ផ្សារ​ទំនើប​ស្ទឹងមានជ័យ​ថ្មី ផ្ញើ​ម៉ូតូ​យក​លុយ​មុន ពេល​បាត់​មិន​ទទួល​ខុសត្រូវ​ភ្លាមៗ​ទេ!

ភ្នំពេញ៖ ស្ត្រី​ម្នាក់​បាន​មក​ផ្សារ​ទំនើប​ស្ទឹងមានជ័យ​ថ្មី ហើយ​បាន​យក​ម៉ូតូ​ទៅ​ផ្ញើ ដើម្បី​ចូល​ទិញ​ឥវ៉ាន់ ពេល​ដែល​មក​យក​ម៉ូតូ​​វិញ​​បាត់​ម៉ូតូ​ពីកន្លែង​ផ្ញើ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​១៥​យប់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី នៅ​ភូមិ​ទ្រា៣ សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ។

បើ​តាម​សម្ដី​ស្ត្រី​ដែល​ជា​ម្ចាស់​ម៉ូតូ​មាន​ឈ្មោះ ចាន់ រដ្ឋា អាយុ​៣៦ មុខ​របរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​១ ​សង្កាត់​ស្ទឹង​​មាន​ជ័យ ខណ្ឌ​មានជ័យ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​ល្ងាច រូប​នាង​បាន​ជិះ​ម៉ូតូ​ម៉ាក ZOOMER X ពណ៌ស​ ពាក់​ស្លាក​លេខ តាកែវ 1M-5061 យកទៅ​ផ្ញើ ហើយ​ក៏​ដើរ​ចូល​ទៅ​ក្នងផ្សារ ដើម្បី​ទិញ​អីវ៉ាន់ ពេល​ដែល​​ទិញ​អីវ៉ាន់​រួច ក៏​ត្រឡប់​មក​យក​ម៉ូតូ​នៅ​កន្លែង​ផ្ញើ​វិញ ស្រាប់​តែ​អត់​ឃើញម៉ូតូ របស់​គាត់​ទេ ហើយ​ក៏​បាន​​សួរ​ទៅអ្នក​ទទួល​​ផ្ញើ​ថា ពូអត់ឃើញម៉ូតូ​ខ្ញុំ​ទេ ពេល​នោះ​អ្នក​ផ្ញើ​បាន​ដើរ​មក​រក​មើល​មួយ​​ស្របក់ ​រួច​បានឆ្លើយតប​មក​​វិញ​ថា ម៉ូតូ​ចែ​ឯង​បាត់​ហើយ។​ ពេល​ដឹង​ថា​បាត់​ម៉ូតូហើយ​ខាង​អ្នក​ផ្ញើ​នៅ​ផ្សារ​ទំនើប​ស្ទឹង​មាន​ជ័យ​ថ្មី ​ហាក់​បី​ដូច​គ្មាន គិត​គូរ​​ដល់​គាត់​សោះ ទើប​គាត់​សម្រេច​ចិត្ត មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹង​មាន​ជ័យ ដើម្បី​ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់​ផង។

លុះ​ដល់​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​២៥ ​ខែឧសភា ឆ្នាំ​២០១៧ ទើប​សមត្ថកិច្ច បាន​ហៅ​ខាង​មេការ​​ខាង​អ្នក​ផ្ញើ​​ម៉ូតូ​ មក​ដោះស្រាយជាមួយ​ភាគី​ខាង​ម៉ូតូ ហើយ​ខាង​មេការ​បាន​សន្យា ជាមួយ​ភាគី​ខាងម៉ូតូ ឲ្យ​រង់ចាំ​១០​ថ្ងៃ​ទៀត ចាំ​មក​ដោះស្រាយ​គ្នា ម៉្យាង​ទៀត ចាំពួក​គេ​រាយការណ៍​ទៅ​ថ្នាក់​លើ​សិន ធ្វើ​ឲ្យ​ភាគី​ខាង​ម៉ូតូ​ខាត​​ពេល​វេលា និង​អត់​អី​ជិះ​ទៅ​ណា​មក​ណា ហើយ​គាត់​​បាន​លើក​ឡើង​ទៀត​ថា ពេល​ដែល​អ្នក​ទៅ​ផ្ញើ​ម៉ូតូ ខាង​អ្នក​ផ្ញើ​បាន​យក​លុយ​មុន ​ហើយ​ដល់​បាត់​ម៉ូតូ​គេ បែរ​ជា​មិន​​ព្រម​គិត​គូ​ភ្លាម​ៗ ដូច​យក​លុយ​សោះ។

បើតាមសម្ដីពីសមត្ថកិច្ចបាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​កន្លែង​ផ្ញើ​ម៉ូតូ​នៅ​ផ្សារទំនើប​ស្ទឹង​មាន​ជ័យ​ថ្មី​នេះ​ឧស្សា​បាត់​​ម៉ូតូ​គេ​ណាស់​ក្នុង​មួយ​ខែ ២លើក ទៅ​៣​លើក ឯណោះ៕