ជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​រ៉ឺម៉ក បណ្ដាល​ឲ្យ​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម

ក្រុង​តា​ខ្មៅ៖​ គ្រោះ​​ថ្នាក់​​ចរាចរណ៍​​បណ្តាល​​ឲ្យ​ស្លាប់​​យ៉ាង​​អាណោច​​អាធ័ម​​កាល​​ពី​​វេលា​​ម៉ោង​២២.​​១០​​នាទី​​យប់​​ថ្ងៃ​​ទី​​២៩​​ខែ​​ឧសភា ឆ្នាំ ២០១៧ នៅ​ចំណុច​​ផ្លូវ​លេខ​២១B ភូមិ​ភូមិ​ថ្មី​១ សង្កាត់​​តាខ្មៅ​ ក្រុង​តាខ្មៅ​ ខេត្ត​​កណ្ដាល ​។

ជន​រង​គ្រោះ​ឈ្មោះ អុីវ សុខហេង ភេទ​ ប្រុស​ អាយុ ១៧ឆ្នាំ មុខ​របរ​នៅ​ផ្ទះ​បច្ចុប្បន្ន​​រស់​នៅ​ភូមិ​ ភូមិថ្មី១ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល ​។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ឈ្មោះ មៃ សុីម ភេទ ស្រី អាយុ ៣៤ ឆ្នាំ ស្នាក់​នៅ​បណ្តោះ​អាសន្ន​​ផ្ទះ​​ជួល ភូមិព្រែក​សំរោង១ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩.​០៥​.២០​១៧ វេលា​ម៉ោង​ប្រមាណ ១០​.១០​នាទី​យប់​ខណៈ​ពេល​ដែល​ខ្លួន​កំពុង​តែ​អង្គុយ​លក់​នៅ​ផ្ទះ​ជួល​របស់​ខ្លួន (ជាប់​ផ្លូវ​លេខ​២១​ខាង​កើត​ផ្លូវ​នៅ​ខាង​ជើង​សាលា​រៀន​វិទ្យាល័យ​ហ៊ុន​សែន​តាខ្មៅ ចំងាយ​ប្រមាណ​ជាង​៥០​មែត្រ)​ស្រាប់​តែ បាន​ឃើញ​រុឺម៉ក​៣​គ្រឿង​បាន​ឈប់​តំ​រៀប​គ្នា​នៅ​ខាង​លិច​ផ្លូវ​២១B​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ទល់​មុខផ្ទះ​ជួល​របស់​ខ្លួន​ដើម្បី​ចូល​ចាក់​សាំង​ដោយ​រុឺម៉ក​ទី​៣​ឈប់​ក្រោយ​គេ​បាន​លាន​កន្ទុយ​ចេញ​មក​ក្រៅ បាន​ប្រហែល ០៥ នាទី​ក្រោយ​មក ស្រាប់​តែ​មាន ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA C១២៥​ពណ៌​ខ្មៅ​ជិះ​តែ​ម្នាក់​ឯង​ដោយ​មិន​ពាក់​អាវ​និង​ស្លៀក​ខោ​ខាវ​ប៊យ​ជើង​វែង​ពណ៌​ទឹក​ប៊ិច ដោយ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បាន​ទៅ​បុក​កន្ទុយ​រុឺម៉ក​ទី​៣ ផ្នែក​ខាង​ឆ្វេង ដែល​កំពុង​ឈប់​នោះ​បណ្តាល​ឲ្យ​ស្លាប់​មួយ​រំពេច ។

បន្តិច​ក្រោយ​មក​ក៏​ឃើញ​ក្រុម​គ្រួសារ​របស់​សព​ដឹក​យក​ទៅ​បាត់​តែ​ម្តង បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​ក្រុង​តាខ្មៅ ទទួល​បាន​ដំណឹង​នេះ​ដោយ​មាន​ការ សហការណ៍​ជា​មួយ​និង​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​​ខេត្ត​កណ្តាល បាន​ចុះ​ទៅ​ពិនិត្យ​សាកសព ដល់​នៅ​ផ្ទះ​របស់​សព ។

ក្រោយ​ពេល​ពិនិត្យ​លើ​សាក​សព​រួច​សមត្ថកិច្ច​ប្រគល់​សាក​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕