទៀត​បែប​នេះ​តែ​ម្ដង ៕