រថយន្ត​ស៊េរី​ទំនើប​RANGER​បើក​បុក​គូទ​រថយន្ត​បាឡែន​បង្ក​ជម្លោះ​ពេញ​ផ្លូវ

ភ្នំពេញ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក​RANGER​បើក​បុក​គូទ​រថយន្ត​បាឡែន​រង​ការ​ខូច​ខាត​រួច​ជជែក​វែក​ញែក​បង្ក​ជា​ជម្លោះ​ពេញ​ផ្លូវ ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១៧​នៅ​តាម​បណ្ដោយ​ផ្លូវ​មហា​វិថី​ព្រះមុន្នីវង្ស​ត្រង់​ចំណុច​មុខ​ខារ៉ា​ខេព្រីមស៌​ជិត​ស្តុបបូកគោ​ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​១​ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​បាន​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​បាន​ឡែន​ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE​.8139​បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជា​មួយ​នារី​ស្រស់​ស្អាត​៤​នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​មហា​វិថី​ព្រះ​មុន្នីវង្ស​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ខណៈ​មក​ដល់​កន្លែង​កើត​ហេតុ​ស្រាប់​តែ​មាន​រថយន្ត​ម៉ាក​RANGER​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AM.​5616​បើក​បរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជា​មួយ​នារី​ស្រស់​ស្អាត​និង​បុរស​ម្នាក់​ទៀត​ទិស​ដៅ​ស្រប​គ្នា​បើក​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់​បាន​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​បាឡែន​ចំ​ពី​ក្រោយ​បណ្ដាល​រង​ការ​ខូច​ខាត​កំពិត​គូទ​ក្រោយ​ភ្លាមៗ​អ្នក​បើក​រថយន្ត​RANGER​បាន​ចុះ​មក​រក​រឿង​អ្នក​បើក​រថយន្ត​បាន​ឡែ​និង​បាន​ប្រើ​ពាក្យ​សម្ដី​មិន​សម​រម្យ​ជា​ច្រើន​ទៅ​ម្ចាស់​រថយន្ត​រងគ្រោះ​ហើយ​បាន​ប្រកែក​គ្នា​ឡូ​ឡា​ពេញ​ផ្លូវ ។ បន្ទាប់​មក​បាន​រក​រឿង​អ្នក​សារ​ព័ត៌​មាន​ថែម​ទៀត ។

បន្ទាប់​ពី​ប្រកែក​គ្នា​អស់​រយះ​ពេល​យ៉ាង​យូ​ទើប​សម្រប​សម្រួល​គ្នា ត្រូវ​ដោយ​ខាង​ភាគី​រថយន្ត​ស៊េរី​ទំនើប​RANGER​សុខ​ចិត្ត​នាំ​យក​រថយន្ត​រងគ្រោះ​ទៅ​ជួស​ជុល​អោយ​ដើម្បី​បញ្ចប់​រឿង ៕