​សំណាងល្អហើយ!!រថយន្ដ​ដឹក​សិស្ស​កុមារជិត​៣០​នាក់ ក្រឡាប់​​ចូល​ស្រែ​ មិន​មាន​អ្នក​គ្រោះ​ថ្នាក់

ខេត្តកណ្ដាល ៖ រថយន្ត​ដឹក​សិស្ស​មួយ​គ្រឿង របស់​សាលា​អន្តរជាតិ គ័ង គី​ង ដែល​មនា​កុមារ​ជិះ​ក្នុង​រថយន្ត​នោះ​ប្រមាណ​ជិត​៣០​នាក់ បាន​ក្រឡាប់​ធ្លាក់​ចូល​ស្រែ កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ឧសភា ២០១៧ នៅ​ត្រង់​ចំណុច​ផ្លូវលំ ស្ថិត​ក្នុងភូមិ​លាក់​កូប ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល បណ្តាល​ឲ្យ​រថយន្ត រង​កាត​ខូចខាត​បន្តិចបន្តួច ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស​នោះ​ឡើយ ។

បើ​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​ទេសចរណ៍ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2N-2290 បើកបរ​ដោយ​ឈ្មោះ ហិប ចាន់​សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​តៃកុង​ឡាន បាន​បើក​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង លុះដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​ធ្លាក់​ខាងកើត​ផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ធ្លាក់​ចូល​ស្រែ​ក្បែរផ្លូវ បង្ក​ឲ្យ​សិស្ស​ស្រី​ម្នាក់ អាយុ​៨​ឆ្នាំ រង​របួសស្រាល ។

ករណី​ខាងលើ​នេះ​បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​សន្និដ្ឋាន​ជាបឋម​ថា អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បណ្ដាល​ឲ្យ​បើក​ធ្លាក់​ផ្លូវ​ក្រឡាប់​ដោយ​ខ្លួនឯង ហើយ​រថយន្ត​មិន​បាន​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឲ្យ​តាម​ត្រឹមត្រូវ ។ សមត្ថកិច្ច​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​នេះ មាន​ដឹក​សិស្ស​ចំនួន​២៧​នាក់ ប្រុស​៧​នាក់ ដោយ​ពុំ​មាន​អ្នក​រង​របួស ពួក​គេ​ក៏​ត្រូវ​បងប្អូន​ដឹក​យក​ទៅ​ផ្ទះ​អស់ ដោយ​ពុំ​មានការ​ប្ដឹងផ្ដល់​គ្នា​នោះ​ទេ រីឯ​ខាង​សាលា​ក៏​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង​ដែរ ៕