ចង់​ស្រួល​ខ្លួន​ឯង តែ​អ្នក​ដ៏​ទៃ​លំ​បាក​រហូត​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​បន្ដ​គ្នា

ភ្នំពេញ ៖ ក្រុម​សន្តិសុខ​នៅ​ខារ៉ា​អូខេ “ព្រីនស៏ ខេធីរី”បាន​រយ៉ែ​រថយន្ត​ភ្ញៀវ​ចេញ​ពី​ខារ៉ា​អូខេ ហើយ​បង្អាក់​រុឺម៉ក​ម៉ូតូ​កង់​បី​ឲ្យ​ឈប់ ខណៈ​ពេល​នោះ​ក៏​ត្រូវ​រថយន្ត​៣​គ្រឿង​បើក​មក​ពី​ក្រោយ​យ៉ាង​លឿន​ហើយ​បុក​បន្ត​កន្ទុយ​គ្នា​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​ទាំង​រុឺម៉ក​និង​រថយន្ត​៣​គ្រឿង​នោះ ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ដែរ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អាធ្រាត ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​មុខ​ខារ៉ា​អូខេ “ព្រីនស៏ ខេធីរី” តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង១ ខណ្ឌ​ចំការ​មន ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​គាត់​បាន​បើក​រុឺម៉ក​ម៉ូតូ​កង់​បី​មក​ពី​ស្ដុប​បូក​គោ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​មុខ​ខារ៉ាខេ ដែល​ជា​កន្លែង​កើត​ហេតុ ក៏​មាន​សន្តិសុខ​យាម​កន្លែង​នោះ​បាន​ដើរ​ចេញ ហើយ​បង្អាក់​ដំណើរ​របស់​គាត់ ដើម្បី​រយ៉ែ​រថយន្ត​ភ្ញៀវ​ចេញ​មុន​ឲ្យ​ស្រួល ភ្លាម​នោះ​ក៏​មាន​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែន​ឌ័រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-1936 រថយន្ត​បង្ក​ម៉ាក ម៉ា​ស្ដារ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ2AF-6938 ត្រូវ​បាន​រថយន្ត​បង្ក​ម៉ាក​លុច​សុីស RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AN-5224 បាន​បើក​មក​ពី​ក្រោយ​រុឺម៉ក​ម៉ូតូ​កង់​បី​យ៉ាង​លឿន ហើយ​បាន​បុក​បន្ត​កន្ទុយ​គ្នា​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​៣​គ្រឿង​និង រុឺម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ។

ក្រោយ​ពេល​កើត​ហេតុ​រួច​មក ភាគី​ទាំង​សង​ខាង​បាន​សម្រប​សម្រួល​គ្នា ដោយ​ភាគី​ខាង​រុឺម៉ក​ម៉ូតូ​កង់​បី ត្រូវ​បាន​រថយន្ត​មក​បុក​បី​ក្រោយ​សងថ្លៃ​ខូត​ខាត​ចំនួន៣០$ ដើម្បី​បញ្ចប់​រឿង​នៅ​និង​កន្លែង ។ ដោយ​ឡែក​ភាគី​ខាង​រថយន្ត​បង្ក​ទាំង​៣​គ្រឿង​ខាង​លើ​នោះ ក៏​បាន​ចេញ​សង​ថ្លៃ​ខូច​ខាត​អ្នក​ដែល​បុក​បន្ត​បន្ទាប់​ផង​ដែរ ៕