មតិ​ប្រិយមិត្ត​ជុំវិញ​រឿង​ស្ត្រី​រងគ្រោះ​ស្លាប់​ពេល​សម្រាល​កូន​នៅ​ពេទ្យ​ជប៉ុន

ភ្នំពេញ៖ ជា​រឿង​ដែល​គួរឲ្យ​សោកស្ដាយ​ណាស់ ដែល​ស្ត្រី​ពោះ​ធំ​គ្រប់ខែ​ម្នាក់​មាន​សុខភាព​ល្អ តែ​ពេល​សម្រាល​កូន​បែរ​ជា​ជួប​គ្រោះថ្នាក់​ស្លាប់​ទាំង​ម្ដាយ​និង​កូន​ក្នុង​មន្ទីរ​ពេទ្យ​ស្រឡាញ់​ទារក ហៅ​មន្ទីរ​ពេទ្យ​ជប៉ុន ដែល​ស្ថិតនៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ។ មាន​ប្រិយមិត្ត​ជា​ច្រើន​ដែល​បាន​សម្ដែង​សេចក្ដី​សោកស្ដាយ និង​អាណិត​អាសូរ​ចំពោះ​ក្រុម​គ្រួសារ​រងគ្រោះ​ព្រម​ទាំង​សម្ដែង​មតិ​រិះគន់​ខ្លាំង​ៗ​ចំពោះ​មន្ទីរពេទ្យ និង​គ្រូ​ពេទ្យ​ដែល​ខ្វះ​ជំនាញ​ទាំង​នោះ។

មុន​នឹង​លើក​យក​មតិ​រិះគន់​នេះ ដំណឹង​យប់មិញ សូម​លើក​ករណី​មួយ សុំ​សរសើរ​គ្រូ​ពេទ្យ​ល្អ​ម្នាក់ គឺ​លោកស្រី​ប្រធាន​មណ្ឌល​សុខភាព កោះ​កេរ្តិ៍ (ក្នុង​ខេត្ត​ព្រះវិហារ) ដែល​បាន​ជួយ​សម្រាល​កូន​និង​ថែទាំ​សុខ​ភាព​ជូន​ស្ត្រី​ទុរគត​ម្នាក់ ត្រូវ​ប្ដី​ប្រមឹក ស្រវឹង​ខួប​មិន​ខ្វល់ខ្វាយ​ពី​ប្រពន្ធ​ឈឺពោះ​ឆ្លង​ទន្លេ ដោយ​លោក​ស្រី​បាន​យក​រថយន្ត​ផ្ទាល់​ខ្លួន​ទៅ​ដឹក​ស្ត្រី​គ្រប់ខែ​នោះ មក​មណ្ឌល​សុខភាព ដោយ​ទឹក​ចិត្ត​សន្តោស ប្រណី មនុស្សធម៌ និង​ក្នុង​វិជ្ជា​ជីវៈ ខ្ពស់​បំផុត ព្រោះ​ទឹកចិត្ត​ខ្វល់ខ្វាយ គិតគូរ​មនុស្ស​ជាតិ​ដូច​គ្នា ខ្មែរ​ដូច​គ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ។ បើ​មិន​សរសើរ​មិន​បាន។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​១០​និង​១៥​នាទី ថ្ងៃ​ទី ២៤ ឧសភា ២០១៧ មាន​នាង​តូច​អាយុ​៥​ឆ្នាំ​ម្នាក់ (កូន​ស្ត្រី​គ្រប់​ខែ​នោះ) បាន​រត់​ផង យំ​ផង មក​ដល់​មុខ​មណ្ឌល​សុខ​ភាព​បាន​ស្រែក​ហៅ​គ្រូ​ពេទ្យ​ឲ្យ​ទៅ​ជួយ​ម្ដាយ​នាង​តូច​ផង ព្រោះ​ម្ដាយ​នាង​កំពុង​ឈឺ​ពោះ​ឆ្លង​ទន្លេ​តែ​ម្នាក់ឯង។ មនុស្ស​គ្រប់​គ្នា​មាន​សេចក្ដី​រំជួល​ចិត្ត​ជា​ខ្លាំង ម្យ៉ាង​សរសើរ​នាង​តូច​ដ៏​ឆ្លាត​នោះ​ផង ម្យ៉ាង​សរសើរ​លោក​ស្រី​ប្រធាន​មណ្ឌល​សុខភាព​និង​សហការី​ផង។

ដោយ​អំណាច​នៃ​ទឹក​ចិត្ត​មនុស្ស​ធម៌ ចិត្ត​សន្តោស​ប្រណី ជួយ​យក​អាសា​មនុស្ស​កម្សត់​ទុរគត សូម​លោក​ស្រី​និង​សហការី​ទាំង​ក្រុម​គ្រួសារ​ផង ជួប​តែ​សេចក្ដី​សុខ​ចម្រើន ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច និង​រក​ទទួល​ទាន​មាន​បាន។


ចំណែក​មន្ទីរពេទ្យ​ស្រឡាញ់​ទារក កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៧ បាន​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​ស្ត្រី​គ្រប់​ខែ​ឆ្លង​ទន្លេ​ម្នាក់​ស្លាប់ ទាំង​ម្ដាយ​ទាំង​កូន ព្រោះ​តែ​ពេទ្យ​ខ្វះ​បច្ចេកទេស និង​បទ​ពិសោធន៍។ នេះ​បើ​តាម​សម្ដី​បុរស​ជា​ប្ដី​ស្ត្រី​រងគ្រោះ​ដែល​លោក​បាន​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ដែរ បាន​រៀបរាប់ ប្រពន្ធ​ខ្ញុំ​មិន​ស្លាប់​ទេ បើ​គ្រូពេទ្យ​មាន​ជំនាញ ព្រោះ​គាត់​មាន​សុខភាព​ល្អ តែ​នេះ​សុទ្ធតែ​គ្រូពេទ្យ​ក្មេង​ៗ ពេទ្យ​ស្តា ចំណែក​ពេទ្យ​ចាស់​ៗ មិន​រវីរវល់​នឹង​ជួយ​ទេ ដល់​ប្រពន្ធ​ខ្ញុំ​ស្លាប់​បាន​នាំ​គ្នា​ឆ្លេឆ្លា​មក​ជួយ។



ពាក់ព័ន្ធ​រឿង​នេះ មាន​ប្រិយមិត្ត​ជា​ច្រើន បាន​សម្ដែង​មតិ​ដូច​ខាងក្រោម៖

គណនី​ហ្វេសប៊ុក​ឈ្មោះ Khmer Soursdey បាន​សរសេរ​ថា «ថោកទាប ពិត​ជា​គ្មាន​វិជ្ជាជីវៈ​មែន សួរ​ថា​មាន​អី​ឲ្យ​ប្រជាជន​ទុកចិត្ត កាល​ពី​ជាង​1​ឆ្នាំ​មុន​បងថ្លៃ​ខ្ញុំ​រលូត​កូន ចុក ធ្លាក់​ឈាម ក៏​ទៅ​ពេទ្យ​ជប៉ុន​ទាំង​យប់ ពេល​ទៅ​ដល់ ពេទ្យ​ស្រីៗ​កំពុង​អង្គុយ​ចុច​ទូស័ព្ទ​លេង facebook ហើយ​ប្រាប់​ថា​ចាំ​ស្អែក​ទៅ មិន​ខ្ចី​មើល​អ្នក​ជំងឺ ចុក​ពេក​ទ្រាំ​មិន​បាន​គាត់ Call ហៅ​ប្តី​គាត់​ដែល​រវល់​យាម​ប្រចាំ​ការ បើក​ឡាន​មក​ដល់ គាត់​ឃើញ​ប្រពន្ធ​គាត់​ចុក ខ្លាំង​គាត់​ក៏​ស្រែក​ឲ្យ​ពេទ្យ​ថា​មិន​មើល​អ្នក​ជំងឺ បែរ​ជា​នាំ​គ្នា​ចុច​ទូស័ព្ទ បាត់​វិជ្ជាជីវៈ​ជា​ពេទ្យ​ទៅ​ណា​អស់​ហើយ ចឹង (អញ្ចឹង) ទៅ​ទើប​ហៅ​ចូល​ពិនិត្យ​តែ​បង​ខ្ញុំ​ថា ហើយ​គាត់​នាំ​ប្រពន្ធ​ចេញ​ពី​មន្ទីរពេទ្យ​ជប៉ុន មើល​កន្លែង​ផ្សេង​វិញ នេះ​ហើយ​ពេទ្យ​ខ្លះ​ដែល​មិន​គោរព​តាម​តួនាទី​ការងារ។»

គណនី​មួយ​ទៀត​ឈ្មោះ Nimol Malai បាន​ឆ្លើយ​តប​នឹង​មតិ​របស់ Khmer Soursdey ខាង​លើ​ថា « ចឹង (អញ្ចឹង) ហើយ​បាន​ជា​១​ឆ្នាំ​ៗ គេ​យក​លុយ​ឲ្យ​តែ​ពេទ្យ​ថៃ​មក​ពី​ពេទ្យ​ស្រុក​ខ្មែរ​អន់​ចរិក (ចរិត) ពេក ខ្ញុំ​ក៏​ធ្លាប់​ជួប​ផ្ទាល់​ដែរ វា​មិន​មើល​យើង​វា​មធ្យម​ទេ តែ​សម្ដី ជះ​អាចម៍​ទាំង​កន្ថោ​តែម្តង។»

គណនី​ឈ្មោះ ហ៊ាន អភី បាន​សរសេរ​ថា «ពេទ​ស្រុក​យើង ចប់​ហើយ បើ​ចង់​ដឹង​ច្បាស់​ទៅ​សុរិន្ទ ឃើញ​ខ្មែរ​ប៉ុន្មាន​នាក់​ទៅ​ព្យាបាល​នៅ​ទីនោះ។»



គណនី​ឈ្មោះ អូនទែរ ក្បាលខូច បាន​សរសេរ​ថា «ជីវិត​មនុស្ស​ស្លាប់​ដល់​ទៅ​ពី​នាក់ គិត​ទៅ​ពេទ្យ​នៅ​ស្រុក​ខ្មែរ​ចឹង (អញ្ចឹង) គ្មាន​ការ​ទទួលខុសត្រូវ​អ្វី​ទេ​មិន​យក 70 ទុក​ដាក់​ឡើយ។ ដាក់​ពាក្យ​ប្តឹង​ទៅ ស្លាប់​ថ្ងៃ​នឹង (ហ្នឹង) ស្អែក​រស់​ឡើង​វិញ​មែន?»

គណនី​ឈ្មោះ Virak Presre បាន​សរសេរ​ថា «កុំ​តែ​ខ្ញុំ​យក​កូន​ទៅ​គន្ធបុប្ផា​ទាន់ មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​ទេ កើត​បាន​១​ថ្ងៃ​គ្មាន​មក​មើល​បន្តិច រហូត​ដល់​ពេញ​១​យប់»

គណនី​ឈ្មោះ យក្ស កំណាច បាន​សរសេរ​ថា «យក​វា​ដាក់​គុក​ទៅ ពួក​វា​ឃើញ​តែ​លុយ​ៗៗៗៗៗ ទេ។

គណនី​ឈ្មោះ វុ ទ្ធី បាន​សរសេរ​ថា «អាណិត​ក្មេង​កំព្រា​ពីរ​នាក់​នេះ​ណាស់ ព្រះ​អើយ ម្ដាយ​ស្លាប់​ចោល​យ៉ាង​អាណោចអាធម៌»

គណនី​ឈ្មោះ Oun Leak បាន​សរសេរ​ថា «ពេទ្យ​នឹង (ហ្នឹង) ច្រើន​ដង​ហើយ ញុម (ខ្ញុំ) ក៏​ធ្លាប់​ផ្ញើ​ពោះ​នៅ​ពេទ្យ​នឹង (ហ្នឹង) ដែរ​យាយ (និយាយ) រួម​ទៅ​គឺ​មុខ​លុយ​ម៉ង (តែម្ដង)។»

គណនី​ឈ្មោះ Srey Love បាន​សរសេរ​ថា «តាម​ជនបទ​មាន​សុវត្តិភាព ហើយ​អស់​លុយ​តិច។»

គណនី​ឈ្មោះ Van Da បាន​សរសេរ​ថា «អ្នក​ប្រើ បសស ពេទ្យ​មិន​យក​ចិត្ត​ទុក​ដាក់ តើ​ពិត​អត់ បើ​ពិត​ប្រើ បសស ឥត​ប្រយោជន៍ កាត់​លុយ​រាល់​តែ​ខែ។»

គណនី​ឈ្មោះ Bo Samen បាន​សរសេរ​ថា «សុំ​ចូលរួម​រំលែក​ទុក្ខ​ផង​បង!»

ទោះ​ជា​យ៉ាង​ណា​មហាជន​កំពុង​រង់ចាំ ការ​បក​ស្រាយ​ពី​មន្ទីរ​ពេទ្យ។ មក​ទល់​ថ្ងៃ​នេះ មន្ទីរពេទ្យ​មិន​ទាន​មាន​ការ​បកស្រាយ​ណា​មួយ​ចំពោះ​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ និង​មហាជន​នៅ​ឡើយ​ទេ។