រថយន្ត​តាក់​សុី​បើក​លឿន​ទៅ​បុក​ម៉ូតូ​រុឺ​ម៉ក ក្រឡាប់​ផ្ងារ​ជើង​យ៉ាង​ច្រង៉ាង សំណាង​ល្អ​មិន​បណ្ដាល​ឲ្យ​រ​បួស

ភ្នំពេញ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​តាក់​សុី​ខ្មែរ បើកបរ​មិន​គោរព​ភ្លើង​ស្ដុប ក៏​បាន​បើក​ទៅ​បុក​ម៉ូតូ​រុឺម៉ក​កំពុង​បើក​ឆ្លង​ផ្លូវ ចំ​ម៉ូតូ​រុឺម៉ក​ពាក់​កណ្ដាល​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើងនៅ​តាម​បណ្ដោយ​ផ្លូវ​​ព្រះនរោត្ដម កែង​និង​ផ្លូវ​លេខ​១១០ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ កាល​ពី​វេលា​ម៉ោង​១១និង​៤០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧ ហើយ​សំណាង​ល្អ​ដែល​មិន​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ ។

បើ​តាម​សាក្សី​ពី​ប្រជា​ពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​​ដំបូង​​មាន​​បុរស​​ម្នាក់​​បាន​​បើក​​ម៉ូតូ​រុឺម៉ក ដែល​​ពាក់​​ស្លាក​​លេខ​​ភ្នំពេញ1AU-0394 ​ដោយ​​ដឹក​​ស្ត្រី​​ម្នាក់​​និង​​ក្មេង​​ប្រុស​​ស្រី​​២​​នាក់​លើ​រុឺម៉ក​ម៉ូតូ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១១០ ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​ឆ្លង​ផ្លូវ​ព្រះ​នរោត្ដម ខណៈ​បើក​ឆ្លង​ផ្លូវ​ជិត​ផុត​ទៅ​ហើយ​នោះ ក៏​មាន​រថយន្ត​តាក់​សុី​ខ្មែរ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-631ដែល​បើក​បរ​​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ហើយ​មិន​គោរព​ភ្លើង​ស្ដុប ដោយ​ភ្លើង​ស្ដុប​នៅ​លោត​ពណ៌​ក្រហម រួច​ក៏​បាន​បើក​បុក​រុឺម៉ក​ម៉ូតូ​ចំ​ពី​ចហៀង​ពេញ​ទំហឹង​តែ​ម្ដង បណ្ដាល​ឲ្យ​រុឺម៉ក​ម៉ូតូ​ក្រឡាប់​ផ្ងារ​ជើង​ឡើង​ច្រង៉ាង សំណាង​ល្អ​អ្នក​បើក​និង​ជិះ​ពី​ក្រោយ​រង​របួស​ស្រាល ។

ក្រោយ​ពេល​កើត​ហេតុ ភាគី​ទាំង​សង​ខាង​មិន​បាន​សម្រប​សម្រួល​គ្នា​ទេ ដោយ​ពួក​គេ​មាន​អុីន​សារិន​រៀង​ៗ​ខ្លួន ។

បន្ទាប់​ក្រោយ​មក​សមត្ថកិច្ច​មូល​ដ្ឋាន បាន​ចុះ​មក​ធ្វើ​ការ​វាស់​វែង យក​រថយន្ត​បង្ក​រួម​ទាំង​ម៉ូតូ​រុឺម៉ក​រង​គ្រោះ ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់ ៕