ឆក់​កាបូប​មិន​បាន​សម្រេច​ត្រូវ​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច

ភ្នំពេញ​៖​ ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​បក្ខ​ពួក​៤​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​មិន​បាន​សម្រេច​នៅ​សង្កាត់​បឹង​កេង​កង១​សមត្ថ​កិច្ច​ដេញ​តាម​ក្របួច​បាន​នៅ​ផ្លូវ​២៧១​ចំណុច​មុខ​ក្លឹប​ផប ខណៈ​បក្ខ​ពួក​២​នាក់​ផ្សេង​ទៀត​បាន​គេច​ខ្លួនបា​ត់​ស្រមោល ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អាធ្រាត​ឈាន​ចូល​២៨​ខែ​ឧសភា​ឆ្នាំ​២០១៧​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។

បើ​តាម​សមត្ថកិច្ច​បាន​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គឺ​ជន​សង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​២​នាក់​មិន​បាន​សម្រេច​ត្រូវ​ជន​រងគ្រោះ​ស្រែក​ឆោ​ឡោ​ផ្អើល​ដល់​សមត្ថកិច្ច​ដែល​ល្បាត​នៅ​ជិត​កន្លែង​កើត​ហេតុ​ក៏​បាន​ដេញ​តាម​រហូត​មក​ដល់​ផ្លូវ​២៧១​ត្រង់​ចំណុច​មុខ​ក្លឹប​ផប​ទើប​ក្របួច​២​នាក់​និង​ម៉ូតូ​ម៉ាក​សង់​បុិច​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BJ​.21​18​ ចំណែក​គ្នា​គេ​២​នាក់​ទៀត​បាន​គេច​ខ្លួន​បាត់​ស្រមោល។

ជន​សង្ស័យ​ទី១​មាន​ឈ្មោះ​និត ម៉ានណា​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​ស្នាក់​នៅ​ព្រែកតា​ម៉ាក់​ស្រុក​ខ្សាច់​កណ្ដាល ខេត្តកណ្ដាល
ជន​សង្ស័យ​ទី​២​ឈ្មោះ ជូន ចាន់ ម៉ារ៉ាឌី​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខ​របរ​មិន​ពិត​ប្រាក​ដស្នាក់​នៅ​ភូមិ​ព្រែក​តាម៉ាក់​ ស្រុកខ្សាច់កណ្ដាល។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បាន​នាំ​យក​ជន​សង្ស័យ​ទាំង​២​នាក់​និង​វត្ថុតាង​ទៅ​ប៉ុស្តិ៍​បឹង​កេង​កង១​ ដើម្បី​សាក​សួរ​និង​បញ្ជូន​បន្ត​ទៅ​អធិការ​នគរបាល​ខណ្ឌ​ចំការមន​ចាត់​ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​ ចំណែក​ជន​រងគ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នោះ​ទេ ៕