អាយុ​ទើប​១៤​ឆ្នាំ ក្លាយ​ជា​ “អគ្គនាយក”ដឹក​នាំ​ខាង​លួច​ម៉ូតូ

ភ្នំពេញ ៖ យុវជន​ម្នាក់​អាយុ​ទើប​តែ​១៤​សោះ តែ​អ្វី​ដែល​លេច​ធ្លោះ​គួរ​ឲ្យ​កត់​សំគាល់​នោះ ត្រង់​ថា ក្លាយ​ខ្លួន​បង​ធំ​មេ​ដឹក​នាំ​ក្រុម​សកម្ម​ខាង​ដើរ​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ ទៅ​វិញ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោមចៅ​រួម​សហការ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់​ខ្លួន​បាន​បន្ទាប់​ពួក​គេ ធ្វើ​សកម្មភាព​លួច​ម៉ូតូ បាន​សម្រេច​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែនជ័យ ហើយ​តាម​ចាប់​បាន ត្រង់​ចំណុច មុខ​ផ្សារ​ជម្ពូ​វ័ន ផ្លូវ​ជាតិ​លេខ​៤ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យុវ​ជន​វ័យ​ក្មេង​ខ្ចី ជា​បង​ធំ ជា​មេ​ក្លោង ខាង​ដើរ​លួច​មាន​ឈ្មោះ នេត ឡេ អាយុ​១៤​ឆ្នាំ ជា​មេ​ដឹក​នាំ​ក្រុម មាន​ទី​លំ​នៅ​ភូមិ​គោក​បញ្ជាន់ សង្កាត់​ចោមចៅ ។
ទី២​ឈ្មោះ សុខ វណ្ណៈ ភេទ ប្រុស អាយុ​២៥​ឆ្នាំ មុខ​របរ មិន​ពិត​ប្រាកដ មាន​ទីលំ​នៅ ភូមិ​គោកបញ្ជាន់ ។

ចំណែក​បក្ខ​ពួក​ម្នាក់​ទៀត រត់​គេច​ខ្លួន​បាត់ មាន​ឈ្មោះ ធូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​នាយ​រង​ក្រុម​ដើរ​លួច ។

ចំណែក​ជន​រង​គ្រោះ​លើក​ចុង​ក្រោយ​នេះ​មាន​ឈ្មោះ ហុង សុរិយា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខ​របរ​កម្មករ​រោង​ចក្រ ស្នាក់​នៅ​ផ្ទះ​ជួល ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ។

ដោយ​ឡែក​ម៉ូតូ​ដែល​ក្រុម​សង្ស័យ ធ្វើ​សកម្មភាព​លួច ម៉ាក MSX ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង 1J-5649 ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​បវេលា​ម៉ោង​២​រំលង​អាធ្រាត​ចូល​ថ្ងៃ​ទី​២៤ ខែ​ឧសភា ក្រុម​ជន​សង្ស័យ ដឹក​នាំ​ដោយ ជន​សង្ស័យ​ឈម​រាវ ឈ្មោះ នេត ឡេ នាំ​គ្នា​ទៅ​ធ្វើ​សកម្ម​ភាព ឆ្កឹះ​សោ​បន្ទប់​ជួល ចូល​កាច់​សោ.ក​ម៉ូតូ​MSX បាន​សម្រេច​ហើយ តែ​ម៉ូតូ​ធាក់​មិន​ឆេះ ទើប​ពួក​គេ នាំ​គ្នា​រុញ ម៉ូតូ​ដល់​ចំណុច​មុខ​ផ្សារ​ជម្ពូវ័យ ស្រប​ពេល​ដែល នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ប្រកាស​តាម​វិទ្យុ​ទាក់​ទង ជុំ​វិញ​ករណី កាច់​សោក​ម៉ូតូ​ខាង​លើ ទើប​កម្លាំង​ប៉ុស្តិ៍ នគរ​បាល​ចោម​ចៅ ចេញ​ពួក​ស្ទាក់ ហើយ​ចាប់​ឃាត់​ខ្លួន បាន​បង​ធំ​វ័យ​ក្មេង​ខាង​លើ​ម្នាក់ ដែល​រត់​អត់​ទាន់​គេ ចំណែក​២​នាក់​ទៀត រត់​គេច​បាត​ជើង​សព្រាត ទៅ​បាត់ ។ នគរបាល​បន្ត​ទៀត​ថា ក្រោយ​ពី​ចាប់​ខ្លួន​បង​ធំ​ដើរ​លួច​ខាង​លើ​បាន នាំ​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង លុះ​រហូត​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា​នេះ នាំ​បង​ធំ​ទៅ​តាម​ចាប់ បក្ខ​ពួក​ជា​កូន​ក្រុម​បាន​ម្នាក់​ទៀត នៅ​ភូមិ​គោក​បញ្ជាន់ សង្កាត់​ចោម​ចៅ រី​ឯ​ជន​សង្ស័យ​ម្នាក់​ទៀត​រត់​គេច​ខ្លួន​បាត់ ហើយ​ឆែក​ត​ក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៨​កញ្ចប់​តូច ។

តាម​ចម្លើយ​សារ​ភាព​ផ្ទាល់ ចំពោះ​មុខ​កាម៉េរ៉ា អ្នក​សារ​ពត៌មាន យុវ​ជន ឈ្មោះ នេត ឡេ បាន​ឲ្យ​ដឹង​ថា រូប​គេ​អាយុ​ទើប​១៤​ឆ្នាំ ធ្លាប់​ដើរ​ធ្វើ​សកម្មភាព​លួច​តាំង​ពី​អាយុ​១០​ឆ្នាំ​មក​ម្លេះ ហើយ​ចូល​មក​ដល់​ឆ្នាំ​២០១៧ រូប​គេ​ក្លាយ​ជា​មេ​ដឹក​នាំ​ក្រុម ខាង​ដើរ​លួច ធ្លាប់​ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​បាន​សម្រេច​ចំនួន​៣​លើក​មក​ហើយ លើក​ចុង​ក្រោយ បាន​សម្រេច​ហើយ ម៉ូតូ​អត់​ឆេះ ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​បាន​តែ​ម្តង ។

យុវជន​ខាង​លើ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ម៉ូតូ​ក្រោយ​ពី​លួច​បាន យក​ទៅ​លក់​នៅ ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ បាន​លុយ​៣០០​ដុល្លា យក​មក​ចែក​គ្នា​៣​នាក់ និង​ទិញ​ថ្នាំ​ញៀន​ជក់ ។

អ្វី​ដែល​មិន​នឹក​ស្មាន​ដល់ យុវជន នេត ឡេ បាន​អះ​អាង រៀប​រាប់​ពី​សមាសភាព​និង​តួរ​នាទី​ក្នុង​ក្រុម​ដើរ​លួច ថា​រូប​គេ​ជា​មេ​ដឹក​នាំ ឈ្មោះ ធូ អាយុ​១៥​ឆ្នាំ ជា​នាយ​រង​ក្រុម បាន​រត់​គេច​ខ្លួន​បាត់ ចំណែក ជន​សង្ស័យ​ឈ្មោះ សុខ វណ្ណៈ ចាស់​ជាង​គេ​នេះ ជា​កូន​ក្រុម មុខ​របរ​ពួក​គេ​ខាង​ដើរ​លួច មិន​រើស​មុខ ។

ជនសង្ស័យ ទាំង​២​នាក់​ក្រោយ​ពី​ឃាត់​ខ្លួន​បាន នាំ​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ សាក​សួរ​ចាត់​ការ​បន្ត​ទៅ​តាម​នីតិ​វិធី ៕