មេ​ឈ្មួញ​គ្រឿង​ញៀន​បាញ់​សម្លាប់​មន្ត្រី ប៉េអិម ត្រូវ​សាលា​ឧទ្ធរណ៍​សម្រេច​ដាក់​គុក​ដដែល

ភ្នំពេញ ៖ ចៅ​ក្រម​សាលា​ឧទ្ធរណ៍ នា​ព្រឹក​ថ្ងៃ​ទី ២៩ ឧសភា ឆ្នាំ ២០១៧ បាន​ប្រកាស​សាល​ដីកា​សម្រេច​តម្កល់​សាល​ក្រម​តុលា​ការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​អោយ​នៅ​ជា​ធរ​មាន​ដដែល​ពាក់​ព័ន្ធ​សំណុំ​រឿង​មេ​ឈ្មួញ​គ្រឿង​ញៀន​មួយ​ក្រុម​ដែល​បាន​បាញ់​សម្លាប់​មន្ត្រី​អាវុធ​ហត្ថ​ក្រុង​ភ្នំពេញ​ម្នាក់ ។

សេចក្ដី​សម្រេច​ថ្មី​នេះ​បាន​បើក​ផ្លូវ​អោយ​ជន​ជាប់​ចោទ​ប្ដឹង​សារទុក្ខ​តាម​កំណត់​ច្បាប់ ។

សូម​រំលឹក​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​ឧសភា​ ឆ្នាំ ២០១៧នេះ​ ឆ្មាំ​គុក​ព្រៃស​បាន​បញ្ជូន​ក្រុម​ឧក្រិដ្ឋ​ជន​៥នាក់​ ដែល​បាន​បាញ់​សម្លាប់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​មួយ​រូប​មក​កាត់​ទោស​ឡើង​វិញ​តាម​បណ្ដឹង​ឧទ្ធរណ៍​របស់​ជន​ជាប់​ចោទ ។

សវនាការ​នេះ​ផ្ដោត​សំខាន់​លើ​សំណុំ​រឿង​គ្រឿង​ញៀន​និង​បទ​​ចូលរួម​ក្រុម​ឧក្រិដ្ឋ​ជន​ ដែល​តុលាការ​បាន​ចោទ​ប្រកាន់​ប៉ុណ្ណោះ ។
រីឯ​រឿង​ក្តី​បាញ់​សម្លាប់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ ឈ្មោះ ទៀន ករុណា ពុំ​ទាន់​ត្រូវ​បាន​សាលាឧទ្ធរណ៍​លើក​យក​មក​ជំនុំជម្រះ​នោះ​ទេ​ ក្រោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផ្ដន្ទា​ទោស​ជន​ជាប់​ចោទ​រួច​ហើយ ។

សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក​ស្រី​ ទិត​សុទ្ធី​ បូរ៉ា​លក្ខណ៍​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​និង​លោក​ ជុំ​ សែន​សទ្ធា​ ជា​តំណាង​មហា​អយ្យការ​ ។

លោក​ស្រី​ចៅក្រម​ ថ្លែង​ថា​ ក្រុម​​ជន​ជាប់​ចោទ​មាន​ឈ្មោះ​ លី កុក​ហ៊ុយ អាយុ៦៤ឆ្នាំ ឈ្មោះ ទី អៀង អាយុ៤៥ឆ្នាំ ឈ្មោះ លី វិរៈ អាយុ៣៧ឆ្នាំ ឈ្មោះ ក្រាវ រិទ្ធារ៉ា អាយុ១៦ឆ្នាំ កម្មករ​ខ្វៃ​ជ្រូក​ និង​ ឈ្មោះ ស៊ុន ដារ៉ូ អាយុ២៣ឆ្នាំ​ ។​ ពួកគេ​ទាំងអស់​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផ្តន្ទា​ទោស​៤ឆ្នាំ​ទៅ​៥ឆ្នាំ​ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​និង​បទ​ចូលរួម​ក្រុម​ឧក្រិដ្ឋ​ជន​ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៧ ខែ​មេសា​ ឆ្នាំ​២០១៦​ នៅ​ខណ្ឌ​ទួលគោក​ ។

ក្នុង​ពេល​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​ធ្វើ​សឹក​សង្គ្រាម ក្រុម​ឧក្រិដ្ផ​ជន​បាន​បាញ់​សម្លាប់​លោក ទៀន ករុណា នៅក្នុងផ្ទះ ហើយ​សមត្ថកិច្ច​បាន​បាញ់​តប​ត​បណ្ដាល​អោយ​ជន​ដៃ​ដល់​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ហើយ​៤​នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន​បាន ដក​ហូត​កាំ​ភ្លើង​វែង​ខ្លី​៤​ដើម ។ក្នុង​គ្រា​ដដែល​នោះ​សមត្ថកិច្ច​ដក​ហូត​រថយន្ត​នគរបាល​ដែល​មាន​បិត​ស្លាក​សញ្ញា​នគរបាល​ឈប់​ចត​នៅ​មុខ​ផ្ទះ​មេ​ខ្លោង​ថ្នាំ​ញៀន​ក្នុង​គោល​បំណង​ស្រាវ​ជ្រាវ​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​បទ​ល្មើស​គ្រឿង​ញៀន​នេះ​តែ​បែរ​ជា​ស្ងាត់​ឈឹង​ដល់​សព្វ​ថ្ងៃ ៕