ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច​រត់​មិន​រួច ពល​រដ្ឋ​ស្ទាក់​​ចាប់​ដាក់​មួយ​ចាស់​ដៃ

ភ្នំពេញ ៖ ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្រ្តីម្នាក់ កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រូវ​បាន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ស្រែក​នាំ​គ្នា​ព័ទ្ធ​ស្ទាក់​ចាប់​ខ្លួន​បាន​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច កាល​ពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​ឧសភា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​ផ្លូវ​សហ​ព័ន្ធ​រុស្សី មុខ​ផ្សារ​សុិន​ជូរី ភូមិ​តាងួន សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ ។

ជន​សង្ស័យ​ទាំង​២​នាក់ ឃាត់​ខ្លួន​បាន​ទី​១ ឈ្មោះ​ ហៃ សុធា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខ​រប​រ​មិន​ពិត​ប្រាកដ មាន​ទី​លំ​នៅ​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។
ទី២ ឈ្មោះ ឌី វិច្ឆ័យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខ​របរ​បុគ្គលិក​ក្រុម​ហ៊ុន​ឯក​ជន ស្នាក់​នៅ​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំកា​រមន ជា​អ្នក​បើកបរ​ម៉ូតូ ។

​ ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស៊ុយ​ហ្ស៊ុយ​គី​លេត ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1FY-2270 ជា​មធ្យោបាយ​សម្រាប់​ធ្វើ​សកម្មភាព​ដើរ​ឆក់ ដើរ​លួច ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ ជន​សង្ស័យ​ជិះ​ម៉ូតូ​ចេញ​ពី​កោះ​ពេជ្រ ធ្វើ​ដំណើរ​កាត់​មក​តាម​ផ្លូវ​សហ​ព័ន្ធ​រុស្សី ពី​កើត​ទៅ​លិច មក​ដល់​ចំណុច​ខាង​លើ ឃើញ​ស្រ្តី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ម៉ាក​Zoomer x និយាយ​ទូរស័ព្ទ ដោយ​មាន​បុរស​ម្នាក់​ជា​អ្នក​បើក​បរ ពី​លិច​ទៅ​កើត ឆ្លៀត​ឱកាស​ជន​សង្ស័យ បត់​ម៉ូតូ​ត្រឡប់​ក្រោយ ធ្វើ​សកម្ម​ភាព​ឆក់​យក​ទូរស័ព្ទ ម៉ាក​ i phone6 pluse ពណ៌​ខ្មៅ ពី​ដៃ​បាន​សម្រេច ហើយ​ជិះ​រត់​គេច ទៅ​ខាង​ក្រោយ​ផ្សារ​សុិន​ជូរី ភ្លាមៗ​ត្រូវ​បាន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ឃើញ​ហេតុ​ការណ៍ ស្រែក​ដេញ ស្ទាក់​ចាប់​បាន ត្រង់​ចំណុច​ភូមិ​ប៉ប្រ៉ក​ត្បូង សង្កាត់​កាកាប ក៏​ប៉ុន្តែ​ក្រោយ​ពី​ជន​សង្ស័យ​ធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច​ហើយ ជន​រង​គ្រោះ មិន​បាន​ឈប់ ឬ​មក​ប្តឹង​សមត្ថកិច្ច​ទេ នគរបាល​រង​ចាំ ម្ចាស់​ទូរស័ព្ទ​ជា​ជន​រង​គ្រោះ​មក​ប្តឹង និង​សាក​សួរ​បន្ត ។

តាម​ចម្លើយ​សារ​ភាព ជន​សង្ស័យ​ហាក់​បី​ដូច​ជា ឆ្លើយ​ដាក់​គ្នា នូវ​ទង្វើរ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ គ្រាន់​តែ​បញ្ជាក់​ឲ្យ​ដឹង​ថា ឆក់​ពី​ស្រ្តី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​សហព័ន្ធ បាន​ទូរស័ព្ទ ម៉ាក I phone6 pluse មួយ​គ្រឿង ។

ក្រោយ​ពី​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​កាកាប សាក​សួរ​និង​កសាង​សំណុំ​រឿង បញ្ជូន​ទៅ​ផ្នែក​ជំនាញ រួម​ជា​មួយ​វត្ថុ​តាង ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ម៉ូតូ​មួយ​គ្រឿង ដើម្បី​ចាត់​ការ​បន្ត​ទៅ​តាម​នីតិ​វិធី ៕