នាយ​រង​ការិយាល័យ​ផ្នែក​គ្រឿង​ចក្រ​ធំ​ក្រសួង​សាធារណៈ​ការ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​មក​តុលា​ការ​

ភ្នំពេញៈ តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ងិន ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​29 ខែ​ឧសភា ឆ្នាំ2017 កំពុង​សាក​សួរ​មន្ត្រី​ក្រសួង​សាធារណៈការ​ម្នាក់​ដែល ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​តាម​ដីកា​បង្គាប់​របស់​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពាក់​ព័ន្ធ​ករណី​រំលោភ​លើ​ទំនុក​ចិត្ត​មាន​សាច់​ប្រាក់​ជាង​៥​ម៉ឺន​ដុល្លារ ។

ជន​ជាប់​ចោទ​ឈ្មោះ សឿម អង្គារាសី ភេទ​ប្រុស​អាយុ៤៣ឆ្នាំ ជា​នាយ​រង​ការិយាល័យ​ផ្នែក​គ្រឿង​ចក្រ​ធំ​ក្រសួង​សាធារណៈ​ការ ។

លោក សឿម អង្គារាសី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២៨ឧសភាឆ្នាំ ២០១៧ តាម​​ដីកា​បង្គាប់​របស់​លោក ចៅក្រម សាន សុផាត ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​តាម​មាត្រា ៣៩១ មាត្រា​៣៩២​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

ក្នុង​ដី​កា​បង្គាប់​ឲ្យ​​ចាប់​ខ្លួន​នេះ បាន​យោង​លើ​សាល​ក្រម​កំបាំង​មុខ​របស់​ចៅ​ក្រម​តុលា​ការ​ដែល​បាន​ផ្ដន្ទា​ទោស​ឈ្មោះ សឿម អង្គារាសី ដាក់​ពន្ធ​នាគារ​កំណត់​២​ឆ្នាំ បង្គាប់​ឲ្យ​សង​សំណង​រដ្ឋ​ប្បវេណី​ដល់​ឈ្មោះ សែម វណ្ណៈ និង​ជំងឺ​ចិត្ត​៣០០០​ដុល្លារ ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត។

អង្គហេតុ ដែល​បណ្ដាល​អោយ​មាន​ការ​ចោទ​ប្រកាន់​ផ្ដន្ទា​ទោស និង​ការ​ចាប់​ខ្លួន​លោក សឿម អង្គារាសី គឺ​បាន​ផ្ដើម​កាល​ពី​ឆ្នាំ​២០១៥ លោក សឿម អង្គារាសី បាន​ចុះ​កិច្ច​សន្យា​ប្រគល់​កិច្ចការ​សាង​សង់​អគា​រដ្ឋបាល​សាលា​ស្រុក​ថ្ម​បាំង ខេត្ត​កោះ​កុង ឲ្យ​មក​លោក សែម វណ្ណៈ ក្នុង​តម្លៃ​ទឹក​ប្រាក់ ៥៧២៥០​ដុល្លារ ។

ក្រោយ​សាក​សួរ​នៅ ជន​ជាប់​ចោទ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ស្នង​ការ​វិញ រង​ចាំ តុលា​ការ​បន្ត​នីតិ​វិធី ៕