ផឹក​ស្រា​ស្រវឹង ទាស់​សម្ដី​គ្នា ចាក់​សម្លាប់​ក្នុង​ថ្លុក​ឈាម

ប្រទេស​ថៃ ៖ ពលករ​ខ្មែរ​ម្នាក់ ដែល​ចូល​ទៅ​ធ្វើការ​ជា​កម្មករ​បេះ​ផ្លែ​ឈើ នៅ​ក្នុង​ប្រទេស​ថៃ​បាន​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោច​អាធ័ម ខណៈ​ដែល​ជន​រង​គ្រោះ​ជា​មួយ​នឹង​មិត្ត​រួម​ការងារ​ដែល​ជា​ខ្មែរ​ដូច​គ្នា បាន​ជួប​ជុំ​ផឹក​ស៊ី​បន្តិច​បន្តួច​ហើយ​បាន​ទាស់​សំដី​គ្នា ទៅ​វិញ​ទៅ​មក រហូត​ឈាន​ដល់​ការ​ចាក់​សម្លាប់​គ្នា​ឯង​តែ​ម្តង ។

យោង​តាម​របាយការណ៍​របស់​ភាគី​ថៃ​ដែល​យើង​ទទួល​បាន​គឺ ហេតុ​ការ​នៃ​អំពើ​ឃាតកម្ម​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ យប់ ថ្ងៃទី ២៩ ខែឧសភាឆ្នាំ២០១៧ ត្រង់ចំណុច​ក្នុង​បរិវេណ​ចំការ​មៀន​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​៨ ឃុំ​ថាប់​ឆាង ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទបុរី ប្រទេស​ថៃ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម ក្រុម​តម្រួត​ជំនាញ​ថៃ​បាន​ចុះ​ប្រតិបត្តិ​ការ​ទៅ​កាន់​ទី​តាំង​ខាង​លើ ដោយ​សង្គេត​ឃើញ​ថា ជន​រងគ្រោះ​ដែល​ដេក​ស្លាប់​នៅ​ក្រោម​ដើម​មៀន នោះ​មាន​ឈ្មោះ សេ ជា​ពល​ករ​ខ្មែរ មក​ធ្វើការ​ជា​កម្មករ​បេះ​ផ្លែ​ឈើ ជា​មួយ​នឹង​កម្មករ​ជា​ច្រើន​នាក់​ទៀត​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដូច​គ្នា ដោយ​នៅ​លើ​ខ្លួន​ប្រាណ​ផ្នែក​ខាង​ឆ្វេង​មាន​ស្នាម​ចាក់​ដោយ​កាំបិត​ពាស​ពេញ​រាង​កាយ បណ្ដាល​អោយ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម ឯ​ជន​បង្ក​ដែល​មាន​គ្នា​៣​នាក់ ក៏​បាន​គេច​ខ្លួន​បាត់​អស់​ទាំង​យប់ ដោយ​ឃាត​កម្ម​នេះ​បាន​កើត​ឡើង​ដោយ​សារ​តែ​ទំនាស់​ពាក្យ​សំដី​ក្នុង​ពេល​ផឹកស៊ី នៅ​ក្នុង​ចំការ​មៀន រហូត​ឈាន​ដល់​ការ​ចាក់​សម្លាប់​គ្នា តែ​ម្ដង ។

ក្រោយ​ពី​បាន​ធ្វើ​ការ​សាក​សួរ និង​ស្រាវ​ជ្រាវ​ទៅ​លើ​កម្មក​ដ​ទៃ​ទៀត​រួច​មក​ទើប​ដឹង​ថា​ជន​សង្ស័យ​ដែល​ជា​ឃាត​ករ​មាន​ឈ្មោះ ១. អយ គឹមសុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​អាយុ ពិសិដ្ឋ ភេទប្រុស អាយុ​២៩​ឆ្នាំ និង៣. រេត វីរៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ជន​ទាំង​៣​នាក់ ជា​ពលករ​ខ្មែរ​ដែល​ចូល​មក​ធ្វើកា​រក្នុង​ប្រទេស​ថៃ​តាម​ច្រក​តំបន់​អូរ​រំដួល ក្នុង​ស្រុក​ភ្នំ​ព្រឹក ខេត្ត​បាត់ដំបង ។

ភ្លាម​ៗ​នោះ​ដែរ ក្រុម​តម្រួត​បាន​បោះ​ដៃ​ទៅ​តាម​បណ្ដា​កំលាំង​ដែល​ឈរ​ជើង​ពី​ចំណុច​កើត​ហេតុ រហូត​ដល់​ខ្សែ​បន្ទាត់​ព្រំដែន ស្រុក​ភ្នំព្រឹក ទី​បំផុត​ក៏​ត្រូវ​ចាប់​ខ្លួន​បាន ដោយ​បច្ចុប្បន្ន​ក្រុម​តម្រួត​ថៃ​ក៏​បាន​ប្រគល់​ទៅ​អោយ​កំលាំង​ជំនាញ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី ឯ​សព​ក៏​ត្រូវ​បាន​តម្រួត​កំពុង​ចាត់​ចែង​រក​សាច់​ញាតិ​ដើម្បី​បញ្ជូន​ចូល​មក​កម្ពុជា​វិញ ក្នុង​ការ​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕