​​ក្រសួង​សាធារណការ​ចេញ​លិខិត​ឲ្យ​ឧកញ៉ា​ទាហាន​ផ្កាយ​៣​ វាយ​កម្ទេច​របាំង​ថ្ម​ចោល?

ភ្នំពេញ ៖ របាំង​ជញ្ជាំង​ថ្ម​យ៉ាង​រឹង​មាំ​នៅ​អម​សងខាង​ផ្លូវ​កៅស៊ូ​ស្ពាន​ព្រែក​សំរោង ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ ដែល​ជា​សមិទ្ធផល​អំណោយ​ពី​ប្រទេស​ចិន ជួយ​មក​ប្រទេស​កម្ពុជា​នោះ នា​ពេល​ថ្មី​ៗ​នេះ​ត្រូវ​បាន​ឯកឧត្ដម​ឧកញ៉ា អោ​ក សៀង ជា​ទាហាន​ពាក់​ផ្កាយ​៣ បាន​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​កម្ទេច​ចោល​រាប​ដល់​ដី ទោះបី​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​ទៅ​ហាមឃាត់​២ យ៉ាងណា​ក៏​មិន​ព្រម​ស្ដាប់​ឡើយ ។

ប្រភព​ពី​លោក លីវ វណ្ណ​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី បានឱ្យ​ដឹង​ថា មន្ត្រី​យោធា​រូប​នេះ​មិនដឹង​ជា​អាង​អី​នោះ​ទេ មិន​ត្រឹម​វាយ​បំផ្លាញ​របាំង​ថ្ម​ការពារ​ថ្នល់​កៅស៊ូ​នៅ​អម​សងខាង​ស្ពាន​ព្រែក​សំរោង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដាក់​គ្រឿងចក្រ​កាប់​កាយ​បំផ្លាញ ផ្លូវ​កៅស៊ូ​លេខ​១១០ ដាក់​លូ​បង្ហូរទឹក​ចូល​ទន្លេបាសាក់​ថែម​ទៀត​ផង ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៣០ ឧសភា នេះ​មិន​ទាន់​មាន​សកម្មភាព​ទៅ​វ៉ៃ​របាំង​ថ្ម​ចោល​ទៀត​នោះ​ទេ ។

លោក​ចៅសង្កាត់​ព្រែក​ថ្មី​បាន​និយាយ​ទៀត​ថា នៅ​ពេល​ទាហាន​ផ្កាយ​៣ ដាក់​គ្រឿងចក្រ​វ៉ៃ​របាំង​ថ្ម​ការពារ​ផ្លូវ​កៅស៊ូ​នៅ​អម​សងខាង​ស្ពាន​ព្រែក​សំរោង​នេះ គឺ​អាជ្ញាធរ​សង្កាត់​បាន​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​៣​ទៅ​៤​ដង​មក​ហើយ តែ​លោក​ឧកញ៉ា​ទាហាន​នោះ មិន​ស្ដាប់​សោះឡើយ ដោយ​និយាយ​ថា ខាង​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ និង​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ រួម​និង​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូន បាន​ចេញ​លិខិត អោយ​វ៉ៃ​របាំង​ថ្ម​នេះ​ចោល ដើម្បី​រៀប​ការ៉ូឡា​វិញ ។

ពាក់ព័ន្ធ​ចំពោះ​ករណី​នេះ លោក​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ឧសភា នេះ​ថា រឿង​ខាងលើ​នេះ រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ និង​សង្កាត់​ព្រែក​ថ្មី បាន​ទៅ​ហាមឃាត់​ចំនួន​២​ដង​មក​ហើយ តែ​លោក​ឧត្តមសេនីយ៍ឯក​ទាហាន​ពាក់​ផ្កាយ​៣​ម្នាក់​នោះ​មិន​ស្ដាប់​ទេ ។ ដោយ​សំអាង​ថា មាន​លិខិតអនុញ្ញាត​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​ចុះហត្ថលេខា​ដោយ​លោក លឹ​ម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​ឲ្យ​គាត់​ឈូស​ចោល​របាំង​ថ្ម​ខាងលើ​នេះ ។

ចំណែកឯ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ក្រុងភ្នំពេញ បាន​ថ្លែង​ថា លោក​អត់​ដឹង​ទេ ដោយ​ការងារ​ខាងលើ​នេះ គ្រប់គ្រង​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ទៅ​វិញ​ទេ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ រស់ សុ​ភ័​ក្រ បាន​ឲ្យ​ដឹង​ថា រឿង​ខាងលើ​នេះ ចំពោះ​ករណី​ឧកញ៉ា​ទាហាន​ផ្កាយ​៣ បាន​វ៉ៃ​បំផ្លាញ​របាំង​ថ្ម​នោះ ខាង​ខណ្ឌ​ចុះ​ទៅ​ហាមឃាត់​ហើយ តែ​មិន​ទាន់​ដឹង​ថា មាន​វិធានការ​យ៉ាងណា​នោះ​ទេ ចំពោះ​រឿង​នេះ ព្រោះ​អី​ខាង​ក្រសួង​ចេញ​លិខិត​នៅ​ក្នុង​រឿងមួយ​​នេះ ។

ទោះជា​យ៉ាងណាអ្នក​យក​ព័ត៌មាន “ដំណឹងយប់មិញ”​នៅ​មិន​ទាន់​បាន​សុំ​ការ​បំភ្លឺ​ពី​លោក​ឧកញ៉ា​ អោ​ក សៀង ជាទាហាន​ផ្កាយ​៣ និង​ខាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​នៅឡើយ​ទេ បើ​ទោះបីជា​តែ​លោក​ផ្កាយ​៣​មាន​លិខិត​មួយ​ច្បាប់​ដែល​ចេញ​ដោយ​លោក​រដ្ឋលេខាធិការ ក្រសួង​សាធារណការ ឲ្យ​គាត់​វាយ​ក៏​ដោយ​ចុះ តែ​ប្រជាពលរដ្ឋ​រង់ចាំ​មើល​មើល​ថា តើ​ថ្នាក់លើ​ចាត់វិធានការ​យ៉ាងណា​ចំពោះ​រឿង​មួយ​នេះ ព្រោះ​អី ​មហាជន​ទូទៅ​ពេល​ឃើញ​ឧកញ៉ា​ទាហាន​ផ្កាយ​៣​ គាត់​វាយ​បំផ្លាញ​សមិទ្ធផល ដែល​ជា​អំណោយ​ពី​ប្រទេស​ចិន​នេះ គឺ​ពួក​គាត់​មានការ​សោកស្ដាយ​ណាស់ ហើយ​ម្យ៉ាងទៀត បើ​ប្រទេស​ម្ចាស់​ជំនួយ​គាត់​បានឃើញ​វិញ​នោះ មិនដឹង​ជា​ស្ដាយស្រណោះ​យ៉ាងណា​នោះ​ទេ ៕