ចាប់​ខ្លួន​ជន​ជាតិ​វៀត​ណាម​ម្នាក់ ដក​ហូត​ថ្នាំញៀន​ប្រភេទ​គ្រាប់​៩៩៩​គ្រាប់ និង​ថ្នាំ​ម្សៅ​​៥​គីឡូ

ព្រៃវែង៖ បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់ រួម​ជា​មួយ​ថ្នាំ​ប្រភេទ​គ្រាប់​៩៩៩​គ្រាប់ និង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ប្រមាណ​៥​គីឡូ​ក្រាម ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បន្ទាយ​ចក្រី​បង្រ្កាប​បាន នៅ​ច្រក​ទ្វារ​បន្ទាយ​ចក្រី ក្នុង​ស្រុក​ព្រះ​ស្តេច ខេត្ត​ព្រៃវែង ខណៈ​ជន​សង្ស័យ​កំពុង​ជួញ​ដូរ​គ្រឿង​ញៀន យក​ទៅ​ចែក​ចាយ​បន្ត​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា ។

សូម​បញ្ជាក់​ថា ជន​សង្ស័យ​មាន​ឈ្មោះ ង្វៀង វាំង​ភុក អាយុ​២១​ឆ្នាំ ជា​ជន​ជាតិ​វៀត​ណាម មុខ​របរ​បើកបរ​រថយន្ត​ឈ្នួល ពី​បន្ទាយ​ចក្រី ទៅ​ភ្នំពេញ​មាន​ទី​លំ​នៅ ភូមិ​ធី ឃុំ​ថុងប៊ិន ស្រុក​តាំហុង ខេត្ត​ដុងថាប់ ប្រទេស​វៀតណាម ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត សហការ​ជា​មួយ​កម្លាំង​ច្រក​ទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ចាប់​ខ្លួន​បាន​កាល​ពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៥ ឧសភា ២០១៧ នេះ ។

ស្នង​ការ​នគរបាល​ខេត្ត​ព្រៃវែង លោក​ឧត្តម​សេនីយ៍ទោ ស្រេង ជា អោយ​ដឹង​ថា ជន​សង្ស័យ​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ខណះ​រូប​គេ​ប៉ុន​ប៉ង​យក​ថ្នាំ​ញៀន​ខាង​លើ ចូល​មក​ចែក​ចាយ​នៅ​កម្ពុជា តាម​ច្រក​អន្តរ​ជាតិ​បន្ទាយ​ចក្រី ស្ថិត​ក្នុង​ស្រុក​ព្រះ​ស្តេច ខេត្ត​ព្រៃវែង ។

យ៉ាង​ណា​មិញ​បច្ចុប្បន្ន ជន​សង្ស័យ និង​វត្ថុ​តាង​ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ នៅ​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត រង​ចាំ​បន្ត​នីតិវិធី​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ ៕