នាយ ហុងដា “អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​គឺ​អំពើ​ល្អ​របស់​អូន ផ្សង​ជួប​រយ​លាន​ជាតិ​បើ​មាន​ពិត”

រូប​ថត​ប៉ុន្មាន​សន្លឹក​នេះ ហុច​ន័យ​ថា នាយ ហុង​ដា នៅ​អាឡោះអាល័យ​ភរិយា​សំណព្វ​ចិត្ត​ខ្លាំង​ណាស់ មិន​ទាន​រំសាយ​សូម្បី​តែ​បន្តិចបន្តួច។ នោះ​ក៏​ព្រោះ​តែ​លោក​ឲ្យ​តម្លៃ​អំពើ​ល្អ ដែល​ភរិយា​លោក បាន​ធ្វើ​ចំពោះ​លោក។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​កាល​ពី​សប្ដាហ៍​មុន លោក​បាន​និយាយ​ថា ភរិយា​លោក ជា​ស្រី​គ្រប់​លក្ខណ៍។ លោក​តែងតែ​យំ នៅ​ពេល​លោក​នៅ​ម្នាក់​ឯង ទោះ​ពេល​ជិះ​ម៉ូតូ​តាម​ដង​ផ្លូវ​ក៏ដោយ តែ​ពេល​លោក​ប្រកប​កិច្ចការ​ផ្សេង​ៗ ឬ​ជួប​ជុំ​ជាមួយ​អ្នក​ដទៃ មិន​អី​ទេ។ លោក​បន្ត​ថា លោក​មាន​អារម្មណ៍​ថា ព្រលឹង​ភរិយា​លោក​ហាក់​តាម​គាត់​ជានិច្ច។

កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៩ ឧសភា ២០១៧ លោក​បាន​បង្ហោះ​រូប​​​ភរិយា​លោក​​កាល​នៅ​រស់ កំពុង​ចង​ខ្សែ​ស្បែក​ជើង​ឲ្យ​ប្ដី ហើយ​បាន​សរសេរ​ថា “អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​នៅ​ក្នុង​បេះដូង​បង គឺ​អំពើ​ល្អ​របស់​អូន ផ្សង​ជួប​រយ​លាន​ជាតិ​បើ​មាន​ពិត។”

លុះ​មក​ដល់​ថ្ងៃ​ទី ៣១ ឧសភា ២០១៧ លោក​បាន​បង្ហោះ​រូប ពីរ​សន្លឹក រូប​មួយ ជា​រូប​ថត​ដែល​មាន​រូប​របស់​លោក​និង​ភរិយា​កាល​នៅ​រស់ និង​រូប​មួយ​ទៀត ជា​រូប​នៅ​កន្លែង​ដដែល តែ​គ្មាន​ភរិយា​លោក​ទេ។

គួរ​រំលឹក​ដែរ​ថា ភរិយា​របស់​នាយ ហុងដា ឈ្មោះ ស៊ឹម ចន្ធី អាយុ​១៩​ឆ្នាំ ត្រូវ​កូន​ប្រុស​នាយ ហុង​ដា ស្រវឹង​ថ្នាំញៀន យក​ខ្សែ​ឆ្នាំង​អ៊ុត​រឹត​ក​សម្លាប់​ប្លន់​យក​គ្រឿង​អលង្ការ និង​ទ្រព្យ​សម្បត្តិ​កាល ក្នុង​បន្ទប់​គ្មាន​លេខ អគារ​ខុន​ដូ ជាន់​ទី​៥ ស្ថិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ម៉ោង​១១​និង​៤១​នាទី ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៧​នេះ៕