មន្រ្តី​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ សម្រប​សម្រួល​ឲ្យ​ដោះ​លែង​ពល​រដ្ឋ​ខ្មែរ​៨​នាក់ បន្ទាប់​ពី​ចាប់​ខ្លួន

រាជធានី​ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ឆ្នាំ​២០១៧​ថា ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​សាកែវ ប្រទេស​ថៃ បាន​រាយ​ការណ៍​ជូន​ក្រសួង​ការ​បរទេស និង សហ​ប្រតិបត្តិ​ការ​អន្តរជាតិ ពី​កិច្ច​អន្តរាគមន៍​សម្រប​សម្រួល​ឲ្យ​មាន​ការ​ដោះ​លែង​ពល​រដ្ឋ​ខ្មែរ​ចំនួន ៨ នាក់ (ក្នុង​នោះ​មាន​ទារិកា​ម្នាក់) ដែល​ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ​ចាប់​ឃាត់​ខ្លួន ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ការ​ឃាត់​ខ្លួន​នេះ មន្រ្តី​ស្ថាន​អគ្គ​កុង​ស៊ុល បាន​ជួប​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជា​មួយ​ទាហាន​ឈុត​ខ្មៅ និង​ពល​រដ្ឋ​ខ្មែរ​ទាំង​នោះ ។

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​លើក​ឡើង​ថា នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧ វេលា​ម៉ោង​ប្រមាណ​១៤​និង​៣០ ទាហាន​ឈុត​ខ្មៅ​ថៃ បាន​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​​៨​នាក់ មាន​ឈ្មោះ (១) រ៉េត ហឿន ភេទ​ប្រុស អាយុ​២៣ឆ្នាំ    (២) រ៉ែម ចំរើន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ  (៣) ហាន ណាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ  (៤) សង អួន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ        (៥) សាន ភាព ភេទ​ស្រី អាយុ​២៣​ឆ្នាំ  (៦) ហាន ឡេន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ (៧) កែម សល់ ភេទស្រី អាយុ​២៩​ឆ្នាំ (ដែល​ជា​ម្តាយ​របស់​ទារិកា អាយុ​១​ខែ​១៥​ថ្ងៃ)។

ពល​រដ្ឋ​ទាំង​នោះ រស់​នៅ​ភូមិ​ស្រម៉​ធំ ឃុំ​ដារុន ស្រុក​សូត្រនិគម ខេត្ត​សៀមរាប បាន​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​តាម​ច្រក​របៀង​ក្បែរ​ផ្សារ​រោង​ក្លឿ (កាន់​ប័ណ្ណ​ស៊ី​ជម្ពូ) ដោយ​បង់​ប្រាក់​៧០០​បាត​ក្នុង​ម្នាក់ ឲ្យ​ទៅ​មេ​ខ្យល់ ដើម្បី​ទៅ​ធ្វើការ​នៅ​ខេត្ត​ឈុន​បុរី ប៉ុន្តែ​ពេល​ឆ្លង​ដែន ក៏​ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ចាប់​ឃាត់​ខ្លួន រួច​បញ្ជូន​ទៅ​ទី​ស្នាក់​ការ​ទាហាន​ឈុត​ខ្មៅ​លេខ​១២ ។

ក្រោយ​ពី​បាន​សម្រប​សម្រួល​និង​សុំ​ការ​អធ្យា​ស្រ័យ ទាហាន​ឈុត​ខ្មៅ​ថៃ បាន​យល់​ព្រម​ដោះ​លែង​ពល​រដ្ឋ​ខ្មែរ​ទាំង​៨​នាក់ ដោយ​បាន​ប្រគល់​ទូរស័ព្ទ​ដៃ និង​ប័ណ្ណ​ស៊ី​ជម្ពូ​ឲ្យ​ពួក​គាត់​វិញ​ផង​ដែរ។

មន្រ្តី​ស្ថាន​អគ្គ​កុង​ស៊ុល បាន​ណែ​នាំ​ពល​រដ្ឋ​ខ្មែរ​ទាំង​នោះ  ជៀស​វាង​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ប្រទេស​ថៃ​វិញ ដែល​អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ឬ​ដាក់​ពន្ធនាគារ​ពី​សំណាក់​អាជា្ញធរ​ថៃ។ ពួក​គាត់​បាន​ឯក​ភាព​តាម​ការ​ណែ​នាំ​នេះ ហើយ​សន្យា​ថា​នឹង​ទាក់​ទង​ទៅ​និយោជក​ថៃ ដើម្បី​ធ្វើ​លិខិត​ឆ្លង​ដែន​និង​ឯក​សារ​ពាក់​ព័ន្ធ​ចូល​ធ្វើការ​ដោយ​ស្រប​ច្បាប់​ក្នុង​ប្រទេស​ថៃ។ 

ស្ថាន​អគ្គ​កុង​ស៊ុល បាន​សហការ​ជា​មួយ​អាជ្ញាធរ​ពាក់​ព័ន្ធ​ថៃ បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំង​៨​នាក់ ត្រឡប់​មក​កម្ពុជា​វិញ ដោយ​សុវត្ថិភាព នៅ​យប់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ២០១៧ វេលា​ម៉ោង​១៩:១៥ នាទី៕