អស់​លក្ខណ​ហើយ! លួច​ម៉ូតូ​បាន​៥០០​ម៉ែត្រ​ត្រូវ​ជាប់​ខ្នោះ

រាជធានី​ភ្នំពេញ៖ជន​សង្ស័យ​២នាក់​បាន​ធ្វើ​សកម្មភាព​លួច​​ម៉ូតូ​បាន​សម្រេច ​តែ​រត់​បាន​តែ​៥០០​ម៉ែត្រ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​ស្ទឹងមានជ័យ​ចាប់​វាយ​ខ្នោះ​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២០​និង​០០​នាទីយប់​ថ្ងៃ​ទី​០១​ខែ​មិថុនា​ឆ្នាំ​២០១៧​ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ចំណុច​ផ្ទះ​លេខ​១៥៥​ផ្លូវ​លំ​ក្រុម​ទី​៣​ភូមិ​ភ្នាត​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រងគ្រោះ​មាន​ឈ្មោះ​សម អង្គារ៉ា អាយុ ១៧​ឆ្នាំ​មុខ​របរ​សិស្ស​ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ​ខាង​លើ ។
ជន​សង្ស័យ​មាន​ឈ្មោះ​រាជ សៀវហ្វុង អាយុ​២២​ឆ្នាំ​មុខ​របរ​មិន​ពិត​ប្រាកដ​ស្នាក់​នៅ​ផ្ទះ​លេខ​៥២​ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ។

បើ​តាម​ការ​រៀប​ពី​ជន​រង​គ្រោះ​បាន​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ជន​រងគ្រោះ​បាន​ត្រឡប់​មក​ពី​រៀន ហើយ​ទុក​ម៉ូតូ​ម៉ា​C​១២៥​ពណ៌​ខ្មៅ​ផ្លាក​លេខ​ភ្នំពេញ​១FU-៣៤៣៤ ហើយ​ខ្លួន​បាន​អង្គុយ​លេង​មុខ​ផ្ទះ​ជួយ​លក់​ចាប់​ហ៊ួយ​ឲ្យ​ម្តាយ ស្រាប់​តែ​មាន​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ស៊ុយ​សាគី​ស្តេប ពណ៌​ខ្មៅ​លាយ​ស ផ្លាក​លេខ​ភ្នំពេញ​១H-១៤០៨​មក​ឈប់​ចម្ងាយ​២០​ម៉ែត្រ​ពី​ផ្ទះ​កើត​ហេតុ​ខាង​លើ ហើយ​ជន​សង្ស័យ​ម្នាក់​បាន​ដើរ​ចូល​មក​ទិញ​ទឹក​តែ​អូឈីក១​ដប រួច​និង​ទិញ​បារី ម៉ៃសាវែន មួយ​ពាន់​បន្ទាប់​មក​ជន​រងគ្រោះ​បាន​ដើរ​ចូល​ក្នុង​យក​បារី​ឲ្យ ស្រាប់​តែ​យក​បារី​មក ជន​សង្ស័យ​បាន លួច​យក​សោ​ម៉ូតូ ជន​រងគ្រោះ​ដែល​ទុក​លើ​ទូរ ជិះ​រត់​គេច​ខ្លួន តែ​ត្រូវ​ជន​រងគ្រោះ និង​ប្រជា​ពលរដ្ឋ​ស្រែក​ឆោឡោ និង​ដេញ​តាម​ក្រោយ ពេល​នោះ​បាន​ជួប​និង​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​កំពុង​ល្បាត​ក៏​ដេញ​តាម​រហូត​ជន​សង្ស័យ​បាន​ផ្តួល​ម៉ូតូ​ជន​រងគ្រោះ​រត់​គេច​ខ្លួន​បាត់​ស្រមោល​ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ ឃាត់​ខ្លួន​បាន​បក្ខ​ពួក​ម្នាក់​និង​ម៉ូតូ​ស្តេត១​គ្រឿង​និង​យក​ម៉ូតូ​ជន​រងគ្រោះ​យក​មក​ធ្វើការ​សាក​សួរ​តែ​ម្តង ។

លោក ឯម ភារី នាយរង​ប៉ុស្តិ៍​ស្ទឹងមានជ័យ​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន «ដំណឹងយប់មិញ»ថា​លោក​បាន​ដឹក​នាំ​កម្លាំង ចុះ​ល្បាត​នៅ​ក្នុង​ភូមិ​សាស្រ្ដ ពេល​នោះ​មាន​ប្រជា​ពលរដ្ឋ​បាន​ស្រែក​ចោរៗ​ទើប កម្លាំង​ចុះ​ទៅ​អន្តរាគមន៍​ភ្លាមៗ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​និង​ជន​រងគ្រោះ​មក​សាក​សួរ​នៅ​ប៉ុស្ដិ៍​ស្ទឹងមានជ័យ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន ខណ្ឌ​មាន​ជ័យ​ចាត់​ការ​បន្ត ៕