បុរស​ជន​ជាតិ​អាមេរិក​ម្នាក់ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ពាក់​ព័ន្ធ​គំរាម​ហែក​កេរ្ត៍

ភ្នំពេញ ៖ បុរស​ជន​ជាតិ​អាមេរិក​កាំង​ម្នាក់ ត្រូវ​បាន​នគរបាល​ផ្នែក​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​ចាប់​ខ្លួន​បញ្ជូន​ឡើង​តុលាការ​កាល​ពី​សៀល​ថ្ងៃទី ២៦ ឧសភា ឆ្នាំ ២០១៧​ពាក់​ព័ន្ធ​និង​បទ​ល្មើស​គំរាម​កំហែង​ហែក​កេរ្ត៍ ។​ជន​សង្ស័យ​ឈ្មោះ mark Alan vade water ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជន​ជាតិ​អាមេរិក​កាំង ។​

លោក​ព្រះ​រាជអាជ្ញា​រង លី សុផាណា កំពុង​សាក​សួរ​ជន​សង្ស័យ​នៅ​ឡើយ ។

ពាក់​ព័ន្ធ​ករណី​នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សាលា​ដំបូង​បាន​អោយ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី ១៨ ឧសភា ឆ្នាំ ២០១៧​កន្លង​ទៅ មាន​​ជន​ជាតិ​អាមេរិក​ម្នាក់​បាន​ទទួល​សារ​អេឡិច​ត្រូនិច​មួយ​គំរាម​ទា​ប្រាក់​មួយ​មុឺន​ដុល្លារ បើ​មិន​អោយ​ប្រាក់​ទេ​ម្ចាស់​សារ​គំរាម​ថា នឹង​ប្រាប់​ទៅ​វៀត​ណាម​ថា ប្ដី​មាន​ស្រី​នៅ​ស្រុក​ខ្មែរ ។

ក្នុង​ខ្លឹម​សារ​គំរាម​នេះ​ម្ចាស់​សារ​បាន​បង្គាប់​អោយ​ជន​រង​គ្រោះ​ផ្ញើរ​លុយ​មក​តាម​វិញ​ចំនួន​៥​ខ្សែ​គឺ ក្នុង​មួយ​ខ្សែរ​តម្រូវ​ឲ្យ​ដាក់​លុយ​ចំនួន​២០០០​ដុល្លារ ។

ក្រោយ​ពី​បាន​ទទួល​សារ​គំរាម​កំហែង​ហែក​កេរ្ត៍​នេះ ជន​រង​គ្រោះ​មាន​អារម្មណ៍​ភិត​ភ័យ ទំនង​មាន​ស្រី​មែន​ក៏​មិន​ដឹង ក៏​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​សមត្ថកិច្ច​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា ។

​ក្រោយ​មក​សមត្ថកិច្ច​បាន​ស្រាវ​ជ្រាវ រហូត​ឈាន​មក​ចាប់​ខ្លួន​លោក mark Alan vade water បញ្ជូន​មក​តុលា​ការ​ចាត់​ការ​តាម​ច្បាប់​ដោយ​មិន​ទាន់​ដឹង​ថា​តំណាង​អយ្យការ​ចោទ​ប្រកាន់​នូវ​បទ​ល្មើស​អ្វី​ជា​ផ្លូវ​ការ​ឡើយ ៕