ឪពុក​ចុង​ប្រើ​ហឹង្សា​លើ​កូន​ប្រកាស​សាល​ក្រម​ថ្ងៃ​ទី​៩.០៦.២០១៧

ភ្នំពេញ​៖​សំណុំ​រឿង​ប្រធាន​អង្គ​ការ​ក្តី​សង្ឃឹម​នៃ​ពល​រដ្ឋកម្ពុ​ជា​​ជា​​ជន​ជាប់​ចោទ​ប្រើ​អំពើ​ហិង្សា​លើ​កូន​ស្រី​ដើម​ដែល​ជា​អនីតិ​ជន បាន​ត្រូវ​តុលា​ការ​លើក​យក​មក​​បើក​​សវនា​ការ​ជា​បន្ត​បន្ទាប់​ ខណះ​ដែល​​ជន​ជាប់​ចោទ​​គេច​វេះ​​ពុំ​ចូល​​សវនា​ការ​ ។​ លោក​ សេង​ លាង​ ចៅ​ក្រម​ជំនុំ​ជម្រះ​​សាលា​​ដំបូង​​រាជធានី​​ភ្នំពេញ​ កំណត់​យក​​រសៀល​​ថ្ងៃ​​ទី​៩​ ខែ​​មិថុនា​ ខាង​​មុខ​​នេះ​ ដើម្បី​​ប្រកាស​​សាល​ក្រម​ផ្តន្ទា​ទោស​លើ​ជន​ជាប់​​ចោទ​តាម​កំណត់​ច្បាប់ ។

មហា​ជន​មួយ​​ចំនួន​រង់​ចាំ​​មើល​​ថា​ តើ​ជោគ​វាសនា​​របស់​ ជន​ជាប់​ចោទ​​ឈ្មោះ​ ភុំ​ មុនីរ័ត្ន​ នឹង​​ត្រូវ​​តុលា​ការ​​សម្រេច​​យ៉ាង​ដូច​ម្ដេច​ ?

ប្រធាន​អង្គការ​រូប​នេះ​ឈ្មោះ​ភុំ មុនីរត័្ន អាយុ​២៧​ឆ្នាំ មាន​​ទី​លំ​នៅ​ផ្ទះ​លេខ​២៧ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ត្រូវ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់​ទង​ទៅ​នឹង​ជន​រងគ្រោះ​ជា​អនីតិជន តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​អោយ​ស៊ើប​សួរ ចុះ​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ​២០១៦ ប៉ុន្តែ​ជន​ត្រូវ​ចោទ​ខាង​លើ​នេះ​ស្ថិត​នៅ​ក្រៅ​ឃុំ​យ៉ាង​រំ​ភើយ។

មាត្រា​២១៩ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ឃើញ​ថា ប្រធាន​អង្គការ​រូប​នេះ​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ឋនាគារ​ពី​២​ឆ្នាំ ទៅ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ ១០​លាន​រៀល បើ​សិន ជា​តុលាការ​រក​ឃើញ​ថា​មាន​​ពិរុទ្ធ​ភាព​ដូច​ការ​ចោទ​ប្រកាន់​នេះ​មែន ។

ក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​អោយ​ស៊ើប​សួរ​បាន​បញ្ជាក់​ថា ឈ្មោះ មាស ឡេង ភេទប្រុស អាយុ​៤៥​ឆ្នាំ បាន​ទៅ​លេង​កូន​
ស្រី​បង្កើត​របស់​គាត់​ឈ្មោះទូច សុម៉ានិតា អាយុ​១២​ឆ្នាំ និង ទូច មុនីនាថ អាយុ​៧​ឆ្នាំ នៅ​សាលា​រៀន​ពិភព​ថ្មី ។

ពេល​នោះ​ឈ្មោះ​ទូច មុនីនាថ បាន​ប្រាប់ ឪពុក​ថា បង​ស្រី​ឈ្មោះទូច សុម៉ានិតា ត្រូវ​ឪពុក​ចុង​ឈ្មោះភុំ មុនីរ័ត្ន ប្រើ​អំពើ​ហិង្សា​វាយ​ដំ ចាប់​បង្ខំ​ពួក​ខ្លួន​ទាំង​២​នាក់​បង​ប្អូន​អោយ​ចូល​ទៅក្នុងបន្ទប់ រួច​ស្រាត​ខោ​អាវ​ចេញ​រួច​នៅ​សល់​តែ​ខោ​ជើង​ខ្លី រួច​ក៏​យក​រំពាត់​ឬស្សី​វាយ​កូន​ស្រី​ទាំង​២​នាក់ អោយ​របួស​ស្នាម​លើ​ដង​ខ្លួន ដៃ និង​ជើង យ៉ាង​ធ្ងន់​ធ្ងរ ។

បន្ទាប់​ពី​បាន​លឺ​កូន​ស្រី​ប្រាប់​ហើយ ឈ្មោះ​មាស ឡេង បាន​សុំ​អោយ​អ្នក​គ្រូ​ទទួល​បន្ទុក​ថ្នាក់​របស់​កូន​ស្រី​ឈ្មោះ អ្នកគ្រូ វណ្ណ រី ជួយ​ឆែក​និង​ពិនិត្យ​លើ​រូប​រាង​កាយ កូន​ស្រី​ឈ្មោះ​ទូច សុម៉ានិតា ឃើញ​មាន​ស្នាម​របួស​ជាំ ឈាម​នៅ​លើ​ផ្លូវ​របស់​កូន ហើយ​ក៏​បាន ថត​ទុក​ជា​ភស្តុ​តាង ។

តាម​ការ​អះ​អាង​ពី​កុមារី​ទាំង​២​នាក់​ខាង​លើ​នេះ​ថា ឈ្មោះភុំ មុនីរ័ត្ន ត្រូវ​ជា​ឪពុក​ចុង​តែង តែ​ប្រើ​អំពើ​ហិង្សា​វាយ​ដំលើ​ខ្លួន​ប្រាណ​ធ្ងន់​ធ្ងរ​និង​ផ្លូវ​ចិត្ត​របស់​អ្នក​ទាំង​២​ជា​ប្រចាំ ពេល​ខ្លះឈ្មោះ​ភុំ មុនីរ័ត្ន បាន​អោយ​អ្នក​ទាំង​២​លុត​ជង្គង់​រយៈ​ពេល​២​ទៅ​៣​ម៉ោង​និង​យក​រំពាត់​ឬស្សី វាយ​ធ្វើ​បាប និង​គំរាម​កំហែង​មិន​អោយ​និយាយ​ប្រាប់​អ្នក​ណា​ឡើយ បើ​ហ៊ាន​និយាយ​ប្រាប់​គេ នឹង​វាយ​ធ្វើ​បាប​កាន់​តែ​ខ្លាំង​ជាង​មុន​ទៀត រហូត​ដល់​ពួក​ខ្លួន​ទ្រាំ​លែង​បាន ក៏​លួច​រត់​ទៅ​ផ្ទះ​អ៊ុំ ឈ្មោះ​ពេជ្រ សុភាព និង អ៊ុ ឈ្មោះសៀក វណ្ណារី អោយ​ជួយ​ពួក​ខ្លួន​ទៅ​ជួប​ឪពុក​ឈ្មោះ មាស ឡេង វិញ ព្រោះ​ពួក​ខ្លួន​ពុំ​ចង់​ជួប​និង​រស់​នៅ​ជា​មួយ​ម្តាយ​ឈ្មោះពេជ្រ ចិន្តា និង​ឪពុក​ចុង​ឈ្មោះ ភុំ មុនីរ័ត្ន ដោយ​ខ្លាច​ថ្ងៃ​ណា​មួយ​ឪពុក​ចុង​ចាប់​រំលោភ​សេព​សន្ថវៈ ។

ក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​អោយ​ស៊ើប​សួរ​នេះ លោក​ព្រះ​រាជ​អាជ្ញារង​ ខាំ សុផារី បាន​ស្នើ​ដាក់​ជន​ត្រូវ​ចោទ​នេះ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ដើម្បី​បង្ការ​ឬ​បញ្ចប់​បទ​ល្មើស​កុំ​អោយ​កើត​ឡើង​ជា​ថ្មី និង ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់​ការ​តាម​នីតិ​វិធី ។

ប៉ុន្តែ​នៅ​ដំណាក់​កាល​ចៅ​ក្រម​ស៊ើប​សួរ​​ពុំ​បាន​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះភុំ មុនីរ័ត្ន នេះ​ទេ គ្រាន់​តែ​ដាក់​អោយ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​​ប៉ុណ្ណោះ​ ​៕

​ប្រភព​ពី​ហ្វេស​ប៊ុក Chaya Nea