ក្រុម ISIS មក​ដល់ប្រទេស​​ថៃ​ហើយ?​

អាជ្ញាធរ​ថៃ​បាន​និង​កំពុង​ចាត់វិធានការ​តឹង​រឹង​សន្តិសុខបំផុត​សម្រាប់​អ្នក​ចូល​ប្រទេស​ថៃ ដោយសារ​ប្រភព​ចារកម្ម​បាន​រាយការណ៍​ថា​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម (ISIS) បាន​គ្រោង​នឹង​ចូល​មក​ធ្វើ​សកម្មភាព​នៅ​ភាគ​ខាងត្បូង​ថៃ ។

ពេល​នេះ បណ្តាញ​ក្រុម ISIS ហាក់​កំពុង​បង្វែរ​គោលដៅ​មក​កាន់​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ដែល​មាន​ចលនា​អ៊ី​ស្លា​ម ក្នុង​នោះ​ប្រទេស​ហ្វី​លី​ពី​នក៏​បាន​និង​កំពុង​មានការ​បាញ់​ប្រ​យុ​ទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​និង​ក្រុម​ជ្រុលនិយម​អ៊ី​ស្លា​ម ។

យោង​តាម​សារព័ត៌មាន​រុ​ស្ស៊ី​បាន​ផ្សាយ​ថា យ៉ាង​ហោច​ណាស់​កងទ័ព​រដ្ឋាភិបាល​និង​ពួក​សកម្ម​ប្រ​យុ​ទ្ធ​អ៊ី​ស្លា​ម​ចំនួន​៤៦​នាក់​បាន​ស្លាប់ ​(កងទ័ព​រដ្ឋាភិបាល​ស្លាប់​១៥​នាក់​) នៅ​ក្នុង​ការ​ប្រ​យុ​ទ្ធ​គ្នា​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៧ នៅ​ក្នុង​ទីក្រុង Marawi ដែល​ការ​បើក​ការ​ប្រ​យុ​ទ្ធ​ពី​សំណាក់​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​នេះ​ក្នុង​បំណង​កម្ទេច​ក្រុម ISIS ដើម្បី​ជា​ការ​សងសឹក​ដែល​ក្រុម ISIS បាន​កាត់​ក្បាល​មេ​ប៉ូលិស​ម្នាក់​កាលពី​ថ្ងៃ​ទី​២៤​ខែឧសភា ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​​ហ្វី​លី​ពី​ន ឌូ​ទែ​រ​តេ ប្រញាប់ប្រញាល់​មក​កាន់​ប្រទេស​វិញ បន្ទាប់​ពី​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​រុ​ស្ស៊ី​បាន​ប៉ុន្មាន​ម៉ោង​នោះ ៕