ឃាត់​ខ្លួន​ជន​ជាតិ​វៀត​ណាម​២៩​នាក់ នៅ​សង្កាត់​ច្បារ​អំពៅ​២ ចូល​មក​ធ្វើ​ការ និង​រស់​នៅ​ដោយ​ខុស​ច្បាប់

រាជធានីភ្នំពេញ: ជន​ជាតិ​វៀត​ណាម​ប្រុស​ស្រី​២៩​នាក់ ត្រូវ​កម្លាំង​នគរបាល​នាយក​ដ្ឋាន​ស៊ើប​អង្គេត និង​អនុវត្ត​នីតិ​វិធី នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃ សហការ​ជា​មួយ​នគរបាល​អន្តោ​ប្រវេសន៍​រាជធានី​ភ្នំពេញ ធ្វើ​ការ​ឃាត់​ខ្លួន នៅ​ចំណុច​ផ្ទះ​លក់​កាហ្វេ​ជា​ច្រើន​តាម​បណ្តោយ​ផ្លូវ​៣៦៩ ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ នា​វេលា​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១៧ ពាក់​ព័ន្ធ​នឹង​ការ​ចូល​មក​ធ្វើ​ការ និង​រ​ស់​នៅ​ដោយ​ខុស​ច្បាប់ ។

ប្រតិបត្តិ​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​ធ្វើ​ឡើង ក្រោម​ការ​ដឹក​នាំ​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្គេត និង​អនុវត្ត​នីតិ​វិធី នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃ និង ព្រះរាជ​អាជ្ញារ​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ។

ក្នុង​ប្រតិបត្តិ​ការ​ខាង​លើ សមត្ថកិច្ច​បាន​ត្រួត​ពិនិត្យ​លើ​ជន​ជាតិ​វៀតណាម​ជា​ច្រើន ប៉ុន្តែ​រក​ឃើញ​មាន ២៩​នាក់ ដែល​ពួក​គេ​គ្មាន​លិខិត​ឆ្លង​ដែន និង​ច្បាប់​អនុញ្ញាតិ​ការងារ​ត្រឹម​ត្រូវ ដូច្នេះ​ពួក​គេ​ត្រូវ​បាន​ឃាត់​ខ្លួន​ភ្លាមៗ បញ្ចូន​ទៅ​កាន់​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ដើម្បី​បន្ត​នីតិ​វិធី ។

លោក​ឧត្តម​សេនីយ៍អ៊ុក ហៃសីឡា ប្រធាន​នាយក​ដ្ឋាន​ស៊ើប​អង្គេត និង​អនុវត្ត​នីតិ​វិធី បាន​បញ្ជាក់​អោយ​ដឹង​ថា ចំពោះ​ជន​បរទេស​ណា ដែល​ចូល​មក​រស់​នៅ និង​ធ្វើការ​ដោយ​ខុស​ច្បាប់ ដោយ​គ្មាន​ភ្ជាប់​ជា​មួយ​លិខិត​ឆ្លង​ដែន ឬ​ឯក​សារ​ពាក់​ព័ន្ធ​ផ្សេង​នោះ ពួក​គេ​នឹង​ត្រូវ​ឃាត់​ខ្លួន​បញ្ចូន​ទៅ​កាន់​អគ្គនាយក​ដ្ឋាន​អន្តោ ប្រវេសន៍ ដើម្បី​កសាង​សំណុំ​បែប​បទ​ស្នើរ​ទៅ​ក្រសួង​មហា​ផ្ទៃ​សុំ​ធ្វើ​ការ​បណ្តេញ​ចេញ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ដើម​ខ្លួន​វិញ នៅ​ពេល​ខាង​មុខ ៕